សេចក្ដីផ្ដើម
១ ខ្ញុំ ស៊ីម៉ូនសិលា ជាអ្នកបម្រើ និងជាគ្រីស្តទូត*របស់ព្រះយេស៊ូគ្រីស្ត* សូមជម្រាបមកបងប្អូនដែលបានទទួលជំនឿ ដោយសារសេចក្ដីសុចរិត*របស់ព្រះយេស៊ូគ្រីស្តជាព្រះជាម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។ ជំនឿរបស់បងប្អូនក៏មានតម្លៃដូចជំនឿរបស់យើងដែរ។ ២ សូមព្រះជាម្ចាស់ប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដ មកបងប្អូន ឲ្យបានបរិបូរណ៌ ដោយបងប្អូនបានស្គាល់ព្រះអង្គ និងស្គាល់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។
ព្រះជាម្ចាស់ត្រាស់ហៅគ្រីស្តបរិស័ទ
៣ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ប្រទានឲ្យយើងមានអ្វីៗទាំងអស់ សម្រាប់ជីវិតរស់នៅ និងសម្រាប់គោរពប្រណិប័តន៍ព្រះអង្គ។ ឫទ្ធានុភាពនោះនាំយើងឲ្យស្គាល់ព្រះអង្គ ដែលបានត្រាស់ហៅយើង ដោយសារសិរីរុងរឿងរបស់ព្រះអង្គផ្ទាល់ និងដោយសារព្រះបារមីរបស់ព្រះអង្គ។ ៤ ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។ ៥ ហេតុនេះ បងប្អូនត្រូវខ្នះខ្នែងឲ្យអស់ពីសមត្ថភាព បន្ថែមកិរិយាល្អឥតខ្ចោះពីលើជំនឿ បន្ថែមការស្គាល់ព្រះអង្គពីលើកិរិយាល្អ ៦ បន្ថែមការចេះទប់ចិត្តពីលើការស្គាល់ព្រះអង្គ បន្ថែមការព្យាយាមតស៊ូពីលើការចេះទប់ចិត្ត បន្ថែមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ពីលើការព្យាយាមតស៊ូ ៧ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។ ៨ ប្រសិនបើបងប្អូនមានគុណសម្បត្តិទាំងនេះពេញបរិបូណ៌ក្នុងខ្លួនហើយ គុណសម្បត្តិទាំងនេះមុខជានាំបងប្អូនឲ្យមានសកម្មភាព និងបង្កើតផល ដើម្បីបានស្គាល់ព្រះយេស៊ូគ្រីស្ត* ជាព្រះអម្ចាស់របស់យើងយ៉ាងច្បាស់។ ៩ ផ្ទុយទៅវិញ បើអ្នកណាគ្មានគុណសម្បត្តិទាំងនេះទេ អ្នកនោះជាមនុស្សខ្វាក់ មើលឃើញមិនបានវែងឆ្ងាយ គេភ្លេចថាព្រះជាម្ចាស់បានលាងជម្រះគេពីអំពើបាប ដែលគេប្រព្រឹត្តពីអតីតកាល។ ១០ ហេតុនេះ បងប្អូនអើយ ចូរខំប្រឹងយកចិត្តទុកដាក់ ធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់ព្រះជាម្ចាស់ បានកាន់តែខ្ជាប់ខ្ជួនឡើងថែមទៀត។ ធ្វើយ៉ាងនេះ បងប្អូនមុខជាមិនជំពប់ដួលឡើយ។ ១១ ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងព្រះរាជ្យ* ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះរាជ្យរបស់ព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង។
១២ ហេតុនេះ ខ្ញុំនឹងរំឭកដាស់តឿនបងប្អូនអំពីសេចក្ដីទាំងនោះជានិច្ច ទោះបីបងប្អូនបានដឹង និងនៅតែកាន់តាមសេចក្ដីពិត ដែលបងប្អូនបានទទួលយ៉ាងខ្ជាប់ខ្ជួនហើយក៏ដោយ។ ១៣ ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំឭកបងប្អូនឲ្យភ្ញាក់ស្មារតី។ ១៤ ខ្ញុំដឹងថា ខ្ញុំនឹងត្រូវលាចាកលោកនេះក្នុងពេលឆាប់ៗខាងមុខ ដូចព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់នៃយើងបានសម្ដែងឲ្យខ្ញុំដឹងស្រាប់។ ១៥ ប៉ុន្តែ ខ្ញុំនឹងខ្នះខ្នែងធ្វើយ៉ាងណា ឲ្យបងប្អូនអាចនឹកឃើញសេចក្ដីទាំងនោះ គ្រប់កាលៈទេសៈទាំងអស់ ក្រោយពេលខ្ញុំចាកលោកនេះទៅ។
បន្ទាល់អំពីសិរីរុងរឿងរបស់ព្រះយេស៊ូ
១៦ យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូន ឲ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រីស្ត*ជាព្រះអម្ចាស់នៃយើង និងឲ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ ផ្ទាល់នឹងភ្នែកតែម្ដង ១៧ ដ្បិតព្រះអង្គបានទទួលកិត្តិនាម និងសិរីរុងរឿងពីព្រះជាម្ចាស់ជាព្រះបិតាមក នៅពេលដែលមានព្រះសូរសៀងលាន់ឮ ចេញពីសិរីរុងរឿងដ៏ឧត្តុង្គឧត្ដមមកកាន់ព្រះអង្គថាៈ “នេះជាព្រះបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!”។ ១៨ យើងបានឮព្រះសូរសៀងនេះពីលើមេឃមក កាលយើងនៅជាមួយព្រះអង្គនៅលើភ្នំដ៏វិសុទ្ធ។ ១៩ យើងក៏មានពាក្យព្យាការី*បានថ្លែងទុកមកផងដែរ ដែលជាគោលមួយដ៏មាំមួន។ បើបងប្អូនផ្ចង់ចិត្តទៅកាន់ពាក្យនេះ ពិតជាត្រឹមត្រូវហើយ ព្រោះពាក្យនេះប្រៀបបាននឹងចង្កៀងដែលបំភ្លឺក្នុងទីងងឹត រហូតដល់ថ្ងៃរះ និងរហូតដល់ផ្កាយព្រឹករះឡើង ក្នុងចិត្តបងប្អូន។ ២០ ជាបឋម សូមបងប្អូនជ្រាបថា គ្មាននរណាម្នាក់អាចបកស្រាយពាក្យរបស់ព្យាការី ដែលមានចែងទុកមកក្នុងគម្ពីរ តាមគំនិតរបស់ខ្លួនឡើយ ២១ ដ្បិតព្រះបន្ទូលដែលព្យាការីបានថ្លែងទុកមកនោះ មិនមែនចេញពីបំណងចិត្តរបស់មនុស្សទេ គឺព្រះវិញ្ញាណដ៏វិសុទ្ធវិញឯណោះ ដែលជំរុញចិត្តលោកទាំងនោះឲ្យថ្លែងព្រះបន្ទូលក្នុងព្រះនាមព្រះជាម្ចាស់។