លិខិតទីមួយរបស់
លោកយ៉ូហាន
ជាយូរឆ្នាំក្រោយព្រះយេស៊ូចូលទិវង្គត មានកើតវិបត្តិមួយយ៉ាងធំក្នុងចំណោមអ្នកជឿ គឺគ្រីស្តបរិស័ទខ្លះដែលស្ទាត់ជំនាញខាងទស្សនវិជ្ជាក្រិក អួតខ្លួនថាគេអាច «ស្គាល់» និង«ឃើញ» ព្រះជាម្ចាស់បានដោយប្រាជ្ញា និងតាមការត្រិះរិះរបស់ខ្លួន។ ពួកគេអួតទៀតថា ខ្លួនគេគ្មានជាប់បាបទាល់តែសោះ ជាពិសេសទៅទៀត អ្នកទាំងនោះមិនជឿថាព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់ទេ ហើយក៏មិនជឿថាព្រះអង្គជាមនុស្សធម្មតាដែរ។ គេនឹកស្មានថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចូលក្នុងរូបបុរសម្នាក់ឈ្មោះយេស៊ូ នៅពេលលោកយ៉ូហានបាទីស្ដធ្វើពិធីជ្រមុជទឹកឲ្យ ពួកគេស្មានទៀតថា ព្រះវិញ្ញាណរបស់ព្រះបុត្រាបានយាងចេញទៅវិញ នៅពេលព្រះយេស៊ូរងទុក្ខលំបាក។
គោលបំណងៈ
លោកយ៉ូហានសរសេរលិខិតបីច្បាប់នេះ នៅចុងសតវត្សទី១ ដើម្បីប្រៀនប្រដៅគ្រីស្តបរិស័ទទាំងឡាយឲ្យកាន់ជំនឿត្រឹមត្រូវ កុំចាញ់បោកពួកអ្នកដែលផ្សាយទ្រឹស្ដីផ្ដេសផ្ដាសទាំងនោះឡើយ។ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីមាគ៌ាដ៏ពិតប្រាកដ គឺថា អ្នកណាមានចិត្តស្រឡាញ់ចំពោះអ្នកផងទាំងពួង អ្នកនោះហើយដែលស្គាល់ និងឃើញព្រះជាម្ចាស់!។
លិខិតទីពីរ និងទីបី ជាលិខិតខ្លីៗផ្ញើទៅក្រុមគ្រីស្តបរិស័ទមួយ និងគ្រីស្តបរិស័ទម្នាក់ឈ្មោះកៃយូស។
គម្រោងគម្ពីរយ៉ូហានទី១ :
• សេចក្ដីផ្ដើម ១.១-៤
• ពន្លឺ និងភាពងងឹត ១.៥‑២.២៩
• បុត្រធីតារបស់ព្រះជាម្ចាស់ និងកូនចៅរបស់មារសាតាំង ៣.១-២៤
• សេចក្ដីពិត និងគ្រូក្លែងក្លាយ ៤.១-៦
• សេចក្ដីស្រឡាញ់ ៤.៧-២១
• ជ័យជម្នះរបស់ជំនឿ ៥.១-២១
គម្រោងគម្ពីរយ៉ូហានទី២ :
• សេចក្ដីផ្ដើម ១‑៣
• សេចក្ដីស្រឡាញ់រវាងបងប្អូន ៤‑៦
• គ្រូក្លែងក្លាយ ៧‑១១
• អវសានកថា ១២‑១៣
គម្រោងគម្ពីរយ៉ូហានទី៣ :
• សេចក្ដីផ្ដើម ១‑៤
• ភក្តីភាពរបស់លោកកៃយូស ៥‑៨
• ឌីអូត្រែប និងដេមេទ្រីយូស ៩‑១២
• អវសានកថា ១៣‑១៥