ព្រះយេស៊ូយាងចូលក្រុងយេរូសាឡឹម
(មថ.២១.១-១១ លក.១៩.២៨-៤០ យហ.១២.១២-១៩)
១ ព្រះយេស៊ូយាងមកជាមួយសាវ័កជិតដល់ក្រុងយេរូសាឡឹមហើយ។ លុះមកដល់ជិតភូមិបេតផាសេ និងភូមិបេថានី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះអង្គចាត់សាវ័កពីររូបឲ្យទៅមុន ដោយមានព្រះបន្ទូលថា៖ ២ «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ ៣ ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះអម្ចាស់ត្រូវការវា តែព្រះអង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។
៤ សាវ័កទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ ៥ មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ ៦ សាវ័កទាំងពីរឆ្លើយទៅគេ តាមពាក្យដែលព្រះយេស៊ូបានបង្គាប់មក គេក៏ឲ្យដឹកចេញទៅ។ ៧ សាវ័កទាំងពីរដឹកវាយកមកថ្វាយព្រះយេស៊ូ ហើយយកអាវរបស់ខ្លួនក្រាលពីលើខ្នងកូនលា ព្រះអង្គក៏ឡើងគង់លើខ្នងកូនលានោះ។ ៨ មានមនុស្សម្នាជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយខ្លះទៀតយកស្លឹកឈើពីចម្ការមករាយលើផ្លូវដែរ។ ៩ អស់អ្នកដែលដើរហែហមព្រះយេស៊ូពីមុខពីក្រោយ នាំគ្នាស្រែកឡើងថា៖ «ជយោ! សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ១០ សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះរាជ្យ*ដែលកំពុងតែមកដល់ គឺព្រះរាជ្យរបស់ព្រះបាទដាវីឌ ជាបិតារបស់យើង! ជយោ! ព្រះជាម្ចាស់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
១១ កាលព្រះយេស៊ូទៅដល់ក្រុងយេរូសាឡឹម ព្រះអង្គក៏យាងចូលក្នុងព្រះវិហារ*។ ក្រោយពីបានទតមើលសព្វគ្រប់អស់ហើយ ព្រះអង្គយាងទៅភូមិបេថានីជាមួយសាវ័កទាំងដប់ពីររូប ដ្បិតល្ងាចណាស់ហើយ។
ដើមឧទុម្ពរត្រូវបណ្ដាសា
(ម៉ាថាយ ២១.១៨-១៩)
១២ នៅថ្ងៃបន្ទាប់ ព្រះអង្គយាងចេញពីភូមិបេថានី ពេលនោះ ព្រះអង្គឃ្លាន។ ១៣ ព្រះអង្គទតឃើញឧទុម្ពរ*មួយដើមពីចម្ងាយ មានស្លឹកខៀវខ្ចី ព្រះអង្គក៏យាងតម្រង់ទៅ ក្រែងលោមានផ្លែ។ ពេលព្រះអង្គយាងទៅជិត ព្រះអង្គទតឃើញមានតែស្លឹកប៉ុណ្ណោះ ដ្បិតពុំទាន់ដល់រដូវឧទុម្ពរផ្លែនៅឡើយទេ។ ១៤ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ គ្មាននរណាបរិភោគផ្លែរបស់ឯងទៀតឡើយ!»។ ពួកសាវ័ក*បានឮព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេស៊ូដេញអ្នកលក់ដូរចេញពីព្រះវិហារ
(មថ.២១.១២-១៧ លក.១៩.៤៥-៤៨ យហ.២.១៣-២២)
១៥ ព្រះយេស៊ូយាងមកដល់ក្រុងយេរូសាឡឹមជាមួយពួកសាវ័ក ព្រះអង្គយាងចូលក្នុងព្រះវិហារ ហើយដេញអ្នកលក់ដូរចេញ។ ព្រះអង្គផ្ដួលតុពួកអ្នកប្ដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ ១៦ ព្រះអង្គមិនឲ្យនរណាលីសែងអីវ៉ាន់កាត់ទីធ្លាព្រះវិហារ*ឡើយ។ ១៧ ព្រះអង្គមានព្រះបន្ទូលប្រៀនប្រដៅគេថា៖ «ក្នុងគម្ពីរមានចែងថា
ដំណាក់របស់យើងត្រូវធ្វើជាដំណាក់
សម្រាប់ឲ្យជាតិសាសន៍ទាំងឡាយអធិស្ឋាន*
តែអ្នករាល់គ្នាយកធ្វើជាសំបុកចោរទៅវិញ»។
១៨ កាលពួកនាយកបូជាចារ្យ* និងពួកបណ្ឌិតខាងវិន័យ*ដឹងរឿងនេះ គេនាំគ្នារកមធ្យោបាយធ្វើគុតព្រះយេស៊ូ។ ប៉ុន្តែ គេខ្លាចព្រះអង្គ ដ្បិតបណ្ដាជនទាំងមូលចាប់អារម្មណ៍នឹងសេចក្ដីដែលព្រះអង្គបង្រៀនណាស់។ ១៩ លុះដល់ល្ងាច ព្រះយេស៊ូយាងចាកចេញពីទីក្រុងជាមួយពួកសាវ័ក។
ដើមឧទុម្ពរងាប់
(ម៉ាថាយ ២១.២០-២២)
២០ ព្រឹកឡើងពេលធ្វើដំណើរតាមផ្លូវនោះ ពួកសាវ័កឃើញដើមឧទុម្ពរ*ក្រៀមស្វិតរហូតដល់ឫស។ ២១ លោកសិលានឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ទូលព្រះអង្គថា៖ «ព្រះគ្រូ! សូមមើល! ដើមឧទុម្ពរដែលព្រះគ្រូបានដាក់បណ្ដាសានោះ ក្រៀមស្វិតទៅហើយ!»។ ២២ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់ពួកសាវ័ក*ថា៖ «ចូរមានជំនឿលើព្រះជាម្ចាស់ចុះ!។ ២៣ ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នកណាម្នាក់និយាយទៅកាន់ភ្នំនេះថា “ចូរចេញពីទីនេះធ្លាក់ក្នុងសមុទ្រទៅ!” ហើយបើអ្នកនោះជឿជាក់ក្នុងចិត្ត ដោយឥតសង្ស័យថាពាក្យរបស់ខ្លួននឹងបានសម្រេច នោះព្រះជាម្ចាស់នឹងប្រទានឲ្យបានសម្រេចតាមពាក្យគេមែន។ ២៤ ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាអធិស្ឋាន*សុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយ នោះព្រះជាម្ចាស់នឹងប្រទានឲ្យអ្នករាល់គ្នាជាពុំខាន។ ២៥ ម្យ៉ាងទៀត ពេលឈរអធិស្ឋាន បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ*អត់ទោសឲ្យអ្នករាល់គ្នា»។ [ ២៦ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ ព្រះបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានបរមសុខ* ក៏មិនអត់ទោសឲ្យអ្នករាល់គ្នាដែរ។]
អំណាចរបស់ព្រះយេស៊ូ
(ម៉ាថាយ ២១.២៣-២៧ លូកា ២០.១-៨)
២៧ ព្រះយេស៊ូយាងចូលទៅក្រុងយេរូសាឡឹមជាមួយពួកសាវ័ក*ម្ដងទៀត។ កាលព្រះអង្គកំពុងតែយាងចុះយាងឡើងក្នុងព្រះវិហារ* ពួកនាយកបូជាចារ្យ និងពួកបណ្ឌិតខាងវិន័យ នាំគ្នាមកជួបព្រះអង្គ។ ២៨ គេទូលសួរព្រះអង្គថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើនរណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?»។ ២៩ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «ខ្ញុំសុំសួរអស់លោកនូវសំណួរមួយ បើអស់លោកឆ្លើយមកខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វី។ ៣០ សូមឆ្លើយប្រាប់ខ្ញុំមើល៍ តើនរណាចាត់លោកយ៉ូហានឲ្យមកធ្វើពិធីជ្រមុជទឹក*? ព្រះជាម្ចាស់ ឬមនុស្ស?»។ ៣១ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា ព្រះជាម្ចាស់ចាត់លោកយ៉ូហានឲ្យមក គាត់មុខជាសួរយើងថា ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿលោកយ៉ូហាន? ៣២ ផ្ទុយទៅវិញ បើយើងឆ្លើយថាមនុស្សចាត់លោកឲ្យមក…» (ពួកគេខ្លាចប្រជាជន ព្រោះមនុស្សគ្រប់ៗគ្នាចាត់ទុកលោកយ៉ូហានជាព្យាការីពិតប្រាកដមែន)។ ៣៣ ដូច្នេះ គេឆ្លើយទៅព្រះយេស៊ូថា៖ «យើងមិនដឹងទេ!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងលើអំណាចអ្វីដែរ»។