បញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូ
(លូកា ៣.២៣-៣៨)
១ នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រីស្ដ* ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ*។
២ លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់ ៣ លោកយូដា និងនាងថាម៉ារ បង្កើតលោកផារេស និងលោកសេរ៉ា លោកផារេសបង្កើតលោកហេតស្រូម លោកហេតស្រូមបង្កើតលោកអរ៉ាម ៤ លោកអរ៉ាមបង្កើតលោកអមីណាដាប់ លោកអមីណាដាប់បង្កើតលោកណាសូន លោកណាសូនបង្កើតលោកសាលម៉ូន ៥ លោកសាលម៉ូន និងនាងរ៉ាហាប បង្កើតលោកបូអាស លោកបូអាស និងនាងរូថបង្កើតលោកអូបេដ លោកអូបេដបង្កើតលោកយេសាយ ៦ លោកយេសាយបង្កើតស្ដេចដាវីឌ។
ស្ដេចដាវីឌ និងភរិយារបស់អ៊ូរីបង្កើតស្ដេចសាឡូម៉ូន ៧ ស្ដេចសាឡូម៉ូនបង្កើតស្ដេចរ៉ូបោម ស្ដេចរ៉ូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអសាភ ៨ ស្ដេចអសាភបង្កើតស្ដេចយ៉ូសាផាត ស្ដេចយ៉ូសាផាតបង្កើតស្ដេចយ៉ូរ៉ាម ស្ដេចយ៉ូរ៉ាមបង្កើតស្ដេចអូស្សាស ៩ ស្ដេចអូស្សាសបង្កើតស្ដេចយ៉ូថាម ស្ដេចយ៉ូថាមបង្កើតស្ដេចអខាស ស្ដេចអខាសបង្កើតស្ដេចអេសេខ្យាស ១០ ស្ដេចអេសេខ្យាសបង្កើតស្ដេចម៉ាណាសេ ស្ដេចម៉ាណាសេបង្កើតស្ដេចអម៉ូន ស្ដេចអម៉ូនបង្កើតស្ដេចយ៉ូស្យាស ១១ ស្ដេចយ៉ូស្យាសបង្កើតស្ដេចយេកូញ៉ាស និងអនុជរបស់ព្រះអង្គ ក្នុងគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែល យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។
១២ ក្រោយគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន ស្ដេចយេកូញ៉ាសបង្កើតលោកសាឡាធាល លោកសាឡាធាលបង្កើតលោកសូរ៉ូបាបិល ១៣ លោកសូរ៉ូបាបិលបង្កើតលោកអប៊ីយូដ លោកអប៊ីយូដបង្កើតលោកអេលីយ៉ាគីម លោកអេលីយ៉ាគីមបង្កើតលោកអស៊រ ១៤ លោកអស៊របង្កើតលោកសាដុក លោកសាដុកបង្កើតលោកអគីម លោកអគីមបង្កើតលោកអេលីយូដ ១៥ លោកអេលីយូដបង្កើតលោកអេលាសារ លោកអេលាសារបង្កើតលោកម៉ាថាន លោកម៉ាថាន បង្កើតលោកយ៉ាកុប ១៦ លោកយ៉ាកុបបង្កើតលោកយ៉ូសែបជាស្វាមីរបស់នាងម៉ារី ដែលបង្កើតព្រះយេស៊ូ ហៅថា ព្រះគ្រីស្ដ*។
១៧ ដូច្នេះ ចាប់ពីលោកអប្រាហាំមកទល់ស្ដេចដាវីឌ មានដប់បួនតំណ ចាប់ពីស្ដេចដាវីឌមកទល់នឹងគ្រា ដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មានដប់បួនតំណ ហើយចាប់ពីគ្រាដែលគេកៀរជនជាតិអ៊ីស្រាអែលយកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន មកទល់ព្រះគ្រីស្ដ ក៏មានដប់បួនតំណដែរ។
កំណើតព្រះយេស៊ូគ្រីស្ដ
(លូកា ២.១-៧)
១៨ នេះជាដំណើររឿងអំពីកំណើតរបស់ព្រះយេស៊ូគ្រីស្ដ។ នាងម៉ារី មាតារបស់ព្រះអង្គត្រូវជាគូដណ្ដឹងរបស់លោកយ៉ូសែប។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីមានផ្ទៃពោះ ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធរួចទៅហើយ។ ១៩ លោកយ៉ូសែប ស្វាមីរបស់នាងជាមនុស្សសុចរិត លោកមិនចង់បំបាក់មុខនាងឡើយ គឺលោកសម្រេចចិត្តថា នឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។ ២០ ពេលលោកកំពុងគិតដូច្នេះ ស្រាប់តែមានទេវទូត*របស់ព្រះអម្ចាស់មកប្រាប់លោកក្នុងសុបិននិមិត្តថា៖ «លោកយ៉ូសែបជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ*អើយ សូមកុំខ្លាចនឹងទទួលនាងម៉ារីមកធ្វើជាភរិយាឡើយ! បុត្រដែលនៅក្នុងផ្ទៃនាង កើតមកពីព្រះវិញ្ញាណដ៏វិសុទ្ធ*។ ២១ នាងនឹងសម្រាលបានបុត្រមួយ ហើយលោកត្រូវថ្វាយព្រះនាមថា “យេស៊ូ” ដ្បិតបុត្រនោះនឹងសង្គ្រោះប្រជារាស្ដ្រព្រះអង្គ ឲ្យរួចពីបាបរបស់គេ»។
២២ ហេតុការណ៍នេះកើតឡើងស្របនឹងសេចក្ដី ដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈព្យាការី*ថា៖
២៣ «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ
ព្រះនាមថា “អេម៉ានូអែល”»
ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
២៣ «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ
នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ
ព្រះនាមថា “អេម៉ានូអែល”»
ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។
២៤ លុះលោកយ៉ូសែបភ្ញាក់ឡើង លោកក៏ធ្វើតាមបង្គាប់ទេវទូត*របស់ព្រះអម្ចាស់ គឺលោកទទួលនាងម៉ារីមកធ្វើជាភរិយា ២៥ ប៉ុន្តែ លោកពុំបានរួមបវេណីជាមួយនាង រហូតដល់នាងសម្រាលបានបុត្រ ដែលលោកថ្វាយព្រះនាមថា “យេស៊ូ”។