ពាក្យ​លំនាំ

Written on 20/11/2025
Boy KANN

ដំណឹង‌ល្អ​រៀប‌រៀង​ដោយ

លោក​ម៉ាថាយ

លោក​ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ​ជាតិ​យូដា​ម្នាក់ ដែល​ពី​ដើម​មាន​ឈ្មោះ​ថា​លេវី។ ព្រះ‌យេស៊ូ​បាន​ត្រាស់‌ហៅ​លោក​មក​ធ្វើ​ជា​សាវ័ក ព្រម​ទាំង​បាន​តែង‌តាំង​លោក​ជា​គ្រីស្ដ‌ទូត​ផង។

គោល​បំណង​របស់​លោក​ម៉ាថាយ

លោក​បាន​តែង​កណ្ឌ​គម្ពីរ​ដំណឹង‌ល្អ​នេះ ក្រោម​ការ​បំភ្លឺ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ ដើម្បី​ណែ‌នាំ​ជន​ជាតិ​យូដា​ឲ្យ​ជឿ​ថា ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌គ្រីស្ដ ដែល​បាន​យាង​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។ លោក​ចង់​បង្ហាញ​ថា ព្រះ‌យេស៊ូ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​បំពេញ​កិច្ច‌ការ​ទាំង​អស់ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់​កាល​ពី​ដើម និង​ស្រប​តាម​ពាក្យ​ដែល​ពួក​ព្យាការី​ថ្លែង​ទុក​មក​ផង​ដែរ។
លោក​ម៉ាថាយ​ចង់​ពន្យល់​ទៀត​ថា ព្រះ‌យេស៊ូ​ក៏​ដូច​ជា​លោក​ម៉ូសេ​ដែរ ព្រះ‌អង្គ​យាង​មក​ប្រទាន​វិន័យ តែ​វិន័យ​ថ្មី​នេះ​ធ្វើ​ឲ្យ​វិន័យ​ពី​ដើម​មាន​អត្ថ‌ន័យ និង​មាន​តម្លៃ​ពេញ​លក្ខណៈ​ថែម​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​ចូល​ចិត្ត​ដក​ស្រង់​ឃ្លា​ជា​ច្រើន​ពី​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់ ដែល​ជន​ជាតិ​យូដា​ចាំ​ច្បាស់​មក​ចម្លង​ដាក់​ក្នុង​គម្ពីរ​របស់​លោក ដើម្បី​ធ្វើ​ជា​ភស្តុតាង​បញ្ជាក់​ថា ព្រះ‌យេស៊ូ​ពិត​ជា​យាង​មក​ផ្ដល់​អត្ថ‌ន័យ​ឲ្យ​ព្រះ‌គម្ពីរ​សម្ពន្ធ‌មេត្រី​ចាស់​បាន​ពេញ‌លេញ។
លោក​ម៉ាថាយ​ក៏​ចង់​ពន្យល់​ជន​ជាតិ​យូដា​ថា ក្រុម​គ្រីស្ដ‌បរិស័ទ​គ្រប់​ជាតិ​គ្រប់​សាសន៍​ពិត​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់។ រីឯ​ជន​ជាតិ​អ៊ីស្រា‌អែល​ដែល​មិន​ព្រម​ជឿ​ព្រះ‌យេស៊ូ លែង​មាន​សិទ្ធិ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ទៀត​ហើយ។
លោក​ម៉ាថាយ​យក​ចិត្ត​ទុក​ដាក់​ដាស់​តឿន​ក្រុម​គ្រីស្ដ‌បរិស័ទ ដែល​ហៅ​ថា“ព្រះ‌សហគ‌មន៍” ដ្បិត​ព្រះ‌សហគ‌មន៍​នេះ​ហើយដែល​បាន​ទទួល​អំណាច​ពី​ព្រះ‌គ្រីស្ដ និង​បន្ដ​បេសក‌កម្ម​របស់​ព្រះ‌អង្គ​ក្នុង​ពិភព‌លោក​សព្វ​ថ្ងៃ។
លោក​ម៉ាថាយ​សរសេរ​កណ្ឌ​គម្ពីរ​ដំណឹង‌ល្អ​នេះតាម​គំនិត​របស់​ជន​ជាតិ​យូដា គឺ​លោក​មិន​ហ៊ាន​សរសេរ​ព្រះ‌នាម​ព្រះ‌ជាម្ចាស់​ទេ តែ​លោក​ប្រើ​ពាក្យ «ស្ថាន​បរម‌សុខ» ជំនួស​វិញ ឧទាហរណ៍​លោក​ប្រើ​ពាក្យ «ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ» ជំនួស​ពាក្យ «ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់»។
អ្នក​អាន​មុខ​ជា​ឃើញ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង‌ល្អ​ម៉ាថាយ​ថា ព្រះ‌យេស៊ូ​យាង​មក​ផែន‌ដី​នេះ ដើម្បី​កសាង​ពិភព‌លោក​មួយ​ថ្មី គឺ«ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់» ហើយ​ព្រះ‌អង្គ​ប្រៀន‌ប្រដៅ​អស់​អ្នក​ដែល​មក​តាម​ព្រះ‌អង្គ​អំពី​របៀប​រស់​នៅ​សម​ស្រប​នឹង​ព្រះ‌រាជ្យ​នេះ ដើម្បី​ឲ្យ​គេ​អាច​ធ្វើ​ជា​បន្ទាល់ នាំ​ដំណឹង‌ល្អ​អំពី​ព្រះ‌រាជ្យ​ទៅ​ប្រកាស​ប្រាប់​មនុស្ស​ទាំង​អស់​នៅ​សព្វ​ទី​កន្លែង រហូត​ដល់​អវសាន​កាល​នៃ​ពិភព‌លោក។

គម្រោង​របស់​គម្ពីរ​ម៉ាថាយ

• បញ្ជី​រាយ​នាម​អយ្យកោ​របស់​ព្រះ‌យេស៊ូ និង​ការ​ប្រសូត​របស់​ព្រះ‌អង្គ (១.១‑២.២៣)
• បេសក‌កម្ម​របស់​លោក​យ៉ូហាន‌បាទីស្ដ (៣.១-១២)
• ព្រះ‌យេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក និង​ឈ្នះ​ការ​ល្បួង (៣.១៣‑៤.១១)
• ព្រះ‌យេស៊ូ​ប្រកាស​ដំណឹង‌ល្អ​នៅ​ស្រុក​កាលី‌ឡេ (៤.១២‑១៨.៣៥)
• ព្រះ‌យេស៊ូ​យាង​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម (១៩.១‑២៩.៣៤)
• សប្តាហ៍​ចុង​ក្រោយ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ភូមិ​ដែល​នៅ​ជុំ‌វិញ (២១.១‑២៧.៦៦)
• ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ និង​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ជឿ​ឃើញ (២៨.១‑២០)