សំណោក ៥

Written on 19/12/2025
Boy KANN

ពាក្យ​ទូល‌អង្វរ​សូម​ព្រះ‌អម្ចាស់​អាណិត​មេត្តា
  ព្រះ‌អម្ចាស់​អើយ
    សូម​នឹក​ដល់​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​យើង​ខ្ញុំ
    សូម​ទត​មើល​ចុះ
    តើ​គេ​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ​ដល់​កម្រិត​ណា!
២  ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ
    បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស
    ផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ
    របស់​ជន​ដទៃ។
៣  យើង​ខ្ញុំ​ធ្លាក់​ខ្លួន​ដូច​ក្មេង​កំព្រា គ្មាន​ឪពុក​ម្ដាយ
    យើង​ខ្ញុំ​រស់​នៅ​ដូច​ស្ត្រី‌មេម៉ាយ។
៤  យើង​ខ្ញុំ​ត្រូវ​បង់​ប្រាក់
    ដើម្បី​ទិញ​ទឹក​របស់​យើង​ខ្ញុំ​ផ្ទាល់
    ហើយ​ត្រូវ​បង់​ប្រាក់
    ដើម្បី​ទិញ​អុស​របស់​យើង​ខ្ញុំ​ដែរ។
៥  ពួក​អ្នក​ដែល​តាម​ប្រហារ​យើង​ខ្ញុំ
    ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​យើង​ខ្ញុំ​ជា‌និច្ច
    យើង​ខ្ញុំ​អស់​កម្លាំង
    តែ​គេ​មិន​ទុក​ឲ្យ​យើង​ខ្ញុំ​សម្រាក​ទេ។
៦  យើង​ខ្ញុំ​លើក​ដៃ​អង្វរ​សុំ​ស្បៀង​ពី​ស្រុក​អេស៊ីប
    និង​ស្រុក​អាស្ស៊ីរី ដើម្បី​ចម្អែត​ក្រពះ។
៧  ដូន‌តា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន
    តែ​ពួក​គេ​ស្លាប់​អស់​ហើយ
    គឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោស
    ព្រោះ​តែ​កំហុស​ដែល​ដូន‌តា​បាន​ប្រព្រឹត្ត។
៨  ពួក​ទាសករ​ត្រួត‌ត្រា​លើ​យើង​ខ្ញុំ
    តែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំ
    ចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។
៩  យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវ
    ដើម្បី​ទៅ​រក​ស្បៀង​អាហារ។
១០ ដោយ​ឃ្លាន​ខ្លាំង​ពេក
    ស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។
១១ សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន
    និង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានា
    ក្នុង​ស្រុក​យូដា។
១២ ពួក​គេ​ព្យួរ​ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំ
    ហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។
១៣ គេ​ប្រើ​ឲ្យ​ពួក​យុវជន​លី​ត្បាល់​កិន
    គេ​ប្រើ​ក្មេង​ប្រុសៗ​ឲ្យ​លី​ឈើ​ដ៏​ធ្ងន់
    រហូត​ដល់​ជំពប់​ជើង​ដួល។
 
១៤ ពួក​ព្រឹទ្ធា‌ចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង
    ទៀត​ហើយ
    រីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។
១៥ អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំ
    យើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ​ជំនួស​ការ​រាំ​រែក
១៦ យើង​ខ្ញុំ​បាត់​បង់​កិត្តិយស
    យើង​ខ្ញុំ​ត្រូវ​វេទនា
    ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!
១៧ ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សា
    យើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។
១៨ ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន
    ជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។
១៩ ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​ទៅ
    បល្ល័ង្ក​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ
    អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។
២០ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​យើង​ខ្ញុំ
    រហូត​ដូច្នេះ?
    ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ
    អស់​មួយ​ជីវិត?
២១ ព្រះ‌អម្ចាស់​អើយ
    សូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញ
    នោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញ
    សូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។
២២ តើ​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬ?
    តើ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ
    ហួស​កម្រិត​បែប​នេះ​ឬ?