បទ​ចម្រៀង ៨

Written on 19/12/2025
Boy KANN

1  ប្រសិន​បើ​បង​ជា​បង​ប្រុស​របស់​អូន
    ដែល​បៅ​ដោះ​ម្ដាយ​របស់​អូន
    នោះ​អូន​មុខ​ជា​ចេញ​មក​ជួប​បង​នៅ​ខាង​ក្រៅ
    អូន​មុខ​ជា​ឱប​ថើប​បង
    ហើយ​គ្មាន​នរណា​មើល‌ងាយ​អូន​ឡើយ។
 អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន
    បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់
    ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់
    ព្រម​ទាំង​ទឹក‌ដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។
 
 ដៃ​ឆ្វេង​របស់​បង​ដាក់​ឲ្យ​ខ្ញុំ​កើយ
    ហើយ​ដៃ​ស្តាំ​របស់​បង​ឱប​រឹត​ខ្ញុំ។
 
4  ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
    ខ្ញុំ​សូម​ប្រាប់​ពួក​នាង​ថា
    មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
    កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
 តើ​ស្ត្រី​ដែល​ឡើង​ទៅ​វាល​រហោ‌ស្ថាន
    ហើយ​ផ្អែក​លើ​ម្ចាស់​ចិត្ត​របស់​នាង
    នោះ​ជា​នរណា?
    អូន​បាន​ដាស់​បង នៅ​ក្រោម​ដើម​ចន្ទន៍
    ជា​កន្លែង​ដែល​មាតា​របស់​បង​មាន​គភ៌
    ហើយ​បង្កើត​បង​មក។
 សូម​ចារឹក​រូប​អូន​ក្នុង​ដួង​ចិត្ត​របស់​បង
    ដើម្បី​កុំ​ឲ្យ​ភ្លេច​ឡើយ
    ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង​ដូច
    សេចក្ដី​ស្លាប់
    សេចក្ដី​ស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់
    សេចក្ដី​ស្នេហា​នេះ​ឆាប‌ឆេះ​ដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់
 មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើង
    នៃ​សេចក្ដី​ស្នេហា​បាន​ឡើយ
    រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដី
    ស្នេហា​បាន​ដែរ
    ផ្ទុយ​ទៅ​វិញ អ្នក​ណា​យក​ទ្រព្យ‌សម្បត្តិ
    ទាំង​ប៉ុន្មាន​របស់​ខ្លួន​ទិញ​សេចក្ដី​ស្នេហា
    អ្នក​នោះ​ជា​មនុស្ស​គួរ​ឲ្យ​មើល‌ងាយ។
 យើង​នៅ​មាន​ប្អូន​ស្រី​ម្នាក់
    តែ​នាង​មិន​ទាន់​ពេញ​រូប‌រាង​ទេ
    នៅ​ថ្ងៃ​ដែល​មាន​គេ​មក​ចែ‌ចង់​នាង
    តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច?
 ប្រសិន​បើ​នាង​ជា​កំពែង​ក្រុង​មួយ
    នោះ​យើង​នឹង​សង់​ប៉ម​ពី​ប្រាក់​ការ‌ពារ​នាង
    ប្រសិន​បើ​នាង​ជា​ទ្វារ​ក្រុង
    នោះ​យើង​នឹង​យក​បន្ទះ​ឈើ​តាត្រៅ
    មក​បាំង​នាង។
 
10 ខ្ញុំ​ជា​កំពែង​ក្រុង​មួយ
    សុដន់​របស់​ខ្ញុំ​ប្រៀប​បាន​នឹង​ប៉ម​របស់​ក្រុង​នេះ
    ខ្ញុំ​ផ្តល់​សេចក្ដី​សុខ‌សាន្ត​ដល់​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
11 ព្រះ‌បាទ​សាឡូម៉ូន​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ​មួយ
    នៅ​បាល‌ហាម៉ូន
    ស្តេច​បាន​ប្រគល់​ចម្ការ​នោះ​ឲ្យ​អ្នក​ថែ‌រក្សា
    មើល​ខុស​ត្រូវ។
    ម្នាក់ៗ​ត្រូវ​យក​ប្រាក់​មួយ​ពាន់​ស្លឹង​ថ្វាយ​ស្តេច។
12 បពិត្រ​ព្រះ‌បាទ​សាឡូម៉ូន
    ព្រះ‌ករុណា​ទទួល​យក​ប្រាក់​មួយ​ពាន់​ស្លឹង​នេះ
    តែ​ទុក​ពីរ‌រយ​ស្លឹង​ឲ្យ​អ្នក​ថែ‌រក្សា​ចម្ការ។
    រីឯ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ខ្ញុំ
    ខ្ញុំ​រក្សា​ទុក​ខ្លួន​ឯង។
13 អូន​សម្លាញ់​ដែល​ស្ថិត​នៅ​ក្នុង​សួន​ឧទ្យាន​អើយ
    មាន​គេ​លួច​ស្ដាប់​សំឡេង​របស់​អូន។
    ចូរ​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង!
14 សម្លាញ់​ចិត្ត​អូន​អើយ
    សូម​រត់​ចេញ​ពី​ទី​នេះ​ទៅ!
    សូម​រត់​យ៉ាង​លឿន​ដូច​ក្តាន់ និង​ប្រើស​ស្ទាវ
    រត់​នៅ​លើ​ភ្នំ​ដែល​ពោរ‌ពេញ​ដោយ
    គន្ធ‌ពិដោរ។