នាងរូថនៅក្នុងលានបោកបែនស្រូវ
១ ថ្ងៃមួយ នាងណាអូមីពោលទៅកាន់នាងរូថថា៖ «ម៉ែត្រូវតែរកអនាគតឲ្យកូន ដើម្បីកូនបានសេចក្ដីសុខ។ ២ លោកបូអូសដែលកូនធ្វើការជាមួយស្រីបម្រើរបស់គាត់នោះ ជាប់សាច់ញាតិនឹងយើងដែរ។ ល្ងាចនេះ គាត់នឹងទៅបោកបែនស្រូវនៅលាន។ ៣ ចូរកូនតុបតែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។ ៤ ពេលគាត់ចូលសម្រាន្ដ កូនត្រូវមើលចំណាំកន្លែងដែលគាត់សម្រាន្ដឲ្យបានច្បាស់។ បន្ទាប់មក កូនត្រូវទៅបើកភួយនៅចុងជើងគាត់ ហើយដេកត្រង់កន្លែងនោះទៅ គាត់នឹងប្រាប់កូននូវអ្វីៗដែលកូនត្រូវធ្វើ»។ ៥ នាងរូថឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យរបស់អ្នកម្ដាយសព្វគ្រប់ទាំងអស់»។
៦ នាងរូថចេញទៅលានបោកបែនស្រូវ ហើយធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលម្ដាយក្មេកបានបង្គាប់។ ៧ លោកបូអូសពិសាម្ហូបអាហារ និងស្រារួចហើយ គាត់ក៏សប្បាយចិត្ត ទម្រេតខ្លួនសម្រាន្ដលក់នៅជិតគំនរកណ្ដាប់ស្រូវ។ នាងរូថដើរលបៗចូលមក បើកភួយនៅចុងជើងរបស់គាត់ ហើយដេកត្រង់កន្លែងនោះទៅ។ ៨ នៅពាក់កណ្ដាលអធ្រាត្រ ដោយលោកបូអូសរងា គាត់ក៏ប្រែខ្លួន ហើយឃើញស្ត្រីម្នាក់ដេកនៅចុងជើងគាត់។ ៩ លោកបូអូសសួរថា៖ «នរណាហ្នឹង?»។ នាងឆ្លើយថា៖ «នាងខ្ញុំឈ្មោះរូថ ជាអ្នកបម្រើរបស់លោកម្ចាស់។ សូមលោកម្ចាស់មេត្តាទទួលនាងខ្ញុំធ្វើជាភរិយាទៅ ដ្បិតលោកមានភារកិច្ចទទួលបន្ទុកថែរក្សានាងខ្ញុំស្រាប់ហើយ»។ ១០ លោកបូអូសពោលថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់នាង! នាងប្រព្រឹត្តដូច្នេះ គឺនាងបង្ហាញចិត្តស្មោះត្រង់ប្រសើរជាងពីមុនទៅទៀត គឺនាងមិនបានដើររកប្រុសក្មេងៗ ទោះជាអ្នកមាន ឬអ្នកក្រក្តី មកធ្វើជាប្ដីទេ។ ១១ ឥឡូវនេះ សូមនាងកុំបារម្ភឡើយ អ្វីៗដែលនាងសុំ ខ្ញុំនឹងធ្វើតាមទាំងអស់ ដ្បិតប្រជាជនទាំងមូលដឹងច្បាស់ថា នាងជាស្ត្រីថ្លៃថ្នូរ។ ១២ ខ្ញុំជាសាច់ញាតិដែលមានភារកិច្ចទទួលបន្ទុកថែរក្សានាងពិតមែន ក៏ប៉ុន្តែ នៅមានបុរសម្នាក់ ជាសាច់ញាតិនឹងនាង ជិតជាងខ្ញុំទៅទៀត។ ១៣ យប់នេះ សូមនាងសម្រាកនៅទីនេះហើយ! ចាំព្រឹកស្អែក ខ្ញុំនឹងទៅសួរគេ។ ប្រសិនបើគេចង់ទទួលខុសត្រូវលើនាង ឲ្យគេទទួលចុះ តែបើគេមិនព្រមទេ ខ្ញុំសូមសន្យា ដោយយកព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅជាសាក្សីថា ខ្ញុំមុខជាទទួលខុសត្រូវលើនាងពុំខាន! សូមនាងសម្រាកនៅទីនេះរហូតដល់ព្រឹកចុះ!»។
១៤ នាងរូថដេកនៅចុងជើងលោកបូអូសរហូតដល់ព្រឹក ហើយនាងបានក្រោកពីព្រលឹមស្រាងៗ មុនពេលមើលគ្នាស្គាល់។ លោកបូអូសក៏មិនចង់ឲ្យនរណាម្នាក់ដឹងថា នាងបានចូលមកក្នុងលាននេះដែរ។ ១៥ លោកមានប្រសាសន៍ថា៖ «ចូរដោះអាវធំរបស់នាង កាន់ឲ្យជាប់»។ នាងក៏ដោះអាវ ហើយលោកចាក់ស្រូវមួយតៅឲ្យនាង ព្រមទាំងជួយលើកដាក់ឲ្យនាងទូលទៀតផង។ នាងក៏ទូលស្រូវនោះចូលទៅក្នុងភូមិវិញ។
១៦ ពេលទៅដល់ផ្ទះ ម្ដាយក្មេកសួរថា៖ «យ៉ាងដូចម្ដេចទៅហើយកូន?»។ នាងរូថរៀបរាប់ប្រាប់ម្ដាយក្មេកនូវហេតុការណ៍ទាំងប៉ុន្មាន ដែលលោកបូអូសបានប្រព្រឹត្តចំពោះនាង។ ១៧ នាងបញ្ជាក់ថា៖ «លោកបានឲ្យស្រូវមួយតៅមកកូន ទាំងពោលថា នាងមិនត្រូវត្រឡប់ទៅផ្ទះវិញដៃទទេឡើយ!»។ ១៨ នាងណាអូមីនិយាយថា៖ «ចូរកូននៅរង់ចាំមើលសិន រហូតទាល់តែដឹងថាការនេះនឹងទៅជាយ៉ាងណា ដ្បិតលោកបូអូសនឹងមិននៅស្ងៀមទេ គឺគាត់នឹងគិតគូររហូតទាល់តែបានសម្រេចនៅថ្ងៃនេះជាពុំខាន»។