ជ័យជម្នះរបស់ព្រះបាទដាវីឌលើស្រុកជិតខាង
(២សាមូអែល ៨.១-១៤)
១ ក្រោយមក ព្រះបាទដាវីឌវាយឈ្នះជនជាតិភីលីស្ទីន ហើយបង្ក្រាបពួកគេ ព្រមទាំងដណ្ដើមយកក្រុងកាថ និងស្រុកភូមិនៅជុំវិញពីកណ្ដាប់ដៃរបស់ពួកគេ។ ២ ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ។ ជនជាតិម៉ូអាប់ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ៣ ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដាដេស៊ែរ ជាស្តេចស្រុកសូបា នៅក្រុងហាម៉ាត់ ក្នុងពេលដែលព្រះបាទហាដាដេស៊ែរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។ ៤ ព្រះបាទដាវីឌរឹបអូសយកបានរទេះចម្បាំងចំនួន១ ០០០គ្រឿងពីព្រះបាទហាដាដេស៊ែរ ព្រមទាំងទ័ពសេះ ៧ ០០០ នាក់ និងទ័ពថ្មើរជើងចំនួន២០ ០០០ នាក់។ ស្តេចទុកសេះប្រមាណមួយរយក្បាល ហើយកាត់សរសៃកែងជើងសេះទាំងប៉ុន្មានទៀត។ ៥ ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស លើកគ្នាមកជួយព្រះបាទហាដាដេស៊ែរ ជាស្តេចស្រុកសូបា។ ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន ២២ ០០០ នាក់។ ៦ ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកស៊ីរី ហើយជនជាតិស៊ីរីធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ព្រមទាំងត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្តេចយាងទៅ។ ៧ ព្រះបាទដាវីឌរឹបអូសយកខែលមាសពីពួកមេទ័ពរបស់ព្រះបាទហាដាដេស៊ែរ ហើយនាំយកមកក្រុងយេរូសាឡឹម។ ៨ ព្រះបាទដាវីឌរឹបអូសយកលង្ហិនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុងទីបហាត និងក្រុងគូន ដែលជាក្រុងរបស់ព្រះបាទហាដាដេស៊ែរ។ ក្រោយមក ព្រះបាទសាឡូម៉ូនបានយកលង្ហិនទាំងនោះទៅសិតធ្វើអាងធំ សសរ និងគ្រឿងប្រដាប់ប្រដាលង្ហិននៅក្នុងព្រះវិហារ។
៩ កាលព្រះបាទតូអ៊ូ ជាស្តេចក្រុងហាម៉ាត់ ជ្រាបថា ព្រះបាទដាវីឌបានវាយឈ្នះកងទ័ពទាំងមូលរបស់ព្រះបាទហាដាដេស៊ែរ ជាស្តេចក្រុងសូបា ១០ ស្តេចក៏ចាត់សម្តេចហាដូរ៉ាម ជាបុត្រ ឲ្យចូលមកគាល់ព្រះបាទដាវីឌ ទាំងនាំយកវត្ថុអំពីមាសប្រាក់ និងលង្ហិនមកជាមួយផង ដើម្បីអបអរសាទរចំពោះជ័យជម្នះលើព្រះបាទហាដាដេស៊ែរ ព្រោះព្រះបាទតូអ៊ូធ្វើសឹកសង្គ្រាមទល់នឹងព្រះបាទហាដាដេស៊ែរដែរ។ ១១ ព្រះបាទដាវីឌយកវត្ថុទាំងនោះទៅថ្វាយព្រះអម្ចាស់ ដូចមាសប្រាក់ដែលស្តេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
១២ លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រហារជនជាតិអេដុមអស់ ១៨ ០០០ នាក់ នៅជ្រលងភ្នំអំបិល។ ១៣ លោកដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកអេដុមទាំងមូល ហើយជនជាតិអេដុមធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្តេចយាងទៅ។
បញ្ជីរាយនាមមន្ត្រីរបស់ព្រះបាទដាវីឌ
(២សាមូអែល ៨.១៥-១៨)
១៤ ព្រះបាទដាវីឌសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ដ្រដោយសុចរិត និងយុត្តិធម៌។ ១៥ លោកយ៉ូអាប់ កូនរបស់អ្នកស្រីសេរូយ៉ា ជាមេបញ្ជាការកងទ័ព។ លោកយ៉ូសាផាត កូនរបស់លោកអហ៊ីលូដ ជាអ្នកនាំពាក្យរបស់ស្តេច។ ១៦ លោកសាដុក កូនរបស់លោកអហ៊ីតូប និងលោកអប៊ីមេឡេក កូនរបស់លោកអប៊ីយ៉ាតា ជាបូជាចារ្យ។ លោកសាវ៉ូហាជាលេខាធិការរបស់ស្តេច។ ១៧ លោកបេណាយ៉ា កូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេទី និងពួកពេលេទី។ រីឯបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មាននាទីជាជំនួយការពិសេសរបស់ស្តេច។