លោកដានីអែលសុបិននិមិត្តឃើញសត្វសាហាវបួន
១ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅបេលថាសារ ជាស្តេចស្រុកបាប៊ីឡូន លោកដានីអែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់លោកនិមិត្តឃើញការអស្ចារ្យ ដែលលោកលើកយកចំណុចសំខាន់ៗមកសរសេររៀបរាប់ដូចតទៅ:
២ លោកដានីអែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ ៣ ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ ៤ សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ ៥ សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។
៦ ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ ៧ បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ ៨ ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
ព្រះជាម្ចាស់វិនិច្ឆ័យទោស
៩ «ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ គង់នៅលើបល្ល័ង្កមួយ ព្រះអង្គមានព្រះភូសាពណ៌សដូចកប្បាស ហើយព្រះកេសារបស់ព្រះអង្គសដូចសម្លី។ បល្ល័ង្ករបស់ព្រះអង្គប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ ១០ មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
១១ ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ ១២ រីឯសត្វឯទៀតៗ ក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។
១៣ ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រមនុស្ស* មកជាមួយពពកនៅលើផ្ទៃមេឃ លោកចូលទៅជិតព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរ ហើយគេក៏នាំលោកទៅគាល់ព្រះអង្គ។ ១៤ លោកបានទទួលអំណាចគ្រប់គ្រងព្រះកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើលោក អំណាចគ្រប់គ្រងរបស់លោកនៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់លោកមិនត្រូវរលាយដែរ។
ការកាត់ស្រាយសុបិននិមិត្តអំពីសត្វសាហាវទាំងបួន
១៥ ពេលនោះ ខ្ញុំ ដានីអែលតប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឲ្យខ្ញុំតក់ស្លុតណាស់។ ១៦ ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់ឲ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ដែលខ្ញុំបានឃើញនោះ ដូចតទៅ: ១៧ សត្វធំសម្បើមទាំងបួននោះ គឺព្រះមហាក្សត្របួនអង្គ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ ១៨ បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងព្រះរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ ១៩ ក្រោយមក ខ្ញុំក៏សួរចង់ដឹងឲ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ ២០ ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើឲ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ ២១ ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ ២២ រហូតដល់ពេលព្រះជាម្ចាស់នៃពេលវេលា ដែលមានព្រះជន្មាយុយឺនយូរយាងមក ដើម្បីរកយុត្តិធម៌ឲ្យប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។
២៣ បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកម្ទេចរាជាណាចក្រឯទៀតៗ។ ២៤ រីឯស្នែងទាំងដប់ គឺស្តេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្តេចមួយអង្គ ដែលប្លែកពីស្តេចមុនៗ ឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្តេចបីអង្គទៀតចោល។ ២៥ ស្តេចអង្គនេះនឹងមានរាជឱង្ការប្រឆាំងព្រះដ៏ខ្ពង់ខ្ពស់បំផុត ស្តេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ដ្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរវិន័យទៀតផង។ ព្រះអង្គនឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយវស្សា ពីរវស្សា និងពាក់កណ្ដាលវស្សា។ ២៦ បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រងចេញពីស្តេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញឲ្យវិនាសសូន្យរហូតតទៅ។ ២៧ ប្រជាជនដ៏វិសុទ្ធនៃព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
២៨ «សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីអែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។