ព្រះនាងអេសធែរ
ពាក្យលំនាំ
កណ្ឌគម្ពីរព្រះនាងអេសធែរជាភាសាហេប្រឺ
គម្ពីរអេសធែរ រៀបរាប់អំពីរបៀបដែលជនជាតិយូដារួចផុតពីការប្រល័យពូជសាសន៍។ ហេតុការណ៍នេះកើតមាននៅជំនាន់ ដែលចក្រភពពែរ្សត្រួតត្រាលើមជ្ឈិមបូព៌ាប្រទេស គឺចាប់តាំងពីស្រុកឥណ្ឌា រហូតដល់ស្រុកអេត្យូពី។ ជនជាតិយូដាមួយចំនួនធំ ដែលត្រូវគេកៀរទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន ពុំបានវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ ក្រោយពេលជនជាតិបាប៊ីឡូនបែកស្រុក (ឆ្នាំ ៥៣៩មុនគ.ស.) នោះឡើយ។ ជនជាតិយូដាទាំងនោះតែងជួបប្រទះនូវការប្រឆាំងពីសំណាក់ជាតិសាសន៍ផ្សេងៗ ដែលរស់នៅជាមួយពួកគេ ដ្បិតជនជាតិយូដាមានជំនឿសាសនា និងទំនៀមទម្លាប់ខុសប្លែកពីសាសន៍ដទៃ។ កណ្ឌគម្ពីរនេះរៀបរាប់ប្រាប់យើងអំពីវិវាទរវាងលោកហាម៉ាន់ ជាមហាមន្ត្រីរបស់ព្រះចៅស៊ែរសេស និងលោកម៉ាដេកាយ ជាជនជាតិយូដា ដែលបណ្តាលឲ្យមានគម្រោងការប្រល័យពូជសាសន៍យូដាទាំងមូល។ ប៉ុន្តែ នាងអេសធែរ ជាក្មួយរបស់លោកម៉ាដេកាយ បានឡើងទៅជាមហាក្សត្រិយានី ហើយរំដោះជនជាតិយូដាឲ្យរួចផុតពីការប្រល័យពូជសាសន៍។ ថ្ងៃដែលគេគ្រោងទុកដើម្បីប្រល័យពូជសាសន៍យូដា បានក្លាយទៅជាថ្ងៃដែលជនជាតិយូដាប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនទៅវិញ ហើយថ្ងៃនោះ ជាដើមកំណើតនៃពិធីបុណ្យមួយរបស់ជនជាតិយូដាឈ្មោះ «បុណ្យពួរីម»។
គម្ពីរអេសធែរបង្ហាញឲ្យយើងឃើញនូវគំនិតជាតិនិយមរបស់ជនជាតិយូដា ដែលជំរុញឲ្យពួកគេមានបំណងសងសឹកខ្មាំងសត្រូវរបស់ខ្លួន។ គំនិតសងសឹកនេះជាប្រតិកម្មនឹងការប្រកាន់ពូជសាសន៍ ព្រមទាំងអំពើហិង្សារបស់សាសន៍ដទៃចំពោះជនជាតិយូដា។ គម្ពីរអេសធែរធ្វើឲ្យយើងចងចាំថា ការប្រកាន់ពូជសាសន៍ ការមិនព្រមទទួលអ្នកដទៃបង្កឲ្យមានតែអំពើហិង្សា ហើយអំពើហិង្សាបង្កឲ្យមានតែអំពើហិង្សារឹតតែខ្លាំងថែមទៀត។
នៅជំនាន់មួយដែលជនជាតិយូដាបាត់បង់បូរណភាពទឹកដី ហើយស្ថិតនៅក្រោមអំណាចត្រួតត្រារបស់សាសន៍ដទៃ ពួកគេលែងមានសង្ឃឹមថានឹងទទួលឯករាជជាតិទៀតហើយ។ រឿង «ព្រះនាងអេសធែរ» រំឭកពួកគេអំពីការរំដោះមួយដ៏ធំធេង ដែលផ្តល់ឲ្យពួកគេមានសេចក្ដីសង្ឃឹមឡើងវិញ។
អត្ថបទបន្ថែមជាភាសាក្រិក
ជនជាតិយូដាដែលរស់នៅខ្ចាត់ខ្ចាយនៅមជ្ឈិមបូព៌ា បកប្រែគម្ពីរវិន័យនៅសតវត្សទី៣ រួចនាំគ្នាបកប្រែកណ្ឌព្យាការី និងកណ្ឌផ្សេងតាមក្រោយ (គម្ពីរនោះហៅថា «គម្ពីរចិតសិប» LXX)។ អ្នកបកប្រែបន្ថែមសេចក្តីជាច្រើន ឧប. ក្នុងកណ្ឌព្រះនាងអេសធែរ គេបន្ថែម ៩៣ ខ លើសពី ១៦៧ នៃគម្ពីរដើមជាភាសាហេប្រឺ។
កណ្ឌទាំងពីរមានសាច់រឿងប្រហែលគ្នា ប៉ុន្តែ អ្នកបកប្រែដូរឈ្មោះជាច្រើន (ព្រះនាងអ័ស្ទីនជំនួសព្រះនាងវ៉ាស្ទី ព្រះចៅអ័រតាស៊ែរសេសជំនួសព្រះចៅស៊ែរសេស) ហើយបន្ថែមអត្ថបទប្រាំមួយ (មានកំណត់តាមអក្សរ ក ខ គ ឃ ង ច ឆ)។
ក និងច នៅខាងដើម និងនៅខាងចុងនៃរឿង ដើម្បីបញ្ជាក់អត្ថន័យរឿង គឺព្រះជាម្ចាស់ណែនាំប្រជាជននានា ព្រះអង្គលើកស្ទួយប្រជាជន ដែលព្រះអង្គបានជ្រើសរើស និងទម្លាក់អ្នកដឹកនាំដែលមានចិត្តព្រហើនកោងកាច។
ខ និងង រៀបរាប់អំពីរាជក្រឹត្យបញ្ជាឲ្យប្រល័យពូជសាសន៍យូដា។
គ ជាពាក្យទូលអង្វររបស់លោកម៉ាដេកាយ និងព្រះនាងអេសធែរ។
ឃ តំណាលអំពីព្រះនាងចូលទៅគាល់ព្រះបាទអ័រតារស៊ែរសេស។
ក្នុងកណ្ឌជាភាសាហេប្រឺ មានខតែមួយ ដែលបញ្ជាក់អំពីព្រះជាម្ចាស់យាងមកជួយគេ (៤,១៤)។ ផ្ទុយទៅវិញ ក្នុងកណ្ឌប្រែជាភាសាក្រិក មានពន្យល់សេចក្តីនេះជាហូរហែ។ របៀបនិពន្ធទាំងពីរយ៉ាងនេះ បញ្ជាក់អំពីរបៀបពីរ ដែលអ្នកជឿតែងតែប្រកាសជំនឿរបស់ខ្លួន គឺអ្នកនិពន្ធកណ្ឌជាភាសាហេប្រឺយល់ឃើញថា ព្រះជាម្ចាស់មានសកម្មភាពតាមរយៈសកម្មភាពរបស់មនុស្ស ជាពិសេស នៅគ្រាដែលមនុស្សឃោឃៅធ្វើបាបអ្នកតូចតាច។ រីឯអ្នកនិពន្ធកណ្ឌជាភាសាក្រិក យល់ឃើញថា ព្រះជាម្ចាស់នៅតែមានសកម្មភាពដោយផ្ទាល់ព្រះអង្គជានិច្ច។
1ក
សុបិននិមិត្តរបស់លោកម៉ាដេកាយ
១ នៅថ្ងៃទីមួយ ខែចេត្រ ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅអ័រតាស៊ែរសេស ដ៏ប្រសើរឧត្ដម លោកម៉ាដេកាយ យល់សុបិនដ៏អស្ចារ្យ។ លោកម៉ាដេកាយ ជាកូនរបស់លោកយ៉ាអៀរ ជាចៅរបស់លោកស៊ីម៉ាយ ជាចៅទួតរបស់លោកគីស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ២ លោកម៉ាដេកាយ ជាជនជាតិយូដា រស់នៅក្នុងក្រុងស៊ូសា លោកជាជនដ៏សំខាន់មួយរូប ដែលបម្រើការងារក្នុងរាជវាំង។ ៣ លោកជាមនុស្សម្នាក់ក្នុងចំណោមប្រជាជន ដែលព្រះបាទនេប៊ូកានេសារ ជាស្ដេចស្រុកបាប៊ីឡូន កៀរពីក្រុងយេរូសាឡឹម ទៅជាមួយព្រះបាទយេខូនីយ៉ា ជាស្ដេចស្រុកយូដា។ ៤ លោកម៉ាដេកាយ សុបិនដូចតទៅ៖ មានឮសូរសម្រែកជាខ្លាំង និងស្នូរប្រជាជនជ្រួលច្របល់ ផ្គរលាន់ ផែនដីរញ្ជួយ ហើយមានកើតចលាចល នៅលើផែនដីទាំងមូល។ ៥ ស្រាប់តែមាននាគធំៗពីរលេចឡើង បម្រុងនឹងតយុទ្ធគ្នា។ នាគទាំងពីរនោះ ស្រែកលាន់ឮរំពងយ៉ាងខ្លាំង។ ៦ ពេលឮសូរសម្រែកនោះ ប្រជាជាតិនីមួយៗប្រុងទៅច្បាំងនឹងប្រជាជាតិមួយទៀត ដែលមានសុទ្ធតែមនុស្សសុចរិត។
៧ ថ្ងៃនោះជាថ្ងៃងងឹតអន្ធការ ជាថ្ងៃដែល ប្រជាជនជួបគ្រោះអាសន្ន និងតប់ប្រមល់ ជាថ្ងៃត្រូវគេសង្កត់សង្កិន និងជ្រួលច្របល់យ៉ាងខ្លាំងនៅលើផែនដី។ ៨ ប្រជាជាតិរបស់មនុស្សសុចរិតទាំងមូលនាំគ្នាជ្រួលច្របល់ និងតក់ស្លុតចំពោះទុក្ខលំបាក ដែលកំពុងតែគំរាមកំហែងពួកគេ។ ពួកគេហៀបនឹងបាត់បង់ជីវិត ៩ ហើយនាំគ្នា ស្រែកអង្វររកព្រះជាម្ចាស់។ បន្ទាប់ពីសូរសម្រែកនេះ មានទន្លេមួយដ៏ធំ មានទឹកជាច្រើនហូរហៀរ ហាក់ដូចជាផុសចេញពីប្រភពទឹកមួយដ៏តូច។ ១០ បន្ទាប់មក មានពន្លឺមួយរះឡើងជាមួយ ព្រះអាទិត្យ។ ពេលនោះ ព្រះជាម្ចាស់លើកពួកអ្នកដែលត្រូវគេជិះជាន់ឲ្យងើបឡើង ហើយពួកគេ នាំគ្នាត្របាក់លេបបំផ្លាញពួកខ្មាំងដែលអួតបំប៉ោង។
១១ លុះភ្ញាក់ឡើង ដោយឃើញក្នុងសុបិនពីការ ដែលព្រះជាម្ចាស់សម្រេចព្រះហឫទ័យ នឹងប្រព្រឹត្តនោះ លោកម៉ាដេកាយក៏ចងចាំសេចក្ដីនេះ ទុកក្នុងចិត្ត ហើយរិះគិតពិចារណាពេញមួយថ្ងៃ ដើម្បីយល់អំពីអត្ថន័យនៃសុបិននេះ។
លោកម៉ាដេកាយវែកមុខជនក្បត់
១២ មានថ្ងៃមួយ លោកម៉ាដេកាយសម្រាកនៅទីលានរាជវាំង ជាពេលដែលលោកកាបាថា និងលោកថារ៉ា ជាមហាតលិកកំពុងតែយាមនៅទីនោះដែរ។ ១៣ លោកឮគេទាំងពីរនាក់និយាយគ្នា លោកក៏លួចស្តាប់ ដោយចង់ដឹងពីគម្រោងការរបស់ពួកគេ។ លោកដឹងថា គេប៉ុនប៉ងធ្វើគុតព្រះចៅអ័រតាស៊ែរសេស។ លោកក៏ទៅទូលព្រះមហាក្សត្រ ឲ្យជ្រាបពីហេតុការណ៍នេះ។ ១៤ ស្ដេចហៅមហាតលិកទាំងពីរនាក់មកសួរ ពួកគេក៏ព្រមទទួលសារភាព។ បន្ទាប់មកស្ដេចក៏បញ្ជាឲ្យចាប់គេ ទាំងពីរនាក់ទៅសម្លាប់។ ១៥ ព្រះរាជាបញ្ជាឲ្យគេកត់ត្រាហេតុការណ៍ទាំងនេះ ទុកជាការចងចាំ ហើយលោកម៉ាដេកាយ ក៏សរសេរសេចក្ដីនេះទុកដែរ។ ១៦ ស្ដេចបញ្ជាឲ្យលោកម៉ាដេកាយ នៅបម្រើក្នុងរាជវាំងតទៅទៀត ហើយប្រទានរង្វាន់ជាច្រើនឲ្យលោក ដើម្បីតបស្នងសងគុណលោក។ ១៧ ពេលនោះ លោកហាម៉ាន់ ដែលជាអ្នកអួតបំប៉ោង ជាកូនរបស់លោកហាម៉ាដាតា ជាមន្ត្រីជំនិតរបស់ស្ដេចដែរ។ គាត់រិះរកគ្រប់មធ្យោបាយ ដើម្បីកម្ចាត់លោកម៉ាដេកាយ ព្រមទាំងប្រជាជនរបស់លោក ព្រោះតែរឿងមហាតលិកពីរនាក់ដែលគេយកទៅសម្លាប់នោះ។
១
ពិធីជប់លៀងនៅក្នុងវាំងរបស់ព្រះចៅស៊ែរសេស
១ នេះជាព្រឹត្តិការណ៍ដែលកើតមាន នៅជំនាន់ព្រះចៅស៊ែរសេស។ ព្រះចៅស៊ែរសេសគ្រប់គ្រងលើអាណាខេត្ត ចំនួនមួយរយម្ភៃប្រាំពីរ គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។ ២ នៅជំនាន់នោះ ព្រះចៅស៊ែរសេសសោយរាជ្យនៅក្រុងស៊ូសា ជារាជធានី។ ៣ នៅឆ្នាំទីបីនៃរជ្ជកាលរបស់ស្តេច ស្តេចបានរៀបចំពិធីជប់លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្តេច ព្រមទាំងមេទ័ពពែរ្ស និងម៉ែដ ពួកអ្នកមុខអ្នកការ និងទេសាភិបាលរបស់អាណាខេត្តទាំងអស់។ ៤ ស្តេចចង់បង្ហាញរាជទ្រព្យដ៏ស្តុកស្តម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្តេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។ ៥ នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្តេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំង ចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសា ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។ ៦ គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកម្រាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។ ៧ គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្តេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។ ៨ ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្តេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។ ៩ រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅស៊ែរសេសដែរ។
ព្រះចៅស៊ែរសេសដកតំណែងមហាក្សត្រិយានីពីព្រះនាងវ៉ាសធី
១០ នៅថ្ងៃទីប្រាំពីរ សុរាបានធ្វើឲ្យព្រះចៅស៊ែរសេសមានព្រះហឫទ័យសប្បាយក្រៃលែង។ ស្តេចបង្គាប់លោកមេហូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកការកាស ជាមហាតលិកទាំងប្រាំពីររូប ដែលនៅបម្រើស្តេច ១១ ឲ្យយាងព្រះមហាក្សត្រិយានីវ៉ាសធីមកគាល់ស្តេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។ ១២ ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។ ១៣ ស្តេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្តេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។ ១៤ អ្នកទាំងនោះមាន: លោកការសេណា លោកសេតារ លោកអាដម៉ាតា លោកតារស៊ីស លោកម៉េរ៉េស លោកម៉ារសេណា លោកម៉េមូកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិម៉ែដ និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្តេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។ ១៥ ព្រះចៅស៊ែរសេសសួរថា ក្នុងករណីដែលព្រះមហាក្សត្រិយានីវ៉ាសធីពុំព្រមធ្វើតាមបញ្ជារបស់ស្តេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។
១៦ លោកម៉េមូកានមានប្រសាសន៍នៅចំពោះមុខស្តេច និងមេដឹកនាំថា៖ «ព្រះមហាក្សត្រិយានីមិនបានធ្វើខុសចំពោះព្រះរាជាប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះចៅស៊ែរសេសដែរ ១៧ ដ្បិតរឿងរបស់ព្រះមហាក្សត្រិយានី នឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅស៊ែរសេស ចេញបញ្ជាឲ្យយាងព្រះមហាក្សត្រិយានីមកគាល់ស្តេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។ ១៨ ឥឡូវនេះ ភរិយារបស់មេដឹកនាំទាំងឡាយនៃជនជាតិពែរ្ស និងជនជាតិម៉ែដ ឮដំណឹងថា ព្រះមហាក្សត្រិយានីមិនស្ដាប់បង្គាប់ព្រះករុណា ពួកគេមុខជាធ្វើបែបនេះចំពោះស្វាមីរបស់ខ្លួនដែរ ជាហេតុបណ្តាលឲ្យស្វាមីមានកំហឹង ព្រោះតែភរិយាមើលងាយ។ ១៩ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិម៉ែដ គឺហាមព្រះមហាក្សត្រិយានីវ៉ាសធីមិនឲ្យចូលមកជួបព្រះភ័ក្ត្រព្រះករុណារហូតតទៅ ហើយសូមព្រះករុណាផ្ទេរតំណែងរបស់ព្រះនាងទៅឲ្យព្រះមហេសីមួយអង្គទៀត ដែលប្រសើរជាងព្រះនាង។ ២០ ពេលណាប្រជាជនដឹងអំពីសេចក្ដីសម្រេចដ៏សំខាន់ ដែលព្រះរាជាប្រកាសក្នុងរាជាណាចក្រទាំងមូល ស្ត្រីទាំងអស់មុខជាគោរពប្ដីរបស់ខ្លួន តាំងពីអ្នកធំរហូតដល់អ្នកតូច»។
២១ ព្រះរាជាសព្វព្រះហឫទ័យនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ព្រះរាជាក៏ធ្វើតាមសំណើរបស់លោកម៉េមូកាន ២២ គឺស្តេចផ្ញើរាជសារទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីឲ្យប្ដីៗទាំងអស់ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយគ្រួសារនោះត្រូវនិយាយភាសាកំណើតរបស់ប្ដី។