បទ​ចម្រៀង ៣

Written on 19/12/2025
Boy KANN

1  ពេល​យប់​នៅ​លើ​គ្រែ
    ខ្ញុំ​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
    ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ទេ។
 ខ្ញុំ​ក៏​ក្រោក​ឡើង ដើរ​ពាស‌ពេញ​ទី‌ក្រុង
    ដើម្បី​ស្វែង​រក​ម្ចាស់​ចិត្ត​របស់​ខ្ញុំ
    នៅ​តាម​ផ្លូវ នៅ​តាម​ផ្សារ
    ខ្ញុំ​ស្វែង​រក​គាត់ តែ​រក​ពុំ​ឃើញ​ឡើយ។
3  ខ្ញុំ​បាន​ជួប​នឹង​ពួក​អ្នក​យាម‌ល្បាត​ទី‌ក្រុង
    ខ្ញុំ​សួរ​ថា «តើ​អ្នក​រាល់​គ្នា​បាន​ឃើញ
    ម្ចាស់​ចិត្ត​របស់​ខ្ញុំ​ទេ?»
 ខ្ញុំ​ដើរ​ហួស​ពួក​អ្នក​យាម‌ល្បាត​បន្តិច​ទៅ
    ខ្ញុំ​ក៏​បាន​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ។
    ខ្ញុំ​ឱប​គាត់​ជាប់ ឥត​ដក​ដៃ​ឡើយ
    ខ្ញុំ​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​ខ្ញុំ
    ចូល​ទៅ​ក្នុង​បន្ទប់​របស់​ម្ដាយ
    ដែល​បាន​បង្កើត​ខ្ញុំ​មក។
5  ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម​អើយ
    ខ្ញុំ​សូម​ប្រាប់​ពួក​នាង ដោយ​យក​សត្វ​ក្តាន់
    និង​សត្វ​ប្រើស ធ្វើ​ជា​សាក្សី​ថា
    មុន​នឹង​ម្ចាស់​ចិត្ត​របស់​ខ្ញុំ​យល់​ស្រប
    កុំ​ដាស់​សេចក្ដី​ស្រឡាញ់​ឡើយ។
 
6  តើ​នរណា​ឡើង​ពី​វាល​រហោ‌ស្ថាន
    ដូច​កំសួល​ផ្សែង ដូច​ពពក​ដែល​មាន​ក្លិន​ទេព្វិរូ
    គ្រឿង​ក្រអូប និង​ម្សៅ​ក្រអូប​របស់​អ្នក​ជំនួញ?
7  នេះ​ជា​គ្រែ​ស្នែង​របស់​ព្រះ‌បាទ​សាឡូម៉ូន
    ដែល​ហែ‌ហម​ដោយ​ទាហាន​ដ៏​អង់‌អាច
    ចំនួន​ហុក‌សិប​នាក់
    គឺ​ជា​ទាហាន​ដ៏​អង់‌អាច​ជាង​គេ
    នៃ​កង‌ទ័ព​អ៊ីស្រា‌អែល។
8  អ្នក​ទាំង​នោះ​ប្រដាប់​អាវុធ
    រៀប‌ចំ​ខ្លួន​ធ្វើ​សឹក​សង្គ្រាម។
    ម្នាក់ៗ​ស្ពាយ​ដាវ ត្រៀម​ខ្លួន​ត‌ទល់​នឹង
    ភាព​អាសន្ន នៅ​ពេល​យប់។
 ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​គ្រែ​ស្នែង​មួយ
    ពី​ឈើ​ស្រុក​លីបង់។
10 ស្តេច​បាន​ធ្វើ​បង្គោល​ពី​ប្រាក់ បង្អែក​ពី​មាស
    រីឯ​ខ្នើយ​ធ្វើ​ពី​ក្រណាត់​ពណ៌​ក្រហម​ទុំ។
    ផ្នែក​ខាង​ក្នុង លំអ​ដោយ​ក្រណាត់​ប៉ាក់
    ជា​ស្នា‌ដៃ​របស់​ស្ត្រីៗ​ក្រុង​យេរូ‌សាឡឹម
    ដែល​បំពេញ​កិច្ច‌ការ​នេះ​ដោយ​ចិត្ត​ស្រឡាញ់។
11 ស្ត្រី​នៅ​ក្រុង​ស៊ីយ៉ូន​អើយ
    ចូរ​នាំ​គ្នា​ចេញ​មក​មើល​ព្រះ‌បាទ​សាឡូម៉ូន
    ស្តេច​ពាក់​មកុដដែល​មាតា​បាន​បំពាក់​ថ្វាយ
    នៅ​ថ្ងៃ​ស្តេច​រៀប​អភិសេក
    ជា​ថ្ងៃ​ដែល​ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​រីក‌រាយ។