អ្នកទុកចិត្តលើព្រះជាម្ចាស់ និងអ្នកទុកចិត្តលើទ្រព្យសម្បត្តិ
១ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។
ទំនុករបស់ស្តេចដាវីឌ។
២ នៅគ្រាដែលលោកដូអេក ជាជនជាតិអេដុម
ទៅទូលស្តេចសាអ៊ូលថា ស្តេចដាវីឌបាន
រត់ទៅជ្រកកោននឹងស្តេចអហ៊ីម៉ាឡេក។
៣ អ្នកខ្លាំងពូកែអើយ
ហេតុអ្វីបានជាអ្នកចេះតែអួត
ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ?
ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច!។
៤ រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ
ចង់ប្រព្រឹត្តអំពើទុច្ចរិត
ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត
គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។
៥ អ្នកចូលចិត្តការអាក្រក់ជាងការល្អ
ហើយចូលចិត្តកុហកជាងនិយាយការពិត។
៦ អ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេ
អ្វីៗដែលអ្នកពោលចេញមក
សុទ្ធតែអាស្រូវទាំងអស់។
៧ ហេតុនេះ ព្រះជាម្ចាស់នឹងបំផ្លាញ
អ្នករហូតតទៅជាមិនខាន
ព្រះអង្គនឹងដកហូតអ្នកចេញពីផ្ទះសំបែងរបស់ខ្លួន
ហើយព្រះអង្គនឹងយកអ្នកចេញ
ពីពិភពលោកដែលយើងរស់នៅនេះ។ - សម្រាក
៨ មនុស្សសុចរិតនឹងឃើញ
ហើយកោតខ្លាចទៀតផង
គេនាំគ្នាសើច ទាំងពោលថា:
៩ «មើលអ្នកនុ៎ះ!
គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេ
គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន
ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
១០ រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងព្រះដំណាក់
របស់ព្រះជាម្ចាស់
ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី
ខ្ញុំពឹងផ្អែកលើព្រះហឫទ័យមេត្តាករុណា
របស់ព្រះជាម្ចាស់រហូតតទៅ។
១១ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គជានិច្ច
ចំពោះកិច្ចការដែលព្រះអង្គបានធ្វើ
ទូលបង្គំសង្ឃឹមទុកចិត្តលើព្រះនាមព្រះអង្គ
នៅចំពោះមុខអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ
ព្រោះព្រះអង្គមានព្រះហឫទ័យល្អសប្បុរស។