សេផានី ២

Written on 19/12/2025
Boy KANN

ចូរ​កែ​ប្រែ​ចិត្ត​គំនិត
  ប្រជា‌ជាតិ​ដែល​មិន​ចេះ​ខ្មាស​អើយ
    ចូរ​ប្រមូល​ផ្តុំ​គ្នា​រិះ‌គិត​ពិចារណា
២  មុន​ពេល​ព្រះ‌អម្ចាស់​ប្រកាស​ដាក់​ទោស
    មុន​ពេល​អ្នក​រាល់​គ្នា​ត្រូវ​ខ្ចាត់‌ខ្ចាយ​ដូច​ចំបើង
    ប៉ើង​តាម​ខ្យល់
    និង​មុន​ពេល​ព្រះ‌អម្ចាស់​ធ្វើ​ទោស​អ្នក​រាល់​គ្នា
    នៅ​ថ្ងៃ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង!
៣  អ្នក​ទាំង​អស់​គ្នា​ជា​មនុស្ស​ទន់‌ទាប
    នៅ​ក្នុង​ស្រុក​អើយ
    អ្នក​រាល់​គ្នា​តែង‌តែ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ
    ដូច្នេះ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ទៅ។
    ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ហើយ​បន្ទាប​ខ្លួន
    នោះ​ប្រហែល​ជា​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត
    នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌ពិរោធ។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ជាតិ​សាសន៍​នានា ដែល​នៅ​ជុំ‌វិញ​ស្រុក​អ៊ីស្រា‌អែល
៤  ក្រុង​កាសា​នឹង​ត្រូវ​ប្រជាជន​បោះ​បង់​ចោល
    ក្រុង​អាស្កា‌ឡូន​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
    ក្រុង​អាស្ដូដ​នឹង​ត្រូវ​គេ​កៀរ​ប្រជាជន​ចេញ
    ទាំង​កណ្ដាល​ថ្ងៃ​ត្រង់
    ក្រុង​អេក្រូន​នឹង​ត្រូវ​គេ​ដក​ទាំង​ឫស។
៥  ប្រជា‌ជាតិ​កេរី‌ទី​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ
    មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន
    ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ប្រឆាំង​នឹង
    អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន
    ស្រុក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក
    លែង​ឲ្យ​មាន​ប្រជាជន​រស់​នៅ​ទៀត​ហើយ។
៦  ស្រុក​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​នឹង​ក្លាយ​ទៅ​ជា
    វាល​ស្មៅ​សម្រាប់​សត្វ ជា​កន្លែង​ឃ្វាល​ហ្វូង​សត្វ
    និង​ជា​កន្លែង​ដែល​គេ​ទុក​ឲ្យ​ហ្វូង​សត្វ​នៅ»។
៧  កូន​ចៅ​យូដា​ដែល​នៅ​សេស‌សល់​នឹង
    ប្រើ​ទឹក​ដី​នេះ​សម្រាប់​ឃ្វាល​ហ្វូង​សត្វ​របស់​ខ្លួន។
    ពួក​គេ​នឹង​យក​ផ្ទះ​នានា​នៅ​ក្នុង​ក្រុង​អាស្កា‌ឡូន
    ធ្វើ​ជា​ជម្រក​ស្នាក់​អាស្រ័យ​នៅ​ពេល​យប់។
    ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​ធ្វើ​ដូច្នេះ
    ដើម្បី​ជា​ប្រយោជន៍​ដល់​ពួក​គេ នៅ​ពេល
    ព្រះ‌អង្គ​ស្តារ​ស្រុក​របស់​ពួក​គេ​ឡើង​វិញ។
៨  «យើង​បាន​ឮ​ពាក្យ​ដែល​អ្នក​ស្រុក​ម៉ូអាប់
    និង​អ្នក​ស្រុក​អាំម៉ូន​ជេរ​ប្រមាថ
    ត្មះ‌តិះ‌ដៀល​ប្រជា‌រាស្ដ្រ​របស់​យើង
    ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ផង។
៩  ហេតុ​នេះ យើង​ជា​ព្រះ​ដែល​មាន​ជីវិត​គង់​នៅ
    យើង​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា:
    ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុម
    ស្រុក​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ
    គឺ​ជា​កន្លែង​ដែល​មាន​បន្លា​ដុះ​ពាស‌ពេញ
    ជា​ស្រែ​អំបិល និង​ជា​ទី​ស្មសាន​រហូត​ត​ទៅ។
    ប្រជា‌រាស្ដ្រ​របស់​យើង​ដែល​នៅ​សេស‌សល់
    នឹង​រឹប​អូស​យក​ទ្រព្យ​របស់​ពួក​គេ
    ហើយ​ចាប់​យក​ទឹក​ដី​របស់​ពួក​គេ​ទៀត​ផង»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព
    ទាំង​មូល ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។
១០ ហេតុ‌ការណ៍​កើត​មាន​ដូច្នេះ បណ្តាល​មក​ពី
    ពួក​គេ​មាន​អំនួត ពួក​គេ​ត្មះ‌តិះ‌ដៀល
    ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    ព្រម​ទាំង​ឈ្លាន‌ពាន​ទឹក​ដី​របស់​គេ​ទៀត​ផង។
១១ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ស្ញែង​ខ្លាច
    ដ្បិត​ព្រះ‌អង្គ​នឹង​លុប​បំបាត់​ព្រះ​ទាំង​ប៉ុន្មាន
    ឲ្យ​អស់​ពី​ផែន‌ដី
    ប្រជា‌ជាតិ​ដែល​រស់​នៅ​តាម​កោះ​ទាំង‌ឡាយ
    នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ
    នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន។
១២ «ជន​ជាតិ​អេត្យូ‌ពី​អើយ
    អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ
    យើង​នឹង​ចាក់​ទម្លុះ​អ្នក​រាល់​គ្នា
    ដោយ​ដាវ​របស់​យើង»។
១៣ ព្រះ‌អម្ចាស់​នឹង​លើក​ព្រះ‌ហស្ដ​វាយ​ប្រហារ
    ស្រុក​ខាង​ជើង
    ព្រះ‌អង្គ​នឹង​កម្ទេច​ស្រុក​អាស្ស៊ីរី
    ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ក្រុង​នីនីវេ
    ក្លាយ​ទៅ​ជា​ទី​ស្មសាន
    ជា​កន្លែង​ហួត‌ហែង​ដូច​វាល​រហោ‌ស្ថាន។
១៤ ហ្វូង​សត្វ​នឹង​មក​ធ្វើ​ជម្រក​នៅ​កណ្ដាល​ក្រុង​នោះ
    ហើយ​សត្វ​គ្រប់​ប្រភេទ គឺ​មាន​សត្វ​ទុង កាំ‌ប្រមា
    ក៏​មក​ជ្រក​នៅ​តាម​សសរ​អាគារ​របស់​ក្រុង​នោះ​ដែរ។
    សំឡេង​សត្វ​ព្រៃ​នឹង​លាន់​ឮ​នៅ​តាម​បង្អួច។
    ក្រប​ទ្វារ​ផ្ទះ​បាក់​បែក​អស់
    ហើយ​ឈើ​ដ៏​មាន​តម្លៃ​ក៏​បាក់​ជ្រុះ​អស់​ដែរ។
១៥ មើល៍! ទីក្រុង​ដែល​ធ្លាប់​តែ​សប្បាយ
    ស្គាល់​តែ​សេចក្ដី​សុខ‌សាន្ត ហើយ​តែង​គិត​ថា
    គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​ខ្លួន
    បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​ជម្រក​សត្វ​ព្រៃ។
    អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
    នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​ព្រឺ​សម្បុរ។