អេសាយ ១៧

Written on 09/02/2026
Boy KANN

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ដាម៉ាស និង​ស្រុក​អ៊ីស្រា‌អែល

 សេចក្ដី​ប្រកាស​ស្តី​អំពី​ក្រុង​ដាម៉ាស:
ថ្ងៃ​មួយ ដាម៉ាស​នឹង​លែង​ជា​ទី‌ក្រុង
ទៀត​ហើយ
គឺ​ក្លាយ​ទៅ​គំនរ​បាក់‌បែក។
 ក្រុង​នានា​របស់​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ
បោះ‌បង់​ចោល​រហូត​ត​ទៅ
គឺ​មាន​តែ​ហ្វូង​សត្វ​ប៉ុណ្ណោះ​ដែល​នាំ​គ្នា​មក​ជ្រក
នៅ​ទី​នោះ ឥត​មាន​នរណា​រំខាន​វា​ឡើយ។
 នគរ​អេប្រា‌អ៊ីម​នឹង​លែង​មាន​បង្អែក​ការ‌ពារ
ហើយ​នគរ​ដាម៉ាស​នឹង​បាត់‌បង់​រាជ្យ។
រីឯ​ជន​ជាតិ​ស៊ីរី​ដែល​នៅ​សេស‌សល់​នឹង​ត្រូវ
អាប់​ឱន​ដូច​ជន​ជាតិ​អ៊ីស្រា‌អែល​ដែរ។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
 នៅ​ថ្ងៃ​នោះ ភាព​ថ្កុំ‌ថ្កើង​របស់
កូន​ចៅ​លោក​យ៉ាកុប​នឹង​ត្រូវ​ចុះ​ឱន​ថយ
គេ​នឹង​បាត់‌បង់​ភោគ‌ទ្រព្យ
ហើយ​ក្លាយ​ទៅ​ជា​ក្រ‌ខ្សត់។
 ស្រុក​អ៊ីស្រា‌អែល​ប្រៀប​បាន​ទៅ​នឹង​ស្រែ
ដែល​គេ​ទើប​នឹង​ច្រូត​កាត់​រួច
គ្មាន​អ្វី​នៅ​សល់​សោះ
គឺ​ដូច​វាល​ទំនាប​រេផាអ៊ីម
នៅ​ពេល​ដែល​គេ​ទើប​នឹង​ប្រមូល​ស្រូវ​អស់។
 មាន​ប្រជាជន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ
ដែល​នៅ​សល់
គឺ​ស្រុក​អ៊ីស្រា‌អែល​ប្រៀប​បាន​នឹង
ដើម​អូលីវ​ដែល​គេ​ទើប​នឹង​បេះ​ផ្លែ​រួច
នៅ​ខាង​ចុង​មាន​សល់​ពីរ​បី​ផ្លែ
ហើយ​តាម​មែក​មាន​សល់​បួន​ប្រាំ​ផ្លែ។
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។
៧ នៅ​ថ្ងៃ​នោះ មនុស្ស​នឹង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ភ្នែក​របស់​គេ​សម្លឹង​ឆ្ពោះ​ទៅ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល។ ៨ គេ​លែង​ផ្តោត​អារម្មណ៍​ទៅ​រក​អាសនៈ ដែល​ដៃ​របស់​ខ្លួន​បាន​ធ្វើ​នោះ​ទៀត​ហើយ គេ​ក៏​លែង​សម្លឹង​មើល​ទៅ​ស្តូប​ព្រះ‌អាសេ‌រ៉ា ឬ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប ដែល​ដៃ​របស់​គេ​បាន​សង់​ឡើង​នោះ​ទៀត​ដែរ។
 នៅ​ថ្ងៃ​នោះ ទី‌ក្រុង​របស់​គេ​ដែល​មាន​កំពែង​រឹង‌មាំ នឹង​ត្រូវ​បោះ‌បង់​ចោល​ឲ្យ​នៅ​ស្ងាត់‌ជ្រងំ ដូច​ក្រុង​នានា ដែល​ជន​ជាតិ​ហេវី និង​ជន​ជាតិ​អាម៉ូរី បោះ‌បង់​ចោល​នៅ​មុខ​ជន​ជាតិ​អ៊ីស្រា‌អែល គឺ​ឥត​មាន​សល់​អ្វី​ឡើយ។
១០ អ៊ីស្រា‌អែល​អើយ អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់
ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក
អ្នក​ពុំ​បាន​នឹក​ឃើញ​ព្រះ​ដែល​ជា​កំពែង​ការ‌ពារ​អ្នក​ទេ។
ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ
សម្រាប់​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។
១១ នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ
អ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង។
នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅ
វា​ក៏​ចេញ​ផ្កា​ភ្លាម។
ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះ
ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់
គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។

បរា‌ជ័យ​របស់​ខ្មាំង​សត្រូវ

១២ មាន​ឮ​ស្នូរ​សន្ធឹក​ប្រជាជន​ដ៏​ច្រើន​ឥត​គណនា
ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ
និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំង‌ឡាយ
គគ្រឹក‌គគ្រេង​ដូច​រលក​សមុទ្រ
១៣ សាសន៍​ទាំង‌ឡាយ​នាំ​គ្នា​បន្លឺ​សំឡេង​យ៉ាង
គគ្រឹក‌គគ្រេង​ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង
ប៉ុន្តែ ព្រះ‌អម្ចាស់​គំរាម​ពួក​គេ
ហើយ​ពួក​គេ​ក៏​រត់​ចេញ​ឆ្ងាយ
ពួក​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ ដូច​អង្កាម​ត្រូវ​ខ្យល់​ភ្នំ
ផាត់​បាត់​អស់​ទៅ និង​ដូច​លំអង​ផ្កា
ដែល​ត្រូវ​ខ្យល់​កួច​យក​ទៅ​ដែរ។
១៤ នៅ​ពេល​ល្ងាច ពួក​គេ​ភ័យ​ញ័រ​រន្ធត់
មុន​ពេល​ថ្ងៃ​រះ ពួក​គេ​វិនាស​សូន្យ​អស់​ាទៅ។
នេះ​ហើយ​ជា​ទុក្ខ‌ទោស​របស់​ពួក​អ្នក​ដែល​ប្លន់
និង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​យើង។