ម៉ាឡាគី ៣

Written on 19/12/2025
Boy KANN

  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    មាន​ព្រះ‌បន្ទូល​ថា៖
    «យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន
    ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។
    រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក
    នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។
    រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ
    កំពុង​តែ​មក​ហើយ»។
  ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក​ដល់
    តើ​នរណា​អាច​ទ្រាំ​បាន?
    នៅ​ពេល​ព្រះ‌អង្គ​លេច​មក
    តើ​នរណា​អាច​ឈរ​បាន?
    ដ្បិត​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក
    និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។
៣  ព្រះ‌អង្គ​នឹង​គង់​កាត់​ក្តី ដូច​ជាង​ទង​អង្គុយ
    រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។
    ព្រះ‌អង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ
    ព្រះ‌អង្គ​នឹង​បន្សុទ្ធ​ពួក​គេ
    ដូច​បន្សុទ្ធ​មាស និង​ប្រាក់។
    ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ
    មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ‌ត្រង់។
៤  ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល
    តង្វាយ​របស់​អ្នក​ស្រុក​យូដា
    និង​អ្នក​ក្រុង​យេរូ‌សាឡឹម
    ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។
៥  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «យើង​នឹង​មក​រក​អ្នក​រាល់​គ្នា
    ដើម្បី​វិនិច្ឆ័យ​ទោស។
    យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់
    ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង
    ពួក​ស្បថ​បំពាន
    ពួក​សង្កត់‌សង្កិន​កម្មករ
    ស្ត្រី‌មេម៉ាយ និង​ក្មេង​កំព្រា
    ពួក​ធ្វើ​បាប​ជន​បរទេស
    ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។
តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់
  «យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ
    រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា
    កូន​ចៅ​យ៉ាកុប​ដដែល​»។
៧  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «អ្នក​រាល់​គ្នា​ក៏​ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ដែរ
    អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ក្រឹត្យ​វិន័យ​របស់​យើង
    គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។
    ចូរ​នាំ​គ្នា​វិល​មក​រក​យើង
    នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។
    អ្នក​រាល់​គ្នា​ពោល​ថា:
    “យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។
៨  តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់
    ដូច​ម្ដេច​បាន?
    អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា
    “យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះ‌អង្គ​ដូច​ម្ដេច​ខ្លះ?”។
    គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច
    តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ
    ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!
៩  អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ!
    ព្រោះ​ប្រជា‌ជាតិ​ទាំង​មូល
    បាន​កេង‌ប្រវ័ញ្ច​យើង»។
១០ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន
    មក​ដាក់​នៅ​ក្នុង​ឃ្លាំង
    ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ
    ក្នុង​ដំណាក់​របស់​យើង។
    ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ
    នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា
    យើង​នឹង​បើក​ផ្ទៃ​មេឃ
    បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។
១១ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញ
    ដំណាំ​របស់​អ្នក​រាល់​គ្នា
    ហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា
    នឹង​ផ្តល់​ភោគ‌ផល​បរិបូណ៌»។
១២ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា
    អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន
    ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ
    ដ៏​សម្បូណ៌‌សប្បាយ»។
ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​គោរព​បម្រើ​ព្រះ‌អង្គ
១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក
    ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា:
    “តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គ
    ដូច​ម្ដេច​ខ្លះ?”។
១៤ អ្នក​រាល់​គ្នា​ពោល​ថា:
    “ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់
    តែ​គ្មាន​បាន​ការ​អ្វី​ទេ
    ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ
    ហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?
១៥ ពួក​យើង​សង្កេត​ឃើញ​ថា
    ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ
    ដែល​មាន​សុភមង្គល
    ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់
    បែរ​ជា​បាន​ចម្រុង​ចម្រើន​ទៅ​វិញ។
    ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្តី
    ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជា‌និច្ច”»។
១៦ ពេល​នោះ អស់​អ្នក​ដែល​គោរព
    កោត​ខ្លាច​ព្រះ‌អម្ចាស់
    ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក
    ព្រះ‌អម្ចាស់ព្រះ‌អង្គ​ព្រះ‌សណ្ដាប់
    ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង
    ពាក្យ​សម្ដី​របស់​ពួក​គេ។
    គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព
    កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ
    ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។
១៧ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក
    អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​យើង
    ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​ដែល​ជា
    ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។
    យើង​នឹង​ត្រា​ប្រណី​ពួក​គេ
    ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។
១៨ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា
    តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់
    ខុស​គ្នា​យ៉ាង​ណា
    ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់
    និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា
១៩ (៤.១) ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស
    ជិត​មក​ដល់​ហើយ
    ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។
    មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់
    នឹង​ប្រៀប​ដូច​ជា​ចំបើង។
    ថ្ងៃ​នោះ​នឹង​ឆេះ​កម្ទេច​ពួក​គេ
    ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
២០ (២) រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច
    នាម​យើង​វិញ
    ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក
    ដូច​ព្រះ‌អាទិត្យ​រះ​លើ​អ្នក​រាល់​គ្នា
    ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា
    បាន​ជា​សះ‌ស្បើយ​ផង។
    អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព
    អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ
    ដូច​គោ​ដែល​ចេញ​ពី​ក្រោល។
២១ (៣) នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក
    អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់
    ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ
    នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។
    នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
២២ (៤) ចូរ​នឹក​ដល់​វិន័យ​របស់​ម៉ូសេ
    ជា​អ្នក​បម្រើ​របស់​យើង
    ព្រម​ទាំង​វិន័យ និង​ច្បាប់​ផ្សេងៗ
    ដែល​យើង​បាន​ប្រគល់​ឲ្យ
    ជន​ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។
២៣ (៥) ចំណែក​ឯ​យើង​វិញ
    យើង​នឹង​ចាត់​ព្យាការី​អេលី​ឲ្យ​មក
    មុន​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដ៏​ឧត្តុង្គ‌ឧត្ដម
    គួរ​ឲ្យ​ស្ញែង​ខ្លាច។
២៤ (៦) គាត់​នឹង​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន
    ហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក។
    ដូច្នេះ យើង​នឹង​មិន​មក​បំផ្លាញ​ស្រុក​របស់
    អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សូន្យ​ឡើយ»។