សាការី ១៤

Written on 19/12/2025
Boy KANN

ថ្ងៃ​របស់​ព្រះ‌អម្ចាស់
  ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ជិត​ដល់​ហើយ!
    ប្រជាជន​ក្រុង​យេរូ‌សាឡឹម​អើយ
    ថ្ងៃ​នោះ ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ‌សម្បត្តិ
    របស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។
២  យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់
    ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។
    ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង
    ហើយ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​អស់​ពី​ផ្ទះ
    ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។
    អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ
    យក​ទៅ​ជា​ឈ្លើយ
    តែ​ប្រជាជន​ដែល​នៅ​សេស‌សល់
    មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទីក្រុង​ឡើយ។
៣  ព្រះ‌អម្ចាស់​នឹង​យាង​ចេញ​មក
    ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ
    ដូច​នៅ​ថ្ងៃ​ព្រះ‌អង្គ​ធ្វើ​សឹក​សង្គ្រាម
    និង​ថ្ងៃ​ព្រះ‌អង្គ​ប្រយុទ្ធ​នឹង​គូ​សត្រូវ។
៤  នៅ​ថ្ងៃ​នោះ ព្រះ‌អង្គ​ដាក់​ព្រះ‌បាទា
    លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង
    ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។\
    ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល
    ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច
    ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។
    ចំហៀង​ភ្នំ​ម្ខាង​កម្រើក​ទៅ​ខាង​ជើង
    ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។
៥  ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
    ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង
    ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង
    រហូត​ដល់​អាសាល់។
    អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
    ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែន‌ដី
    នៅ​ជំនាន់​អសា‌រីយ៉ា ជា​ស្តេច​ស្រុក​យូដា។
    ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក
    ហើយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ
    ក៏​មក​ជា​មួយ​ដែរ។
៦  នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ
    លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។
៧  ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា
    មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជ្រាប។
    ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ
    សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ
៨  នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្តល់​ជីវិត
    ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
    មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត
    មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច
    រដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។
៩  ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា​ក្សត្រ​គ្រង​រាជ្យ
    លើ​ផែន‌ដី​ទាំង​មូល។
    នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ
    ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​គត់
    គឺ​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។
១០ ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីមម៉ូន
    ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម
    នឹង​ទៅ​ជា​វាល​ទំនាប។
    គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
    នៅ​លើ​កន្លែង​ដដែល
    គឺ​ចាប់​តាំង​ពី​ទ្វារ​បេន‌យ៉ាមីន
    រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន
    និង​រហូត​ដល់​ទ្វារ​មុម
    ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នេអែល
    រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ
    របស់​ហ្លួង។
១១ ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជាជន​រស់​នៅ​ឡើង​វិញ
    ហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរ
    យេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។
១២ ព្រះ‌អម្ចាស់​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន
    ដែល​បាន​លើក​ទ័ព​មក​វាយ​លុក
    ក្រុង​យេរូ‌សាឡឹម
    ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:
    សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ
    នៅ​ពេល​ពួក​គេ​ឈរ
    គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក
    អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។
១៣ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​កើត
    វឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេ
    ម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។
១៤ អ្នក​ស្រុក​យូដា​នាំ​គ្នា​ការ‌ពារ​ក្រុង​យេរូ‌សាឡឹម
    ពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភណ្ឌ
    ពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ
    គឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។
១៥ គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ
    លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់
    នៅ​ក្នុង​ជំរំ​របស់​ពួក​គេ
    គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។
១៦ ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់
    ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម
    អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក
    ជា​រៀង​រាល់​ឆ្នាំ
    ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    ដែល​ជា​ព្រះ‌មហា​ក្សត្រ
    ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​បារាំ។
១៧ ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែន‌ដី
    មិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម
    ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    ដែល​ជា​ព្រះ‌មហា​ក្សត្រ​ទេ
    នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។
១៨ ប្រសិន​បើ​អំបូរ​របស់​ជន​ជាតិ​អេស៊ីប
    មិន​ឡើង​មក​ទេ
    ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន
    ចំពោះ​ពួក​គេ
    ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក
    ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដែរ។
១៩ ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប
    និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក
    ប្រារព្ធ​ពិធី​បុណ្យ​បារាំ។
២០ នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើ
    កណ្តឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា
    “ញែក​ថ្វាយ​ព្រះ‌អម្ចាស់”។
    រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុង
    ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
    ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ
    ដូច​ចាន​សម្រាប់​ប្រោះ​ឈាម
    ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។
២១ ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម
    និង​នៅ​ក្នុង​ស្រុក​យូដា
    ត្រូវ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
    អស់​អ្នក​ដែល​មក​ថ្វាយ​យញ្ញ‌បូជា
    នឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។
    នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរ
    នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។