ហាកាយ ១

Written on 19/12/2025
Boy KANN

ពេល​ត្រូវ​សង់​ព្រះ‌វិហារ​ឡើង​វិញ
 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី​ហាកាយ មក​កាន់​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​នៃ​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ដូច​ត​ទៅ:
 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រជាជន​នេះ​ពោល​ថា “មិន​ទាន់​ដល់​ពេល​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើង​វិញ​ទេ”»។  ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​តាម‌រយៈ​ព្យាការី​ហាកាយ ដូច​ត​ទៅ៖
៤  «ពេល​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ
    តើ​អ្នក​រាល់​គ្នា​គួរ​រស់​នៅ​ក្នុង​ផ្ទះ​ដែល​តាក់‌តែង
    ដោយ​ឈើ​ដ៏​មាន​តម្លៃ​ដូច្នេះ​ឬ?»។
៥  ឥឡូវ​នេះ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    មាន​ព្រះ‌បន្ទូល​ថា៖
    «ចូរ​រិះ‌គិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!
៦  អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន
    តែ​ច្រូត​បាន​ផល​តិច
    អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត
    អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់
    អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ
    អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល
    តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្តាច»។
៧  ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
    «ចូរ​រិះ‌គិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!
៨  ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ
    យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។
    យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ
    ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុង​រឿង​របស់​យើង»
    នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៩  «អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ផល​ច្រើន
    តែ​អ្នក​រាល់​គ្នា​ទទួល​បាន​តិច។
    អ្នក​រាល់​គ្នា​យក​ផល​នោះ​មក​ដាក់​ក្នុង​ផ្ទះ
    តែ​យើង​បាន​ផ្លុំ​បំបាត់​អស់​ទៅ។
    ហេតុ​អ្វី​បាន​ជា​ដូច្នេះ?
    គឺ​មក​ពី​ដំណាក់​របស់​យើង​បាក់​បែក​នៅ​ឡើយ
    ហើយ​អ្នក​រាល់​គ្នា​គិត​តែ​ខ្នះ‌ខ្នែង
    ពី​រឿង​ផ្ទះ​សំបែង​របស់​ខ្លួន
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល។
១០ ហេតុ​នេះ​ហើយ​បាន​ជា​មេឃ​ទប់​មិន​ឲ្យ
    មាន​ភ្លៀង​ធ្លាក់
    ដី​ក៏​មិន​ផ្តល់​ភោគ‌ផល​ឲ្យ​អ្នក​រាល់​គ្នា​ដែរ។
១១ យើង​នឹង​ធ្វើ​ឲ្យ​កើត​រាំង​ស្ងួត
    គ្មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​ស្រុក តាម​ភ្នំ លើ​ស្រែ
    លើ​ចម្ការ​ទំពាំង‌បាយជូរ លើ​ចម្ការ​អូលីវ
    លើ​ដំណាំ​ឯ​ទៀតៗ លើ​មនុស្ស លើ​សត្វ។
    ដូច្នេះ កិច្ច‌ការ​ទាំង​អស់​ដែល​មនុស្ស​ធ្វើ
    ឥត​បង្កើត​បាន​ផល​អ្វី​ឡើយ»។
១២ ព្យាការី​ហាកាយ​បាន​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក ទៅ​ជម្រាប​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​លោក​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ព្រម​ទាំង​ប្រជាជន​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់។ ពួក​គេ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី​ហាកាយ ហើយ​កោត​ខ្លាច​ព្រះ‌អម្ចាស់។ ១៣ លោក​ហាកាយ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាជន តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​រាល់​គ្នា» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ១៤ ព្រះ‌អម្ចាស់​ដាស់​ស្មារតី​លោក​សូរ៉ូ‌បាបិល ជា​កូន​របស់​លោក​សាល‌ធាល និង​ជា​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​យូដា ព្រម​ទាំង​លោក​មហា​បូជា‌ចារ្យ​យ៉ូស៊ូអា ជា​កូន​របស់​លោក​យេហូសា‌ដាក ហើយ​ព្រះ‌អង្គ​ក៏​ដាស់​ស្មារតី​របស់​ប្រជាជន​ដែល​នៅ​សេស‌សល់​ដែរ។ ពួក​គេ​នាំ​គ្នា​មក ហើយ​ចាប់​ផ្តើម​សង់ ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់​ពួក​គេ ១៥ នៅ​ថ្ងៃ​ទី​ម្ភៃ​បួន ខែ​ទី​ប្រាំ​មួយ ក្នុង​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌ចៅ​ដារី‌យូស។