មីកា ៤

Written on 19/12/2025
Boy KANN

ព្រះ‌អម្ចាស់​នឹង​ស្តារ​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
  ថ្ងៃ​ក្រោយ ព្រះ‌អម្ចាស់​នឹង​លើក​ភ្នំ
    ដែល​មាន​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ
    ដាក់​នៅ​លើ​កំពូល​ភ្នំ​ទាំង‌ឡាយ
    ដើម្បី​ឲ្យ​ភ្នំ​នោះ​បាន​ខ្ពស់​ជាង​គេ
    ហើយ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ឡើង​ទៅ
    ជា​ហូរ‌ហែ។
  ប្រជា‌ជាតិ​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ
    ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក!
    យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់
    យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់
    លោក​យ៉ាកុប។
    ព្រះ‌អង្គ​នឹង​បង្រៀន​យើង​អំពី​មាគ៌ា​របស់​ព្រះ‌អង្គ
    ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ»
    ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន
    ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
    ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។
  ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាង
    ជាតិ​សាសន៍​ដ៏​ច្រើន
    ព្រះ‌អង្គ​នឹង​សម្រុះ‌សម្រួល​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ
    ដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។
    ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួន
    មក​ដំ​ធ្វើ​ជា​ផាល​នង្គ័ល
    ហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។
    ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹង
    ប្រជា‌ជាតិ​មួយ​ទៀត
    ហើយ​គេ​ក៏​លែង​ហ្វឹក‌ហាត់​ធ្វើ​សង្គ្រាម​ដែរ។
  មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត
    ក្រោម​ម្លប់​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ឧទុម្ពរ
    របស់​គេ​រៀងៗ​ខ្លួន។
    គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយ
    ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។
៥  ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាម
    ព្រះ​របស់​គេ​រៀងៗ​ខ្លួន
    រីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាម​ព្រះ‌អម្ចាស់
    ជា​ព្រះ​របស់​យើង​ជា‌និច្ច រហូត​ត​រៀង​ទៅ។
 
៦  «នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួស
    ដែល​ដើរ​ពុំ​រួច
    យើង​នឹង​ប្រមូល​ផ្តុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែល
    យើង​បាន​ធ្វើ​ទោស»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៧  «យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួច
    ក្លាយ​ទៅ​ជា​ប្រជាជន​ដែល​នៅ​សេស‌សល់
    ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់‌ព្រាត់
    ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។
    យើង​ជា​ព្រះ‌អម្ចាស់ នឹង​គ្រង​រាជ្យ​លើ​ពួក​គេ
    នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។
៨  រីឯ​អ្នក​វិញ ក្រុង​ស៊ីយ៉ូន​អើយ
    អ្នក​ប្រៀប​ដូច​ជា​ប៉ម​ចាំ​យាម
    និង​ជា​បន្ទាយ​ដ៏​រឹង‌មាំ
    អ្នក​នឹង​ទទួល​អំណាច​គ្រប់‌គ្រង​ដូច​ពី​ដើម
    យេរូ‌សាឡឹម​នឹង​ធ្វើ​ជា​រាជ‌ធានី​សា​ជា​ថ្មី»។

ព្រះ‌អម្ចាស់​រំដោះ​ក្រុង​យេរូ‌សាឡឹម​ឲ្យ​រួច​ពី​ឈឺ​ចាប់

៩  ឥឡូវ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​ស្រែក​ថ្ងូរ
    ហេតុ​អ្វី​បាន​ជា​អ្នក​ឈឺ​ចុក‌ចាប់
    ដូច​ស្ត្រី​សម្រាល​កូន​ដូច្នេះ?
    តើ​អ្នក​គ្មាន​ស្តេច​ទេ​ឬ?
    តើ​ទី​ប្រឹក្សា​របស់​អ្នក​ទៅ​ណា​បាត់​អស់​ហើយ?
១០ ក្រុង​ស៊ីយ៉ូន​អើយ
    ចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរ
    ដូច​ស្ត្រី​សម្រាល​កូន​ទៅ!
    ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក‌ចេញ​ពី​ទី‌ក្រុង
    ទៅ​រស់​នៅ​តាម​ស្រែ​ចម្ការ
    អ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ីឡូន។
    នៅ​ទី​នេះ ព្រះ‌អម្ចាស់​នឹង​រំដោះ​អ្នក
    ព្រះ‌អង្គ​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។
១១ ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន
    លើក​គ្នា​មក​វាយ​ប្រហារ​អ្នក ទាំង​បន់​ថា:
    “សូម​ឲ្យ​ក្រុង​ស៊ីយ៉ូន​បាត់‌បង់​កិត្តិ‌យស
    ដើម្បី​ឲ្យ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។
១២ ប៉ុន្តែ​ពួក​គេ​ពុំ​ស្គាល់​ព្រះ‌ហឫ‌ទ័យ
    របស់​ព្រះ‌អម្ចាស់​ទេ
    ហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ដែរ
    ព្រះ‌អង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ
    នៅ​ក្នុង​លាន​បោក‌បែន។
១៣ «ប្រជាជន​ក្រុង​ស៊ីយ៉ូន​អើយ
    ចូរ​ក្រោក​ឡើង ជាន់​កម្ទេច​ពួក​គេ​ទៅ!
    យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង‌ក្លា
    ដូច​គោ​ដែល​មាន​ស្នែង​ធ្វើ​ពី​ដែក
    ក្រចក​ជើង​ធ្វើ​ពី​លង្ហិន
    អ្នក​នឹង​ជាន់​កម្ទេច​ជាតិ​សាសន៍​ដ៏​ច្រើន
    ដូច​គេ​បញ្ជាន់​ស្រូវ
    ហើយ​ញែក​ជ័យ‌ភ័ណ្ឌ​របស់​ពួក​គេ
    ទុក​សម្រាប់​យើង ដែល​ជា​ព្រះ‌អម្ចាស់
    និង​ញែក​ទ្រព្យ‌សម្បត្តិ​របស់​គេ​ទុក​សម្រាប់​យើង
    ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ផែន‌ដី​ទាំង​មូល»។
 
១៤ ឥឡូវ​នេះ អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ
    ចូរ​អារ​សាច់​របស់​ខ្លួន​ទៅ!
    ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ពួក​យើង​ហើយ
    គេ​យក​ដំបង​វាយ​ថ្ពាល់​មេ​គ្រប់‌គ្រង​របស់
    ជន​ជាតិ​អ៊ីស្រា‌អែល។