អម៉ូស ៤

Written on 18/12/2025
Boy KANN

  ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប
    ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ
    ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ:
    អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុរគត
    សង្កត់‌សង្កិន​ជន​ក្រីក្រ
    ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា
    “ចូរ​យក​ស្រា​មក​ផឹក!”។
២  ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់
    ក្នុង​នាម​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ​ថា៖
    «នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នា
    ដូច​ដោត​ត្រី។
៣  អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទី‌ក្រុង
    តាម​ប្រឡោះ​កំពែង​ក្រុង
    ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

អ៊ីស្រា‌អែល​លែង​ញញើត​នឹង​ប្រព្រឹត្ត​អំពើ​បាប

៤  «ចូរ​ទៅ​បេត‌អែល
    ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ!
    ចូរ​ទៅ​គីលកាល់
    ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ!
    ចូរ​ធ្វើ​ពិធី​យញ្ញ‌បូជា​នៅ​ពេល​ព្រឹក!
    ហើយ​ថ្វាយ​តង្វាយ​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី!
៥  កូន​ចៅ​អ៊ីស្រា‌អែល​អើយ
    ចូរ​ធ្វើ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ជា​មួយ​មេ​ម្សៅ
    ចូរ​ស្រែក​ប្រកាស​ក្តែងៗ​ថា
    អ្នក​រាល់​គ្នា​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត
    ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
៦  យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទី‌ក្រុង
    របស់​អ្នក​រាល់​គ្នា
    ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។
    ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម
    វិល​មក​រក​យើង​វិញ​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៧  យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង
    រហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។
    យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ
    តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ
    ចម្ការ​មួយ​ទទួល​ទឹក​ភ្លៀង
    រីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែង
    ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។
៨  ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹក
    នៅ​ក្រុង​មួយ​ទៀត
    តែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សម្រន់​ការ​ស្រេក​ទេ។
    ទោះ​បី​យ៉ាង​នេះ​ក្តី
    ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៩  យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នា
    ស្កក និង​មាន​ក្រា​ស៊ី
    ហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយ‌ជូរ
    ចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នា
    ក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។
    ទោះ​បី​យ៉ាង​នេះ​ក្តី
    ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១០ យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ
    រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។
    យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន
    របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ
    ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។
    យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច
    សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។
    ទោះ​បី​យ៉ាង​នេះ​ក្តី
    ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១១ យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នា
    ដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា
    ហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុស
    ដែល​គេ​យក​ចេញ​ពី​ភ្លើង។
    ទោះ​បី​យ៉ាង​នេះ​ក្តី
    ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
១២ ហេតុ​នេះ អ៊ីស្រា‌អែល​អើយ
    យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។
    អ៊ីស្រា‌អែល​អើយ
    ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ
    ចូរ​រៀប‌ចំ​ខ្លួន​ជួប​នឹង​ព្រះ​របស់​អ្នក!»។
១៣ មើល៍! ព្រះ​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់
    ព្រះ​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់
    ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ
    ព្រះ​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត​
    ព្រះ​ដែល​យាង​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែន‌ដី
    ព្រះ‌អង្គ​មាន​នាម​ថា​ព្រះ‌អម្ចាស់
    ជា​ព្រះ​នៃ​ពិភព​ទាំង​មូល។