អម៉ូស ១

Written on 18/12/2025
Boy KANN

 នេះ​ជា​ពាក្យ​របស់​លោក​អម៉ូស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​តេកូអា រៀប‌រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​លោក​បាន​ឃើញ ស្តី​អំពី​ស្រុក​អ៊ីស្រា‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែន‌ដី គឺ​នៅ​រជ្ជកាល​ព្រះ‌បាទ​អូស្យាស ស្តេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ព្រះ‌បាទ​យេរ៉ូ‌បោម បុត្រ​របស់​ព្រះ‌បាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល​។
២  លោក​មាន​ប្រសាសន៍​ថា:
    ព្រះ‌អម្ចាស់​ស្រែក​គំរាម​ពី​ភ្នំ​ស៊ីយ៉ូន
    ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡឹម
    វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​ក្រៀម​ស្ងួត
    ហើយ​កំពូល​ភ្នំ​កាម៉ែល​ក៏​ហួត‌ហែង​អស់​ដែរ។

ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ស៊ីរី

  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «ដោយ​អ្នក​ក្រុង​ដាម៉ាស់​បាន​ប្រព្រឹត្ត​អំពើ​បាប
    ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង​
    យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
    ព្រោះ​ពួក​គេ​បាន​កិន​កម្ទេច​អ្នក​ស្រុក​កាឡាដ
    នឹង​រនាស់​ដែក។
៤  ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ​វាំង
    របស់​ស្តេច​ហាសាអែល
    ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ​របស់
    ស្តេច​បេនហា‌ដាដ​ទៀត​ផង។
៥  យើង​នឹង​បំបាក់​រនុក​ទ្វារ​ក្រុង​ដាម៉ាស់
    យើង​នឹង​លុប​បំបាត់​ប្រជាជន​ឲ្យ​អស់​ពី
    ជ្រលង​ភ្នំ«ទុច្ចរិត»​
    ព្រម​ទាំង​ទម្លាក់​អ្នក​កាន់​កាប់​អំណាច
    ឲ្យ​បាត់​អស់​ពី​ក្រុង«សប្បាយ»​
    ហើយ​អ្នក​ស្រុក​ស៊ីរី​នឹង​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​គៀរ»។
    នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​ភីលី‌ស្ទីន
  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «ដោយ​អ្នក​ក្រុង​កាសា​បាន​ប្រព្រឹត្ត​អំពើ​បាប
    ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
    យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
    ព្រោះ​ពួក​គេ​បាន​ចាប់​ប្រជាជន​ទាំង​ភូមិៗ
    យក​ទៅ​លក់​ឲ្យ​ជន​ជាតិ​អេដុម។
៧  ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ
    កំពែង​ក្រុង​កាសា
    ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ
    របស់​ក្រុង​នោះ​ផង។
៨  យើង​នឹង​ដក​ប្រជាជន​ទាំង​អស់
    ចេញ​ពី​ក្រុង​អាស្ដូដ
    ព្រម​ទាំង​ដក​អ្នក​កាន់​កាប់​អំណាច
    ចេញ​ពី​ក្រុង​អាស្កា‌ឡូន។
    យើង​នឹង​ប្រហារ​ក្រុង​អេក្រុន
    ហើយ​អ្នក​ស្រុក​ភីលី‌ស្ទីន​ដែល​នៅ​សេស‌សល់
    នឹង​ត្រូវ​វិនាស»
    នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ក្រុង​ទីរ៉ុស
  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «ដោយ​អ្នក​ក្រុង​ទីរ៉ុស​បាន​ប្រព្រឹត្ត​អំពើ​បាប
    ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
    យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
    ព្រោះ​ពួក​គេ​ប្រគល់​ប្រជាជន​ទាំង​ភូមិៗ
    ឲ្យ​ពួក​អេដុម​កៀរ​យក​ទៅ
    ដោយ​ឥត​គោរព​សន្ធិ‌សញ្ញា
    ដែល​ខ្លួន​បាន​ចុះ​ជា​មួយ​អ៊ីស្រា‌អែល​ឡើយ។
១០ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ
    កំពែង​ក្រុង​ទីរ៉ុស ព្រម​ទាំង​ឆេះ​កម្ទេច
    ប្រាសាទ​របស់​ក្រុង​នោះ​ផង។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
    ដោយ​អ្នក​ស្រុក​អេដុម​បាន​ប្រព្រឹត្ត​អំពើ​បាប
    ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
    យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
    ព្រោះ​ពួក​គេ​បាន​ដេញ​ប្រហារ​បង‌ប្អូន​របស់​ខ្លួន
    ដោយ​មុខ​ដាវ ឥត​ត្រា‌ប្រណី។
    ពួក​គេ​គិត​តែ​ពី​បំផ្លាញ តាម​កំហឹង​របស់​ខ្លួន
    ហើយ​ចង​គំនុំ​ឥត​ឈប់‌ឈរ​ឡើយ។
១២ ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ
    ក្រុង​តេម៉ន ព្រម​ទាំង​ឆេះ​កម្ទេច​ប្រាសាទ
    របស់​ក្រុង​បូសរ៉ា​ផង»។
ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រុក​អាំម៉ូន
១៣ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «ដោយ​អ្នក​ស្រុក​អាំម៉ូន​បាន​ប្រព្រឹត្ត​អំពើ​បាប
    ផ្ទួនៗ​គ្នា​ជា​ច្រើន​ដង
    យើង​នឹង​ដាក់​ទោស​ពួក​គេ ឥត​ប្រែ‌ប្រួល​ឡើយ
    ព្រោះ​ពួក​គេ​បាន​វះ​ពោះ​ស្ត្រី​មាន​គភ៌
    នៅ​ស្រុក​កាឡាដ
    ដើម្បី​វាត​ទឹក​ដី​របស់​ខ្លួន។
១៤ ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង
    ដុត​កំពែង​ក្រុង​រ៉ាបា
    ព្រម​ទាំង​ដុត​កម្ទេច​ប្រាសាទ​របស់​ក្រុង​នោះ
    នៅ​ថ្ងៃ​មាន​ចម្បាំង មាន​សម្រែក​សឹក​សង្គ្រាម
    និង​មាន​ខ្យល់​ព្យុះ​បក់‌បោក​មក​យ៉ាង​ខ្លាំង។
១៥ ស្តេច និង​មេ​ដឹក​នាំ​របស់​ពួក​គេ
    នឹង​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក»
    នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់