ហូសេ ៩

Written on 18/12/2025
Boy KANN

ប្រជាជន​របស់​ព្រះ‌ជាម្ចាស់​នឹង​បាត់‌បង់​អ្វីៗ​ទាំង​អស់
  អ៊ីស្រា‌អែល​អើយ កុំ​ត្រេក‌អរ
    និង​សប្បាយ​រីក‌រាយ
    ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ
    ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
    ដោយ​បោះ‌បង់​ចោល​ព្រះ​របស់​ខ្លួន
    អ្នក​ចូល​ចិត្ត​ទទួល​កម្រៃ​មិន​បរិសុទ្ធ
    ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម
    លាន​បោក​ស្រូវ។
២  ប៉ុន្តែ ពួក​គេ​នឹង​មិន​ស្គាល់​រស‌ជាតិ​ស្រូវ
    ដែល​គេ​បោក‌បែន ឬ​ប្រេង​ដែល​គេ​កៀប
    ហើយ​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី ក៏​គ្មាន​ទៀត​ដែរ។
៣  ពួក​គេ​នឹង​លែង​រស់​នៅ​លើ​ទឹក​ដី​របស់​ព្រះ‌អម្ចាស់
    អេប្រា‌អ៊ីម​នឹង​វិល​ទៅ​ស្រុក​អេស៊ីប​វិញ
    ហើយ​ពួក​គេ​នឹង​បរិភោគ​អាហារ​មិន​បរិសុទ្ធ
    នៅ​ស្រុក​អាស្ស៊ីរី។
៤  ពួក​គេ​នឹង​លែង​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់
    យញ្ញ‌បូជា​របស់​ពួក​គេ​មិន​គាប់​ព្រះ‌ហឫ‌ទ័យ
    របស់​ព្រះ‌អង្គ​ឡើយ។
    សាច់​នៃ​យញ្ញ‌បូជា​ដែល​ពួក​គេ​បរិភោគ
    ប្រៀប​ដូច​ជា​អាហារ​សម្រាប់​អ្នក​កាន់​ទុក្ខ
    អស់​អ្នក​ដែល​បរិភោគ​អាហារ​នោះ
    នឹង​ក្លាយ​ទៅ​ជា​ជន​មិន​បរិសុទ្ធ។
    អាហារ​របស់​គេ​បាន​ត្រឹម​តែ
    ចម្អែត​ក្រពះ​ប៉ុណ្ណោះ
    គេ​មិន​អាច​យក​ចូល​មក​ក្នុង​ដំណាក់​របស់
    ព្រះ‌អម្ចាស់​បាន​ឡើយ។
៥  តើ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​បុណ្យ
    សំខាន់ៗ និង​ថ្ងៃ​បុណ្យ​របស់​ព្រះ‌អម្ចាស់?
៦  មើល​ចុះ! ពួក​គេ​ចាក‌ចេញ​ទៅ
    ព្រោះ​តែ​ទឹក​ដី​របស់​ពួក​គេ​ត្រូវ​អន្តរាយ។
    ស្រុក​អេស៊ីប​ទទួល​ពួក​គេ
    ពួក​គេ​នឹង​ស្លាប់​ចោល​ឆ្អឹង​នៅ​ក្រុង​ណូប
    ចោល​ទ្រព្យ‌សម្បត្តិ​ធ្វើ​ពី​ប្រាក់ នៅ​ក្នុង​គុម្ព​ខ្ញែ
    ហើយ​បន្លា​ដុះ​នៅ​ពេញ​ទី​លំ‌នៅ​របស់​ពួក​គេ។
៧  អ៊ីស្រា‌អែល​ត្រូវ​តែ​ដឹង​ថា
    គ្រា​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស មក​ដល់​ហើយ
    គឺ​គ្រា​ដែល​ម្នាក់ៗ​ទទួល​ផល​តាម​អំពើ
    ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
    ព្យាការី​ក្លាយ​ទៅ​ជា​មនុស្ស​ឡប់‌សតិ
    ហើយ​អ្នក​ដែល​មាន​វិញ្ញាណ​ភ្លឺ​ស្វាង
    ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង​ស្មារតី
    ព្រោះ​តែ​កំហុស​ដ៏​ធ្ងន់
    និង​អំពើ​ឃោរ‌ឃៅ​ដ៏​ច្រើន​របស់​អ្នក។
៨  អ្នក​យាម‌ល្បាត​ឲ្យ​អេប្រា‌អ៊ីម គឺ​ព្យាការី
    ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។
    គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទី
    ហើយ​គេ​ប្រឆាំង​នឹង​គាត់
    នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។
៩  ពួក​គេ​ផុង​ខ្លួន​ទៅ​ក្នុង​អំពើ​ពុក​រលួយ
    កាន់​តែ​ខ្លាំង​ឡើងៗ ដូច​គ្រា​នៅ​គីបា​ដែរ
    ព្រះ‌អម្ចាស់​នឹក​ឃើញ​អំពើ​អាក្រក់​របស់​ពួក​គេ
    ហើយ​ព្រះ‌អង្គ​នឹង​ដាក់​ទោស​ពួក​គេ
    តាម​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
 
១០ «ពី​ដើម យើង​ឃើញ​អ៊ីស្រា‌អែល
    ដូច​ជា​ផ្លែ​ទំពាំង‌បាយ‌ជូរ​នៅ​វាល​រហោ‌ស្ថាន
    យើង​បាន​ឃើញ​ដូន‌តា​របស់​អ្នក​រាល់​គ្នា
    ដូច​ជា​ផ្លែ​ដំបូង​របស់​ដើម​ឧទុម្ពរ។
    ពួក​គេ​ទៅ​ដល់​បាល-‌ពេអ៊រ
    ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​ដ៏​គម្រក់
    ពួក​គេ​ក្លាយ​ទៅ​ជា​ជន​គួរ​ស្អប់​ខ្ពើម
    ដូច​ព្រះ​ក្លែង‌ក្លាយ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។
១១ កិត្តិ‌យស​របស់​អេប្រា‌អ៊ីម​នឹង​ចាក‌ចេញ​ពី​គេ
    ដូច​សត្វ​ស្លាប​ដែល​ហើរ​បាត់​ទៅ
    គឺ​គ្មាន​ទារក​កើត​ទៀត​ទេ
    ហើយ​គ្មាន​ទារក​នៅ​ក្នុង​ផ្ទៃ
    ឬ​ទារក​មក​ចាប់​ផ្ទៃ​ទៀត​ដែរ។
១២ ប្រសិន​បើ​ពួក​គេ​ចិញ្ចឹម​កូន​ប្រុសៗ
    យើង​នឹង​ដក​កូន​ទាំង​នោះ​ចេញ​ពី​ពួក​គេ
    មុន​ពេល​វា​ធំ​ពេញ​វ័យ។
    កាល​ណា​យើង​នឹង​ចាក‌ចេញ​ពី​ពួក​គេ
    ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​មិន​ខាន!
១៣ យើង​ឃើញ​ថា អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង
    ក្រុង​ទីរ៉ុស​ដែល​ស្ថិត​នៅ​កន្លែង​សុខ​ស្រួល
    តែ​អេប្រា‌អ៊ីម​ត្រូវ​បញ្ជូន​កូន​របស់​ខ្លួន
    ទៅ​ឲ្យ​គេ​សម្លាប់ ដូច​សត្វ​ម្រឹគ»។
១៤ ព្រះ‌អម្ចាស់​អើយ បើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​ដូច្នេះ
    តើ​ត្រូវ​ធ្វើ​ទោស​ពួក​គេ​របៀប​ណា?
    គឺ​ត្រូវ​ធ្វើ​ឲ្យ​ស្ត្រីៗ​របស់​ពួក​គេ
    មិន​អាច​បង្កើត​កូន ហើយ​មិន​អាច​បំបៅ​កូន។
 
១៥ «អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ
    លេច​ចេញ​មក​យ៉ាង​ច្បាស់​នៅ​គីល‌កាល់
    គឺ​នៅ​ទី​នោះ​ហើយ​ដែល​យើង​ចាប់​ផ្តើម
    ស្អប់​ខ្ពើម​ពួក​គេ។
    ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់
    យើង​នឹង​ដេញ​ពួក​គេ​ចេញ​ពី
    ដំណាក់​របស់​យើង។
    យើង​លែង​ស្រឡាញ់​ពួក​គេ​ទៀត​ហើយ
    មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ
    សុទ្ធ​តែ​ជា​ជន​បះ‌បោរ។
១៦ អេប្រា‌អ៊ីម​ត្រូវ​បណ្ដាសា​ហើយ
    ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់
    ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។
    ប្រសិន​បើ​ពួក​គេ​បង្កើត​កូន
    នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់
    របស់​ពួក​គេ​បាត់‌បង់​ជីវិត»។
១៧ ព្រះ​របស់​ខ្ញុំ​នឹង​បោះ‌បង់​ចោល​ពួក​គេ
    ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ព្រះ‌អង្គ​ទេ។
    ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់‌ព្រាត់​ទៅ​នៅ
    ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។