ហូសេ ៧

Written on 18/12/2025
Boy KANN

  គឺ​នៅ​ពេល​យើង​ចង់​ប្រោស
    អ៊ីស្រា‌អែល​ឲ្យ​បាន​ជា
    នោះ​កំហុស​របស់​អេប្រា‌អ៊ីម និង​អំពើ​ទុច្ចរិត
    របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក
    ដ្បិត​ពួក​គេ​បោក‌ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក
    ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។
២  ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពី
    អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។
    ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេ
    ឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយ
    យើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។
៣  ពួក​គេ​ធ្វើ​ឲ្យ​ស្តេច​សប្បាយ​ចិត្ត
    ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់
    ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត
    ដោយ​ពួក​គេ​បោក‌ប្រាស់។
៤  ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់
    ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ
    ដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុស
    ចាប់​ពី​ពេល​គាត់​រៀប‌ចំ​ម្សៅ
    រហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។
៥  នៅ​ថ្ងៃ​បុណ្យ​របស់​ស្តេច
    ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង
    ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។
៦  ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង
    រៀប‌ចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់
    ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់
    ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ
    ដូច​អគ្គី‌ភ័យ។
៧  ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង
    ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។
    ស្តេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់‌បង់​ជីវិត
    ជា​បន្ត​បន្ទាប់​គ្នា
    តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។
៨  អេប្រា‌អ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃ
    អេប្រា‌អ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ
៩  ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ
    គេ​នៅ​តែ​មិន​ដឹង​ខ្លួន
    គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ
    នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។
១០ អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង
    តែ​ពួក​គេ​ពុំ​បាន​វិល​មក​រក​ព្រះ‌អម្ចាស់
    ជា​ព្រះ​របស់​ពួក​គេ​វិញ​ទេ
    គឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្តី
    ក៏​ពួក​គេ​មិន​ស្វែង​រក​ព្រះ‌អង្គ​ដែរ។
 
១១ អេប្រា‌អ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ
    គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ
    ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ
    ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។
១២ ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ
    យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ
    យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប
    យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា
    ពួក​គេ​ជួប‌ជុំ​គ្នា។
១៣ ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខាន
    ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង
    ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ
    ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។
    តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន
    បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក
    ដាក់​យើង​ដូច្នេះ?
១៤ ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ
    ពួក​គេ​ចូល​ដំណេក ទាំង​សោក‌សង្រេង
    ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន
    ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយ‌ជូរ​ថ្មី
    ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។
១៥ យើង​បាន​បណ្តុះ‌បណ្តាល
    និង​ចម្រើន​កម្លាំង​ឲ្យ​ពួក​គេ
    ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះ‌គិត​គម្រោង​អាក្រក់
    ប្រឆាំង​នឹង​យើង។
១៦ ពួក​គេ​វិល​មក​វិញ តែ​មិន‌មែន​មក​រក​យើង​ទេ
    ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។
    មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ
    ព្រោះ​ពាក្យ​សម្ដី​ព្រហើន​កោង‌កាច​របស់​ខ្លួន។
    ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប
    សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។