ហូសេ ៥

Written on 18/12/2025
Boy KANN

  បូជា‌ចារ្យ​អើយ ចូរ​ស្ដាប់​សេចក្ដី​នេះ!
    ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ផ្ចង់​ចិត្ត!
    ញាតិ​វង្ស​របស់​ស្តេច​អើយ ចូរ​ត្រង់‌ត្រាប់​ស្ដាប់!
    គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​ត្រូវ​រក​យុត្តិ‌ធម៌
    ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​ដាក់​អន្ទាក់​នៅ​មីសប៉ា
    អ្នក​រាល់​គ្នា​បោះ​សំណាញ់​នៅ​ភ្នំ​តាប៊រ
២  អ្នក​រាល់​គ្នា​ជីក​រណ្ដៅ​ដ៏​ជ្រៅ​នៅ​គីទីម
    យើង​នឹង​វាយ​ប្រដៅ​អ្នក​ទាំង​អស់​គ្នា​ពុំ‌ខាន។
៣  យើង​ស្គាល់​អេប្រា‌អ៊ីម​យ៉ាង​ច្បាស់
    យើង​មើល​អ៊ីស្រា‌អែល​ធ្លុះ​ទាំង​អស់។
    អេប្រា‌អ៊ីម​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
    ដែល​ធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ទៅ​ជា​សៅ‌ហ្មង។
៤  អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត
    រា‌រាំង​ពួក​គេ​មិន​ឲ្យ​វិល​ត្រឡប់​មក​រក
    ព្រះ​របស់​ខ្លួន​វិញ​បាន​ឡើយ
    ដ្បិត​ពួក​គេ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ
    ពួក​គេ​ពុំ​ស្គាល់​ព្រះ‌អម្ចាស់​ទេ។
៥  អំនួត​របស់​អ៊ីស្រា‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង
    អ៊ីស្រា‌អែល និង​អេប្រា‌អ៊ីម ជំពប់​ដួល
    ព្រោះ​តែ​កំហុស​របស់​ខ្លួន
    ហើយ​យូដា​ក៏​ជំពប់​ដួល​ជា​មួយ​ពួក​គេ​ដែរ។
៦  ពួក​គេ​នាំ​គ្នា​ស្វែង​រក​ព្រះ‌អម្ចាស់
    ដោយ​យក​ចៀម និង​គោ​ទៅ​ជា​មួយ
    ដើម្បី​ថ្វាយ​យញ្ញ‌បូជា
    តែ​ពួក​គេ​រក​ព្រះ‌អង្គ​ពុំ​ឃើញ​ឡើយ
    ព្រោះ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ពួក​គេ​ហើយ។
៧  ពួក​គេ​បាន​ក្បត់​ព្រះ‌អម្ចាស់
    ដោយ​បង្កើត​កូន​ឥត​ខាន់‌ស្លា។
    ឥឡូវ​នេះ បុណ្យ​ចូល​ខែ​ថ្មី​ក្លាយ​ទៅ​ជា
    មហន្ត‌រាយ​ដល់​ពួក​គេ និង​ទឹក​ដី​របស់​ពួក​គេ។

សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​អ៊ីស្រា‌អែល និង​យូដា

  ចូរ​ផ្លុំ​ស្នែង​ប្រកាស​សឹក​នៅ​គីបា!
    ចូរ​ផ្លុំ​ត្រែ​ប្រកាស​ភាព​អាសន្ន​នៅ​រ៉ាម៉ា!
    ចូរ​ស្រែក​ហ៊ោ​នៅ​បេត​អាវេន!
    បេន‌យ៉ាមីន​ចូរ​ប្រយ័ត្ន​ខាង​ក្រោយ​ខ្នង​អ្នក!
  នៅ​ថ្ងៃ​ព្រះ‌ជាម្ចាស់​ដាក់​ទោស
    អេប្រា‌អ៊ីម​នឹង​ត្រូវ​វិនាស​អន្តរាយ។
    យើង​ប្រាប់​ដំណឹង​ដ៏​ពិត​ឲ្យ​កុល‌សម្ព័ន្ធ​នានា
    នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​ដឹង​ជា​មុន។
១០ មេ​ដឹក​នាំ​របស់​ជន​ជាតិ​យូដា​ប្រៀប​បាន​នឹង
    អស់​អ្នក​ដែល​បង្ខិត​បង្គោល​របង
    យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​ពួក​គេ
    ដូច​ទឹក​ហូរ​យ៉ាង​ខ្លាំង។
១១ អេប្រា‌អ៊ីម​រង​នូវ​ការ​វិនិច្ឆ័យ​ទោស
    ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន
    ព្រោះ​អេប្រា‌អ៊ីម​រត់​ទៅ​ពឹង‌ពាក់​លើ​អ្វីៗ
    ដែល​ឥត​បាន​ការ។
១២ រីឯ​យើង​វិញ យើង​ប្រៀប​បាន​នឹង​អង្គែ
    ដែល​ស៊ី​ពួក​អេប្រា‌អ៊ីម
    ហើយ​ដូច​ដំបៅ​ស៊ី​រូង​ពួក​យូដា។
១៣ អេប្រា‌អ៊ីម​ឃើញ​រោគ​របស់​ខ្លួន
    យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ
    ដូច្នេះ អេប្រា‌អ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី
    គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌ចៅ​អធិរាជ
    ប៉ុន្តែ ស្តេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា
    ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា
    ឲ្យ​ជា​សះ​បាន​ឡើយ។
១៤ យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រា‌អ៊ីម
    និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី
    គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ
    រួច​យើង​ចាក‌ចេញ​ទៅ
    ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ
    ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។
១៥ យើង​នឹង​វិល​ទៅ​ដំណាក់​របស់​យើង​វិញ
    រហូត​ទាល់​តែ​ពួក​គេ​សារភាព​ថា​ខ្លួន​ខុស
    ហើយ​ស្វែង​រក​យើង។
    នៅ​ពេល​មាន​អាសន្ន
    ពួក​គេ​នឹង​វិល​មក​រក​យើង​វិញ​ជា​មិន​ខាន។