យេរេមី ៤៦

Written on 18/12/2025
Boy KANN

សេចក្ដី​ប្រកាស​អំពី​ប្រជា‌ជាតិ​នានា

ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​អេស៊ីប
 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​យេរេមី ស្តី​អំពី​ប្រជា‌ជាតិ​ទាំង‌ឡាយ។
 នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូ‌យ៉ាគីម ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស ស្តេច​ស្រុក​យូដា ព្រះ‌ចៅ​ផារ៉ោន‌នេកូ ជា​ស្តេច​ស្រុក​អេស៊ីប ស្ថិត​នៅ​ក្រុង​កាកេមីស​ជិត​ទន្លេ​អឺប្រាត ហើយ​ច្បាំង​ចាញ់​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្តី​អំពី​ស្រុក​អេស៊ីប និង​កង‌ទ័ព​របស់​ព្រះ‌ចៅ​ផារ៉ោន‌នេកូ ដូច​ត​ទៅ៖
 «ពួក​មេ‌ទ័ព​អេស៊ីប​ស្រែក​ឡើង​ថា:
    ចូរ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​តូច ឬ​ធំ
    ចូរ​រៀប‌ចំ​ខ្លួន​ចូល​ច្បាំង!
៤  ទ័ព‌សេះ​ត្រូវ​ចង​បង្ហៀរ​សេះ
    ហើយ​ឡើង​ជិះ​ទៅ!
    ចូរ​តំរៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែក
    សំលៀង​មុខ​លំពែង
    ហើយ​ពាក់​អាវ‌ក្រោះ​ទៅ!
៥  ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​យើង​ឃើញ​ពួក​គេ
    ធ្លាក់​ទឹក​ចិត្ត​ដូច្នេះ?
    ពួក​គេ​នាំ​គ្នា​ដក​ទ័ព​ថយ
    ទាហាន​ដ៏​ខ្លាំង​ពូកែ​ត្រូវ​ខ្មាំង​សម្លាប់
    ពួក​គេ​បាក់​ទ័ព​រត់ ឥត​បែរ​ក្រោយ​ឡើយ
    ការ​ព្រឺ‌ខ្លាច​ស្ថិត​នៅ​គ្រប់​ទី​កន្លែង
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
៦  អ្នក​រត់​លឿន​ពុំ​អាច​រត់​រួច​ខ្លួន​ឡើយ!
    អ្នក​ខ្លាំង​ពូកែ​ក៏​ពុំ​អាច​គេច​ខ្លួន​ដែរ!
    នៅ​ទិស​ខាង​ជើង
    ពួក​គេ​នឹង​ជំពប់​ដួល​ត្រង់​ដៃ​ទន្លេ​អឺប្រាត។
៧  តើ​នរណា​ប្រៀប​ដូច​ទន្លេ​នីល​ជន់‌ជោរ​ឡើង
    ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង?
៨  គឺ​ស្រុក​អេស៊ីប​នេះ​ហើយ​ដែល​ប្រៀប​ដូច
    ទន្លេ​នីល​ជន់‌ជោរ​ឡើង
    ហើយ​ប្រៀប​ដូច​ទឹក​ទន្លេ​ហូរ​លិច​ច្រាំង
    ដ្បិត​គេ​ពោល​ថា:
    ខ្ញុំ​នឹង​ជន់​ឡើង​លិច​ផែន‌ដី ខ្ញុំ​នឹង​វាយ​ក្រុង
    ព្រម​ទាំង​ប្រជាជន​ទាំង​អស់​ឲ្យ​វិនាស។
៩  ចូរ​នាំ​គ្នា​ឡើង​ជិះ​សេះ វាយ​សម្រុក​ទៅ!
    រទេះ​ចម្បាំង ចូរ​សម្រុក​ទៅ​មុខ​យ៉ាង​លឿន!
    ទាហាន​ដ៏​ខ្លាំង​ពូកែ ពី​ស្រុក​អេត្យូ‌ពី ស្រុក​ពូធ
    ដែល​ជា​អ្នក​កាន់​ខែល
    និង​ទាហាន​ពី​ស្រុក​លូធ​ដែល​ជា​អ្នក​បាញ់​ព្រួញ
    ចូរ​នាំ​គ្នា​ចេញ​ទៅ​ដែរ!
១០ ប៉ុន្តែ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់
    សង‌សឹក​ខ្មាំង​សត្រូវ។
    មនុស្ស​ជា​ច្រើន​នឹង​ស្លាប់​ដោយ​មុខ​ដាវ
    ហើយ​មាន​ឈាម​ដាប​គ្រប់​ទិស‌ទី។
    ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ព្រះ‌ជា‌អម្ចាស់
    នៃ​ពិភព​ទាំង​មូល ធ្វើ​យញ្ញ‌បូជា
    នៅ​ស្រុក​ខាង​ជើង
    តាម​មាត់​ទន្លេ​អឺប្រាត។
១១ ជន​ជាតិ​អេស៊ីប​អើយ
    ចូរ​ឡើង​ទៅ​ស្រុក​កាឡាដ​រក​ប្រេង​មក​រឹត
    ទើប​បាន​ធូរ​ស្បើយ!
    តែ​ត្រូវ​ដឹង​ថា មិន​បាច់​ខំ​ប្រឹង​រក​ថ្នាំ​ច្រើន​មុខ​ទេ
    ព្រោះ​គ្មាន​ថ្នាំ​ណា​ស័ក្តិ‌សិទ្ធិ
    ជួយ​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​ឡើយ។
១២ ប្រជា‌ជាតិ​នានា​ទទួល​ដំណឹង​ថា អ្នក​ត្រូវ​អាម៉ាស់
    ព្រោះ​សម្រែក​របស់​អ្នក
    លាន់​ឮ​ពាស‌ពេញ​លើ​ផែន‌ដី។
    ទាហាន​ដ៏​ខ្លាំង​ពូកែ​រត់​បុក​គ្នា
    ដួល​ស្លាប់​ទាំង​ពីរ​នាក់»។
១៣ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​ប្រាប់​ព្យាការី​យេរេមី​អំពី​ព្រះ‌ចៅ​នេប៊ូ‌កានេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន ត្រូវ​ទៅ​វាយ​ស្រុក​អេស៊ីប៖
១៤ «ចូរ​ប្រកាស​នៅ​ស្រុក​អេស៊ីប
    ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​មីគដូល
    ចូរ​ប្រាប់​ឲ្យ​គេ​ដឹង​នៅ​ក្រុង​ណូប
    និង​ក្រុង​តាផា‌ណែស!
    ត្រូវ​ពោល​ថា ចូរ​រៀប‌ចំ​ខ្លួន និង​ត្រៀម​ខ្លួន​ទៅ
    ដ្បិត​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ជុំ‌វិញ​អ្នក​ហើយ!
១៥ ហេតុ​អ្វី​បាន​ជា​ព្រះ​គោ​ដ៏​ខ្លាំង​ពូកែ​របស់​អ្នក
    បែរ​ជា​អស់​ឫទ្ធិ​ដូច្នេះ?
    នៅ​ពេល​ព្រះ‌អម្ចាស់​ផ្តួល​រំលំ
    ពួក​គេ​ពុំ​អាច​ឈរ​មាំ​បាន​ឡើយ។
១៦ ព្រះ‌អង្គ​ក៏​បាន​ផ្តួល​ទាហាន​មួយ​ចំនួន​ធំ​ដែរ
    ពួក​គេ​ដួល​គរ​លើ​គ្នា ទាំង​ពោល​ថា
    ចូរ​យើង​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​យើង
    វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​យើង​វិញ
    ដើម្បី​គេច​ឲ្យ​ផុត​ពី​សង្គ្រាម​ដ៏​សាហាវ​នេះ។
១៧ នៅ​ទី​នោះ គេ​នឹង​ដាក់​ងារ​ព្រះ‌ចៅ​ផារ៉ោន
    ជា​ស្តេច​ស្រុក​អេស៊ីប​ថា
    “កោកៗ តែ​ឥត​បាន​ការ​អ្វី!”»។
១៨ ព្រះ‌មហា​ក្សត្រ​ដែល​មាន​ព្រះ‌នាម​ថា
    ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
    មាន​ព្រះ‌បន្ទូល ដោយ​យក​ព្រះ‌ជន្ម​របស់
    ព្រះ‌អង្គ​ផ្ទាល់​ជា​សាក្សី​ថា៖
    «ថាប៊រ ពិត​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ឯ​ទៀតៗ
    ហើយ​ភ្នំ​កាម៉ែល​នៅ​ជាប់​នឹង​សមុទ្រ​យ៉ាង​ណា
    ខ្មាំង​សត្រូវ​ពិត​ជា​មក​ដល់​យ៉ាង​នោះ​ដែរ។
១៩ ប្រជាជន​ស្រុក​អេស៊ីប​អើយ
    ចូរ​វេច​បង្វេច​ទៅ
    ដ្បិត​ខ្មាំង​នឹង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ។
    ក្រុង​ណូប​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន
    ជា​កន្លែង​ដែល​ឆេះ​ខ្ទេច‌ខ្ទី
    គ្មាន​នរណា​រស់​នៅ។
២០ ស្រុក​អេស៊ីប​ប្រៀប​បាន​នឹង​គោ​ញី​ស្ទាវ​ដ៏​ស្អាត
    តែ​នឹង​មាន​មូស​ដ៏​សាហាវ
    ពី​ទិស​ខាង​ជើង​មក​ខាំ។
២១ ពួក​ទាហាន​ដែល​ស្រុក​អេស៊ីប​ជួល​មក​ច្បាំង
    ឲ្យ​ពួក​គេ
    សុទ្ធ​តែ​មាន​សាច់​មាន​ឈាម​ដូច​គោ​បំប៉ន
    តែ​ទាហាន​ទាំង​នោះ​ក៏​បក​ក្រោយ​ដែរ
    គេ​រត់​ទាំង​អស់​គ្នា គ្មាន​នរណា​ស៊ូ‌ទ្រាំ​បាន​ទេ
    ដ្បិត​ថ្ងៃ​មហន្ត‌រាយ
    គឺ​ជា​ពេល​ដែល​យើង​ដាក់​ទោស​ពួក​គេ
    បាន​ធ្លាក់​មក​លើ​ពួក​គេ​ហើយ។
២២ ពេល​សត្រូវ​លើក​ទ័ព​មក​វាយ​លុក​ពួក​គេ
    កង‌ទ័ព​អេស៊ីប​នាំ​គ្នា​រត់​ទៅ យ៉ាង​ស្ងៀម‌ស្ងាត់
    ដូច​ពស់​ដែល​កំពុង​លូន។
    សត្រូវ​មក​វាយ​ពួក​គេ ដូច​អ្នក​កាប់​អុស
    កាន់​ពូថៅ បម្រុង​កាប់​រំលំ​ដើម​ឈើ។
២៣ ទ័ព​សត្រូវ​នាំ​គ្នា​កាប់​ព្រៃ​ឈើ
    ទោះ​បី​ព្រៃ​នោះ​ពិបាក​ចូល​ក៏​ដោយ
    ដ្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ឥត​គណនា
    គឺ​ច្រើន​ជាង​ហ្វូង​កណ្ដូប​ទៅ​ទៀត។
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
២៤ ប្រជាជន​នៅ​ស្រុក​អេស៊ីប​ត្រូវ​អាម៉ាស់
    ពួក​គេ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ប្រជាជន
    ដែល​មក​ពី​ទិស​ខាង​ជើង»។
២៥ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​របស់
    ជន​ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖
    «យើង​នឹង​ដាក់​ទោស​អាំម៉ូន ជា​ព្រះ​នៃ​ក្រុង​ណូ
    ព្រម​ទាំង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីប
    គឺ​យើង​ដាក់​ទោស​ព្រះ និង​ស្តេច​ស្រុក​អេស៊ីប
    យើង​ដាក់​ទោស​ផារ៉ោន និង​អស់​អ្នក​ដែល
    ផ្ញើ​ជីវិត​លើ​ស្តេច​នេះ។
២៦ យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់
    អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ
    គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌កានេសារ
    ជា​ស្តេច​ស្រុក​បាប៊ីឡូន
    និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។
    ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន
    មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
២៧ កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយ
    កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
    កូន​ចៅ​អ៊ីស្រា‌អែល​អើយ កុំ​អស់​សង្ឃឹម!
    យើង​នឹង​សង្គ្រោះ​អ្នក​ឲ្យ​វិល​ត្រឡប់
    មក​ពី​ទឹក​ដី​ដ៏​ឆ្ងាយ​វិញ
    យើង​នឹង​សង្គ្រោះ​ពូជ‌ពង្ស​របស់​អ្នក
    ពី​ស្រុក​ដែល​គេ​ជាប់​ជា​ឈ្លើយ។
    កូន​ចៅ​យ៉ាកុប​នឹង​វិល​មក​វិញ
    គេ​នឹង​រស់​នៅ​យ៉ាង​សុខ​ក្សេម‌ក្សាន្ត
    គ្មាន​នរណា​មក​ធ្វើ​ទុក្ខ​គេ​ទៀត​ឡើយ។
២៨ កូន​ចៅ​យ៉ាកុប​ជា​អ្នក​បម្រើ​របស់​យើង​អើយ
    កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
    យើង​ស្ថិត​នៅ​ជា​មួយ​អ្នក
    យើង​នឹង​លុប​បំបាត់​ប្រជា‌ជាតិ​នានា
    ដែល​យើង​បាន​កម្ចាត់‌កម្ចាយ​អ្នក
    ឲ្យ​ទៅ​នៅ​ក្នុង​ចំណោម​ពួក​គេ
    តែ​យើង​មិន​លុប​បំបាត់​អ្នក​ឡើយ។
    យើង​បាន​ដាក់​ទោស​អ្នក​ដោយ​យុត្តិធម៌
    យើង​មិន​អាច​ចាត់​ទុក​អ្នក​ថា
    គ្មាន​ទោស​ទេ»។