យេរេមី ១៥

Written on 18/12/2025
Boy KANN

 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសេ និង​សាមូ‌អែល មក​អង្វរ​យើង​ឲ្យ​ត្រា​ប្រណី​ប្រជាជន​នេះ​ក្តី ក៏​យើង​មិន​អត់‌ឱន​ឲ្យ​ពួក​គេ​ដែរ។ ចូរ​បណ្តេញ​ប្រជាជន​នេះ​ឲ្យ​បាត់​ពី​មុខ​យើង​ទៅ!  ពេល​គេ​សួរ​អ្នក​ថា “តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ណា?” នោះ​ត្រូវ​ឆ្លើយ​វិញ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:
    អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់
    អ្នក​នោះ​ត្រូវ​តែ​ស្លាប់
    អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​មុខ​ដាវ
    អ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ!
    អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​អត់​ឃ្លាន
    អ្នក​នោះ​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន!
    អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជាប់​ជា​ឈ្លើយ
    អ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ!»។
 
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សម្រាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី​ពួក​គេ ឥត​នៅ​សេស‌សល់​អ្វី​ឡើយ។  ពេល​ឃើញ​គ្រោះ​កាច​ទាំង​នេះ នគរ​ទាំង​ប៉ុន្មាន​នៅ​ផែន‌ដី​នឹង​ញ័រ​រន្ធត់។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ម៉ាណា‌សេ បុត្រ​របស់​អេសេខ្យាស​ជា​ស្តេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម។
  យេរូ‌សាឡឹម​អើយ គ្មាន​នរណា​អាណិត​អ្នក
    គ្មាន​នរណា​ស្រណោះ​អ្នក
    គ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ឈឺ‌ឆ្អាល​នឹង​អ្នក​ទេ
៦  ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -
    អ្នក​បាន​បែរ​ខ្នង​ដាក់​យើង
    ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក
    យើង​បំផ្លាញ​អ្នក​ឲ្យ​វិនាស
    យើង​លែង​ស្តាយ​ស្រណោះ​ទៀត​ហើយ។
៧  យើង​នឹង​រែង​ប្រជាជន​នេះ​នៅ​តាម​ស្រុក​នានា
    យើង​កម្ចាត់‌កម្ចាយ​ពួក​គេ
    យើង​ធ្វើ​ឲ្យ​ប្រជា‌រាស្ដ្រ​របស់​យើង​វិនាស
    ដោយ​បាត់​បង់​កូន​ចៅ
    ដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពីឮ
    ផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។
៨  យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ត្រី‌មេម៉ាយ​ច្រើន​ជាង
    គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។
    យើង​នឹង​នាំ​មហន្ត‌រាយ​មក​លើ​ពួក​គេ
    ទាំង​កណ្ដាល​ថ្ងៃ​ត្រង់
    គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេង
    យើង​ធ្វើ​ឲ្យ​ស្ត្រី​នោះ​តក់‌ស្លុត ញ័រ​រន្ធត់។
៩  ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំ​ពីរ​នាក់
    បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹម
    ពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់
    នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។
    រីឯ​អ្នក​ដែល​នៅ​សេស‌សល់
    យើង​នឹង​ប្រគល់​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ
    ដោយ​មុខ​ដាវ»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

ពាក្យ​ត្អូញ‌ត្អែរ​របស់​លោក​យេរេមី

១០ អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី
    បើ​ខ្ញុំ​វេទនា​បែប​នេះ!
    អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់
    ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។
    ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ
    ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ
    តែ​ពួក​គេ​ជេរ​ប្រទេច‌ផ្តាសា​ខ្ញុំ​គ្រប់ៗ​គ្នា។
 
១១ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «យើង​បាន​លោះ​អ្នក
    ដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ
    នៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្ន
    យើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។
១២ គ្មាន​នរណា​អាច​កាច់​បំបាក់
    ដែក​មក​ពី​ស្រុក​ខាង​ជើង ឬ​លង្ហិន​ឡើយ។
 
១៣ យូដា​អើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន
    ដែល​អ្នក​ប្រព្រឹត្ត​ពាស‌ពេញ​លើ​ទឹក​ដី​នេះ
    យើង​នឹង​ឲ្យ​ខ្មាំង​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ
    ទាំង​ប៉ុន្មាន​របស់​អ្នក។
១៤ យើង​នឹង​ឲ្យ​ខ្មាំង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយ
    នៅ​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់
    ដ្បិត​កំហឹង​របស់​យើង​កំពុង​តែ​ឆេះ‌ឆួល​ឡើង
    ទាស់​នឹង​អ្នក​រាល់​គ្នា»។
 
១៥ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់
    សូម​នឹក​ដល់​ទូល‌បង្គំ​ផង
    សូម​យាង​មក​ជួយ​ទូល‌បង្គំ
    និង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ!
    សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​រង​គ្រោះ
    ដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់
    ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។
    សូម​ជ្រាប​ថា ព្រោះ​តែ​ព្រះ‌អង្គ
    ទូល‌បង្គំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។
១៦ ពេល​ទូល‌បង្គំ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ
    ទូល‌បង្គំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់
    ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ
    ពោរ‌ពេញ​ដោយ​អំណរ និង​សុភមង្គល
    ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ
    ទូល‌បង្គំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ព្រះ‌អង្គ។
១៧ ទូល‌បង្គំ​ពុំ​បាន​អង្គុយ​សប្បាយ​រួម​ជា​មួយ
    ពួក​លេង​សើច​ឡើយ
    គឺ​ព្រះ‌អង្គ​បង្ខំ​ទូល‌បង្គំ​ឲ្យ​នៅ​ដាច់​ឡែក​ពី​គេ
    ដ្បិត​ទូល‌បង្គំ​ពោរ‌ពេញ​ដោយ​កំហឹង
    រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។
១៨ ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ចេះ​តែ​ឈឺ​ចុក​ចាប់
    ជា‌និច្ច​បែប​នេះ?
    ហេតុ​អ្វី​បាន​ជា​មុខ​របួស​ទូល‌បង្គំ
    មិន​ព្រម​ជា​សះ​ដូច្នេះ?
    ព្រះ‌អង្គ​ពិត​ជា​ធ្វើ​ឲ្យ​ទូល‌បង្គំ​ខក​ចិត្ត
    ដូច​ប្រភព​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់​ឬ!
 
១៩ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តប​ថា៖
    «ប្រសិន​បើ​អ្នក​វិល​ត្រឡប់​មក​រក​យើង
    នោះ​យើង​នឹង​ឲ្យ​អ្នក​វិល​ត្រឡប់
    មក​បំពេញ​មុខ‌ងារ​បម្រើ​យើង​វិញ។
    ប្រសិន​បើ​អ្នក​ពោល​ពាក្យ​មាន​ខ្លឹមសារ
    ជា​ជាង​ពោល​ពាក្យ​ឥត​បាន​ការ
    យើង​នឹង​ប្រើ​អ្នក​ឲ្យ​នាំ​ពាក្យ​របស់​យើង។
    ពេល​នោះ ជន​ជាតិ​យូដា​នឹង​វិល​មក​រក​អ្នក
    គឺ​មិន​មែន​អ្នក​ទេ ដែល​នឹង​ទៅ​រក​ពួក​គេ។
២០ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រៀប​ដូច​ជា
    កំពែង​លង្ហិន​ដ៏​មាំ នៅ​ចំពោះ​មុខ​ប្រជាជន​នេះ
    ពួក​គេ​នឹង​នាំ​គ្នា​វាយ​ប្រហារ​អ្នក
    តែ​ពុំ​អាច​ឈ្នះ​អ្នក​ឡើយ
    ដ្បិត​យើង​នៅ​ជា​មួយ​អ្នក
    ដើម្បី​សង្គ្រោះ និង​រំដោះ​អ្នក»
    - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
២១ យើង​នឹង​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី
    កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់
    យើង​នឹង​ដោះ​លែង​អ្នក​ពី​អំណាច​របស់
    មនុស្ស​ឃោរ‌ឃៅ។