យេរេមី ១០

Written on 18/12/2025
Boy KANN

ព្រះ‌ជាម្ចាស់ និង​ព្រះ​ក្លែង‌ក្លាយ
  ជន​ជាតិ​អ៊ីស្រា‌អែល​អើយ
    ចូរ​នាំ​គ្នា​ស្ដាប់​សេចក្ដី​ដែល
    ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា!
២  ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «មិន​ត្រូវ​យក​តម្រាប់​តាម​ប្រជា‌ជាតិ​នានា​ឡើយ
    ហើយ​ក៏​មិន​ត្រូវ​ញ័រ​រន្ធត់​ចំពោះ​ទី​សម្គាល់
    ផ្សេងៗ​នៅ​លើ​មេឃ
    ដូច​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែរ។
៣  ជំនឿ​សាសនា​របស់​សាសន៍​នានា
    សុទ្ធ​តែ​ឥត​បាន​ការ។
    ពួក​គេ​កាប់​ដើម​ឈើ​ពី​ក្នុង​ព្រៃ
    ហើយ​ជាង​ក៏​យក​ពន្លាក​មក​ដាប់​ឆ្លាក់​ធ្វើ​ជា​រូប
៤  រួច​គេ​យក​ប្រាក់ និង​មាស​ស្រោប​ពី​លើ។
    បន្ទាប់​មក គេ​យក​ដែក​គោល និង​ញញួរ
    មក​ដំ​ភ្ជិត​រូប​នោះ​កុំ​ឲ្យ​រង្គើ។
៥  ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេ
    គឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់
    ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយ
    ទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។
    កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អី
    ព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេ
    ហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។
៦  ឱ​ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹង
    ព្រះ‌អង្គ​ឡើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដម
    ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​ឧត្តុង្គ‌ឧត្ដម​ដែរ
    ព្រោះ​ព្រះ‌អង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។
៧  មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះ‌អង្គ
    ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌មហា​ក្សត្រ
    របស់​ប្រជា‌ជាតិ​នានា។
    ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា
    និង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មាន
    គ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះ‌អង្គ​ឡើយ។
៨  ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នា
    ដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ
៩  ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តារស៊ីស
    និង​យក​មាស​ពី​ស្រុក​អ៊ូផាស
    ហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់
    យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមា
    រួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំ
    មក​ពាក់​ឲ្យ​ផង។
    រូប​ព្រះ​ទាំង​នោះ​ជា​ស្នាដៃ​របស់​សិល្ប‌ករ។
១០ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិត
    ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ
    ជា​ព្រះ‌មហា​ក្សត្រ​ដែល​នៅ​ស្ថិត‌ស្ថេរ
    អស់​កល្ប‌ជានិច្ច។
    ពេល​ព្រះ‌អង្គ​សម្ដែង​ព្រះ‌ពិរោធ
    នោះ​ផែន‌ដី​ត្រូវ​ញាប់‌ញ័រ។
    ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង
    ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អង្គ​ទេ។
 
១១ ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែន‌ដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។
១២ រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​សូន​ផែន‌ដី
    ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ
    ព្រះ‌អង្គ​បាន​បង្កើត​ពិភព‌លោក
    ដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គ
    ព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ
    ដោយ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។
១៣ ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង
    ទឹក​ទាំង‌ឡាយ​មក​មូល​ផ្តុំ​គ្នា​នៅ​លើ​មេឃ
    ពពក​រសាត់​មក​ពី​ជើង​មេឃ
    ផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មក
    ហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។
១៤ ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ
    មនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់
    ហើយ​ភ័ន្ត‌ភាំង​ស្មារតី
    ជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯង
    ដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការ
    ទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។
១៥ ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះ
    ជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយ
    ដែល​នឹង​ត្រូវ​វិនាស​សូន្យ
    នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។
១៦ រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេ
    ព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់
    ព្រះ‌អង្គ​បាន​ជ្រើស‌រើស​អ៊ីស្រា‌អែល
    ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះ‌អង្គ
    ព្រះ‌អង្គ​មាន​នាម​ថា
    ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
 

មហន្ត‌រាយ​ដ៏​ទាន់‌ហន់

១៧ យេរូ‌សាឡឹម​អើយ
    សត្រូវ​បាន​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ​ហើយ!
    ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​របស់​អ្នក!
១៨ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
    «ពេល​នេះ យើង​នឹង​លើក​អ្នក​ស្រុក​នេះ
    គ្រវែង​ចោល​ឲ្យ​ឆ្ងាយ​ពី​ទឹក​ដី
    យើង​នឹង​ដេញ​ពួក​គេ​យ៉ាង​ប្រកិត
    មិន​ឲ្យ​ពួក​គេ​រត់​រួច​ឡើយ»។
 
១៩ ខ្ញុំ​វេទនា​ហើយ! ខ្ញុំ​ហិន‌ហោច​អស់​ហើយ!
    ដំបៅ​របស់​ខ្ញុំ​មើល​មិន​ជា​ទេ!
    ពី​មុន​ខ្ញុំ​គិត​ថា ខ្ញុំ​ឈឺ​ចាប់​មែន
    តែ​ខ្ញុំ​អាច​ស៊ូ‌ទ្រាំ​បាន!
២០ ប៉ុន្តែ ឥឡូវ​នេះ ជំរំ​របស់​ខ្ញុំ​ខូច​ខាត​អស់
    រីឯ​ខ្សែ​ចង​ជំរំ​ក៏​ដាច់​អស់​ដែរ
    កូន​ចៅ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ខ្ញុំ​បាត់​អស់​ទៅ​ហើយ
    គ្មាន​នរណា​ជួយ​ដំឡើង​ជំរំ
    និង​ជួយ​ធ្វើ​ជម្រក​ឲ្យ​ខ្ញុំ​សា​ជា​ថ្មី​ឡើយ។
 
២១ នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើ
    ពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេ
    ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យ
    ហើយ​ប្រជាជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រង
    របស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។
២២ ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេង
    លាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើង
    ដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដា
    ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន
    ជា​ជម្រក​របស់​ឆ្កែ​ព្រៃ។
២៣ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​យល់​ឃើញ​ថា
    មនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើ
    កិរិយា​មារយាទ​របស់​ខ្លួន​ទេ
    ក្នុង​ដំណើរ​ជីវិត
    គេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​ឡើយ។
២៤ ឱ​ព្រះ‌អម្ចាស់​អើយ
    សូម​កែ​តម្រង់​ទូល‌បង្គំ​ផង!
    សូម​កែ​តម្រង់​ទូល‌បង្គំ ដោយ​អធ្យាស្រ័យ
    គឺ​កុំ​ប្រើ​ព្រះ‌ពិរោធ​ឡើយ
    ក្រែង​លោ​ទូល‌បង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។
២៥ សូម​បំបែរ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ
    ទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ព្រះ‌អង្គ
    ទៅ​លើ​ប្រជាជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើ
    ព្រះ‌នាម​របស់​ព្រះ‌អង្គ!
    ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្ស
    របស់​លោក​យ៉ាកុប ពួក​គេ​បំបាត់​ពូជ​សាសន៍​នេះ
    ព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជា
    ទី​ស្មសាន​ទៀត​ផង។