២សាមូអែល ១

Written on 18/12/2025
Boy KANN

រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ

លោក​ដាវីឌ​ទទួល​ដំណឹង​អំពី​ការ​សោយ​ទិវង្គត​របស់​ព្រះ‌បាទ​សាអ៊ូល
 កាល​ព្រះ‌បាទ​សាអ៊ូល​សោយ​ទិវង្គតផុត​ទៅ លោក​ដាវីឌ​ដែល​បាន​វាយ​ឈ្នះ​ជន​ជាតិ​អាម៉ា‌ឡេក ក៏​វិល​ត្រឡប់​មក​ក្រុង​ស៊ីគឡាក់​វិញ ហើយ​ស្នាក់​នៅ​ក្រុង​នោះ​ពីរ​ថ្ងៃ។  នៅ​ថ្ងៃ​ទី​បី មាន​បុរស​ម្នាក់​មក​ពី​ជំរំ​របស់​ព្រះ‌បាទ​សាអ៊ូល គាត់​ស្លៀក​សម្លៀក‌បំពាក់​រហែក ហើយ​រោយ​ដី​លើ​ក្បាល។ កាល​បាន​ជួប​លោក​ដាវីឌ​ហើយ គាត់​ក្រាប​ថ្វាយ‌បង្គំ។  លោក​ដាវីឌ​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រា‌អែល»។  លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន​ជា​បុត្រ ក៏​សោយ​ទិវង្គត​ដែរ»។  លោក​ដាវីឌ​សួរ​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ម្ដេច​ក៏​អ្នក​ដឹង​ថា​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន​សុគត?»។  យុវ‌បុរស​រៀប​រាប់​ថា៖ «ពេល​កើត​ហេតុ‌ការណ៍​នោះ ខ្ញុំ​បាទ​ក៏​ស្ថិត​នៅ​លើ​ភ្នំ​គីលបោ​ដែរ។ ខ្ញុំ​បាទ​បាន​ឃើញ​ព្រះ‌បាទ​សាអ៊ូល​ច្រត់​នៅ​លើ​លំពែង​របស់​ស្តេច ហើយ​មាន​រទេះ​ចម្បាំង និង​ទ័ព‌សេះ​របស់​សត្រូវ​ដេញ​តាម​យ៉ាង​ប្រកិត។  ព្រះ‌រាជា​ងាក​មក​ទត​ឃើញ​ខ្ញុំ​បាទ ហើយ​ត្រាស់​ហៅ​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​ឆ្លើយ​ថា “ព្រះ‌ករុណា​ថ្លៃ​វិសេស!”។  ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ខ្ញុំ​ថា “អ្នក​ជា​នរណា?” ខ្ញុំ​បាទ​ទូល​ថា “ទូល‌បង្គំ​ជា​ជន​ជាតិ​អាម៉ា‌ឡេក”។  ពេល​នោះ ព្រះ‌រាជា​បង្គាប់​មក​ខ្ញុំ​បាទ​ថា “ចូរ​មក​ជិត​យើង សម្លាប់​យើង​ទៅ! ទោះ​បី​យើង​នៅ​ដឹង​ខ្លួន​ក្តី ក៏​យើង​កាន់​តែ​ល្វើយ​ទៅៗ”។ ១០ ខ្ញុំ​បាទ​ចូល​ទៅ​ជិត ហើយ​ធ្វើ​គុត​ព្រះ‌រាជា​ទៅ ដ្បិត​ខ្ញុំ​បាទ​ដឹង​ច្បាស់​ថា ដោយ​ស្តេច​បរា‌ជ័យ​ដូច្នេះ ព្រះ‌អង្គ​មិន​អាច​រស់​ត​ទៅ​ទៀត​ឡើយ។ ខ្ញុំ​បាទ​ដោះ​យក​មកុដ និង​ខ្សែ​ដៃ​របស់​ស្តេច ដែល​ខ្ញុំ​បាទ​សូម​យក​មក​ជូន​លោក​ម្ចាស់​នៅ​ទី​នេះ»។
១១ លោក​ដាវីឌ​ទាញ​សម្លៀក‌បំពាក់​របស់​លោក​មក​ហែក ហើយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​ក៏​ធ្វើ​ដូច​លោក​ដែរ។ ១២ ពួក​គេ​កាន់​ទុក្ខ យំ​សោក និង​តម​អាហារ​រហូត​ដល់​ល្ងាច ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សាអ៊ូល សម្តេច​យ៉ូណាថាន​ជា​បុត្រ ព្រម​ទាំង​កង‌ទ័ព​របស់​ព្រះ‌អម្ចាស់ និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដែល​បាន​បាត់​បង់​ជីវិត​នៅ​លើ​សមរ‌ភូមិ។
១៣ បន្ទាប់​មក លោក​ដាវីឌ​មាន​ប្រសាសន៍​ទៅ​កាន់​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​ជម្រាប​លោក​នោះ​ថា៖ «អ្នក​ជា​នរណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​បាទ​ជា​កូន​របស់​ជន​ជាតិ​អាម៉ា‌ឡេក​ម្នាក់ ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ»។ ១៤ លោក​ដាវីឌ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ហ៊ាន​លើក​ដៃ​ធ្វើ​គុត​ស្តេច ដែល​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក?»។ ១៥ លោក​ដាវីឌ​ហៅ​ក្មេង​បម្រើ​ម្នាក់​របស់​លោក​មក រួច​បញ្ជា​ថា៖ «ចូរ​មក​ជិត ហើយ​សម្លាប់​អ្នក​នេះ​ចោល​ទៅ!»។ អ្នក​បម្រើ​នោះ​ក៏​សម្លាប់​ជន​ជាតិ​អាម៉ា‌ឡេក។ ១៦ លោក​ដាវីឌ​ពោល​ថា៖ «អ្នក​ស្លាប់ ព្រោះ​តែ​កំហុស​របស់​អ្នក​ទេ ពាក្យ​សម្ដី​របស់​អ្នក​បាន​នាំ​ទោស​មក​លើ​ខ្លួន​ឯង ព្រោះ​អ្នក​ពោល​ថា អ្នក​បាន​ធ្វើ​គុត​ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិសេក»។
ទំនួញ​របស់​លោក​ដាវីឌ
១៧ លោក​ដាវីឌ​បាន​លើក​ទំនុក​មួយ​បទ ដើម្បី​រំឭក​ដល់​ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន​ជា​បុត្រ។ ១៨ លោក​បាន​បញ្ជា​ឲ្យ​គេ​បង្រៀន​ទំនុក​នេះ​ដល់​អ្នក​ស្រុក​យូដា គឺ«ទំនុក​ធ្នូ» ដែល​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង «ជន​សុចរិត»។
១៩ អ៊ីស្រា‌អែល​អើយ!
    ហេតុ​អ្វី​បាន​ជា​វីរ‌ជន​របស់​អ្នក
    ត្រូវ​គេ​សម្លាប់​នៅ​លើ​កំពូល​ភ្នំ​យ៉ាង​នេះ?
    ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច
    ត្រូវ​បាត់​បង់​ជីវិត​ដូច្នេះ?
២០ មិន​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយ
    ហើយ​ក៏​មិន​ត្រូវ​ផ្សព្វ‌ផ្សាយ​ដំណឹង​នេះ
    នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​អាស្កាឡូន​ដែរ
    ក្រែង​លោ​កូន​ស្រី​របស់​ជន​ជាតិ​ភីលីស្ទីន
    នាំ​គ្នា​អរ​សប្បាយ
    ក្រែង​លោ​កូន​ស្រី​នៃ​សាសន៍​ដទៃ
    នាំ​គ្នា​ត្រេក‌អរ។
២១ ជួរ​ភ្នំ​គីលបោ​អើយ!
    សូម​កុំ​ឲ្យ​មាន​ទឹក​សន្សើម ឬ​ភ្លៀង
    ធ្លាក់​មក​លើ​អ្នក​ឡើយ
    ហើយ​ក៏​កុំ​ឲ្យ​មាន​ចម្ការ​ដែល​ផ្តល់
    ភោគ‌ផល​ទៀត​ដែរ។
    ដ្បិត​នៅ​ទី​នេះ​ហើយ​ដែល​សត្រូវ​បាន
    បន្ទាប​បន្ថោក​ខែល​របស់​វីរ‌បុរស​ដ៏​អង់‌អាច
    ហើយ​ខែល​របស់​ព្រះ‌បាទ​សាអ៊ូល
    ក៏​លែង​បាន​លាប​ប្រេង​ត​ទៅ​ទៀត​ដែរ។
២២ ធ្នូ​របស់​សម្តេច​យ៉ូណាថាន​ឥត​រេ​ថយ​ឡើយ
    ហើយ​ដាវ​របស់​ព្រះ‌បាទ​សាអ៊ូល
    ក៏​មិន​ស៊ក​ចូល​ស្រោម​វិញ​ដែរ
    ដរាប​ណា​មិន​បាន​បង្ហូរ​ឈាម​សត្រូវ និង​សម្លាប់
    ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ​ទេ​នោះ។
២៣ព្រះ‌បាទ​សាអ៊ូល និង​សម្តេច​យ៉ូណាថាន
    ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់
    និង​គោរព​រាប់​អាន
    ពេល​រស់ គឺ​រស់​ជា​មួយ​គ្នា
    ហើយ​ពេល​សោយ​ទិវង្គត
    ក៏​សោយ​ទិវង្គត​ជា​មួយ​គ្នា​ដែរ។
    ទាំង​បិតា ទាំង​បុត្រា រហ័ស​ដូច​សត្វ​ឥន្ទ្រី
    ហើយ​ខ្លាំង​ដូច​សត្វ​សិង្ហ។
២៤ ឱ​កូន​ស្រី​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ!
    ចូរ​យំ​ស្រណោះ​ព្រះ‌បាទ​សាអ៊ូល​ទៅ
    ព្រោះ​ព្រះ‌អង្គ​តែង​ប្រទាន​ឲ្យ​ពួក​នាង
    មាន​សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​ត្រចះ‌ត្រចង់
    ព្រម​ទាំង​មាន​រំយោល​មាស​ទៀត​ផង។
២៥ ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច​ត្រូវ​ស្លាប់
    ក្នុង​ពេល​ប្រយុទ្ធ​ដូច្នេះ?
    ហេតុ​អ្វី​បាន​ជា​សម្តេច​យ៉ូណាថាន
    ត្រូវ​ខ្មាំង​ចាក់​ទម្លុះ​នៅ​លើ​កំពូល​ភ្នំ​ដូច្នេះ?។
២៦ បង​យ៉ូណាថាន​ជា​ទី​ស្រឡាញ់​បំផុត​អើយ
    ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា
    ដោយ‌សារ​បាត់​បង់​រូប​បង
    សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​បំផុត
    គឺ​ប្រសើរ​លើស​សេចក្ដី​ស្រឡាញ់
    របស់​ស្រីៗ​ទៅ​ទៀត។
២៧ហេតុ​អ្វី​បាន​ជា​វីរ‌បុរស​ដ៏​អង់‌អាច
    ត្រូវ​ស្លាប់​ដូច្នេះ?
    ហេតុ​អ្វី​បាន​ជា​គ្រឿង​សាស្ត្រា‌វុធ
    ក៏​ត្រូវ​វិនាស​អន្តរាយ​អស់​ដូច្នេះ?