១ អ្នកស្រុកគៀរីយ៉ាត-យេអារីមនាំគ្នាមក ហើយយកហិបរបស់ព្រះអម្ចាស់ទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារ ជាកូនរបស់លោកអប៊ីណាដាប់ ឲ្យថែរក្សាហិបរបស់ព្រះអម្ចាស់។
ជ័យជម្នះលើកងទ័ពភីលីស្ទីន
២ ជាយូរលង់ក្រោយមក គឺប្រមាណម្ភៃឆ្នាំក្រោយពេលដែលគេយកហិបទៅតម្កល់នៅគៀរីយ៉ាត-យេអារីម ពូជពង្សអ៊ីស្រាអែលទាំងមូលនាំគ្នាស្រែកអង្វររកព្រះអម្ចាស់។ ៣ ពេលនោះ លោកសាមូអែលមានប្រសាសន៍ទៅកាន់ពូជពង្សអ៊ីស្រាអែលទាំងមូលថា៖ «បើសិនជាអ្នករាល់គ្នាវិលមករកព្រះអម្ចាស់វិញ ដោយស្មោះ ចូរបោះបង់ចោលព្រះរបស់សាសន៍ដទៃ និងព្រះអាស្តារ៉ូត* ហើយផ្ចង់ចិត្តគំនិតទៅរកព្រះអម្ចាស់ និងគោរពបម្រើតែព្រះអង្គមួយប៉ុណ្ណោះ នោះព្រះអង្គនឹងរំដោះអ្នករាល់គ្នាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនជាមិនខាន»។ ៤ ជនជាតិអ៊ីស្រាអែលបាននាំគ្នាបោះបង់ចោលព្រះបាល* និងព្រះអាស្តារ៉ូត ហើយគោរពបម្រើតែព្រះអម្ចាស់ប៉ុណ្ណោះ។
៥ លោកសាមូអែលមានប្រសាសន៍ថា៖ «ចូរប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងអស់ នៅមីសប៉ា រួចហើយខ្ញុំនឹងទូលអង្វរព្រះអម្ចាស់ឲ្យអ្នករាល់គ្នា»។ ៦ ជនជាតិអ៊ីស្រាអែលក៏ប្រជុំគ្នានៅមីសប៉ា ពួកគេបានដងទឹកយកទៅចាក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយតមអាហារនៅថ្ងៃនោះ។ ពួកគេសារភាពថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់ព្រះអម្ចាស់»។ លោកសាមូអែលគ្រប់គ្រងប្រជាជនអ៊ីស្រាអែល នៅមីសប៉ា។
៧ កាលជនជាតិភីលីស្ទីនបានឮដំណឹងថា ជនជាតិអ៊ីស្រាអែលប្រជុំគ្នានៅមីសប៉ា ពួកស្តេចត្រាញ់របស់ជនជាតិភីលីស្ទីនក៏លើកទ័ពទៅវាយជនជាតិអ៊ីស្រាអែល។ ដំណឹងនេះបានធ្វើឲ្យជនជាតិអ៊ីស្រាអែលភ័យខ្លាចជាខ្លាំង។ ៨ ពួកគេជម្រាបលោកសាមូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូលអង្វរព្រះអម្ចាស់ ជាព្រះនៃយើង ដើម្បីឲ្យព្រះអង្គសង្គ្រោះយើងពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន»។ ៩ លោកសាមូអែលបានយកកូនចៀមមួយដែលនៅបៅ មកថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់ រួចទូលអង្វរសូមព្រះអម្ចាស់ជួយជនជាតិអ៊ីស្រាអែល ព្រះអង្គក៏ឆ្លើយតបមកលោកវិញ។ ១០ នៅពេលលោកសាមូអែលកំពុងតែថ្វាយតង្វាយដុត កងទ័ពភីលីស្ទីនចូលមកវាយលុកជនជាតិអ៊ីស្រាអែល។ ប៉ុន្តែ នៅថ្ងៃនោះ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ឮយ៉ាងខ្លាំងពីលើពួកភីលីស្ទីន បណ្តាលឲ្យពួកគេជ្រួលច្របល់ បាក់ទ័ពរត់នៅមុខជនជាតិអ៊ីស្រាអែល។ ១១ កងទ័ពអ៊ីស្រាអែលចេញពីមីសប៉ា ដេញតាមប្រហារពួកភីលីស្ទីន រហូតដល់បេតកា។ ១២ លោកសាមូអែលបានយកថ្មមកដាក់នៅចន្លោះមីសប៉ា និងសេន ហើយដាក់ឈ្មោះថ្មនោះថា អេបេន-អេស៊ែរ ដោយពោលថា ព្រះអម្ចាស់បានសង្គ្រោះយើងរហូតដល់ពេលនេះ។
១៣ កងទ័ពភីលីស្ទីនបាក់ស្បាតលែងហ៊ានលុកលុយទឹកដីអ៊ីស្រាអែលទៀត។ ព្រះអម្ចាស់បានសម្ដែងឫទ្ធានុភាព ប្រឆាំងនឹងជនជាតិភីលីស្ទីន អស់មួយជីវិតរបស់លោកសាមូអែល។ ១៤ ក្រុងទាំងប៉ុន្មានដែលពួកភីលីស្ទីនវាយដណ្ដើមយកពីអ៊ីស្រាអែលនោះ គឺចាប់តាំងពីក្រុងអេក្រុនរហូតដល់កាថ និងតំបន់ជិតខាង បានត្រឡប់មកជាកម្មសិទ្ធិរបស់អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែលរំដោះយកទឹកដីទាំងនោះពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន។ មួយវិញទៀត ជនជាតិអ៊ីស្រាអែល និងជនជាតិអាម៉ូរី ក៏រស់នៅយ៉ាងសុខសាន្តជាមួយគ្នាដែរ។
១៥ លោកសាមូអែលបានគ្រប់គ្រងលើជនជាតិអ៊ីស្រាអែលអស់មួយជីវិត។ ១៦ រៀងរាល់ឆ្នាំ លោកតែងធ្វើដំណើរជុំវិញស្រុកអ៊ីស្រាអែល ពីបេតអែលទៅគីលកាល់ និងមីសប៉ា ហើយលោកកាត់ក្តីឲ្យជនជាតិអ៊ីស្រាអែលនៅកន្លែងទាំងនោះ។ ១៧ បន្ទាប់មក លោកវិលត្រឡប់ទៅគេហដ្ឋានរបស់លោកនៅរ៉ាម៉ាវិញ គឺទីនោះហើយដែលលោកកាត់ក្តីឲ្យជនជាតិអ៊ីស្រាអែល និងសង់អាសនៈមួយថ្វាយព្រះអម្ចាស់។