ព្រះអម្ចាស់ស្តីបន្ទោសប្រជារាស្ដ្ររបស់ព្រះអង្គ
១ នៅគ្រានោះ ទេវទូតរបស់ព្រះអម្ចាស់បានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុកដែលយើងបានសន្យាជាមួយពួកបុព្វបុរស*ថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្ដាច់សម្ពន្ធមេត្រី*ដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។ ២ រីឯអ្នករាល់គ្នាវិញ មិនត្រូវចងសម្ពន្ធមេត្រីជាមួយប្រជាជនស្រុកនេះទេ ត្រូវរំលំអាសនៈទាំងឡាយរបស់គេចោល។ ប៉ុន្តែ អ្នករាល់គ្នាមិនស្ដាប់យើងសោះ! ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ? ៣ ដូច្នេះ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនបណ្តេញអ្នកស្រុកនេះចេញពីមុខអ្នករាល់គ្នាឡើយ ពួកគេនឹងក្លាយទៅជាគូសត្រូវរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងអន្ទាក់នៃព្រះនានារបស់ពួកគេ»។ ៤ នៅពេលឮទេវទូតរបស់ព្រះអម្ចាស់ពោលដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់ក៏នាំគ្នាទ្រហោយំ។ ៥ គេដាក់ឈ្មោះកន្លែងនោះថា បូគីម ហើយនាំគ្នាថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។
លោកយ៉ូស៊ូអាទទួលមរណភាព
៦ លោកយ៉ូស៊ូអាបានឲ្យប្រជាជនវិលត្រឡប់ទៅវិញ ជនជាតិអ៊ីស្រាអែលក៏នាំគ្នាទៅចាប់យកចំណែកទឹកដី ដែលជាមត៌ករបស់គេរៀងៗខ្លួន។ ៧ ពួកគេគោរពបម្រើព្រះអម្ចាស់ ក្នុងអំឡុងពេលដែលលោកយ៉ូស៊ូអាមានជីវិតនៅឡើយ។ ក្រោយលោកទទួលមរណភាពផុតទៅ គេនៅតែគោរពបម្រើព្រះអង្គតទៅទៀត ក្នុងអំឡុងពេលដែលពួកចាស់ទុំនៅរស់នៅឡើយដែរ គឺចាស់ទុំដែលបានឃើញការអស្ចារ្យដ៏ឧត្តុង្គឧត្ដម ដែលព្រះអម្ចាស់បានធ្វើចំពោះជនជាតិអ៊ីស្រាអែល។ ៨ លោកយ៉ូស៊ូអាដែលជាកូនរបស់លោកនូន និងជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានទទួលមរណភាព ក្នុងជន្មាយុមួយរយដប់ឆ្នាំ។ ៩ គេបានបញ្ចុះសពរបស់លោកនៅក្នុងទឹកដីដែលជាចំណែកមត៌ករបស់លោក នៅទីមណាត-ហេរេស ក្នុងតំបន់ភ្នំអេប្រាអ៊ីម ខាងជើងភ្នំកាស។ ១០ មនុស្សជំនាន់នោះក៏ទៅជួបជុំនឹងដូនតារបស់គេ ដែលចែកស្ថានទៅហើយ ហើយមានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់ព្រះអម្ចាស់ ហើយក៏មិនស្គាល់ស្នាព្រះហស្ដ ដែលព្រះអង្គបានធ្វើចំពោះអ៊ីស្រាអែលដែរ។
ប្រជាជនអ៊ីស្រាអែលបោះបង់ចោលព្រះអម្ចាស់
១១ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយនាំគ្នាគោរពបម្រើព្រះបាល។ ១២ ពួកគេបានបោះបង់ចោលព្រះជាអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗទៀត ក្នុងចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជាហេតុបណ្តាលឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធ។ ១៣ ពួកគេបានបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះបាល និងព្រះអាស្ដារ៉ូតវិញ។ ១៤ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ព្រះអង្គប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ព្រះអង្គប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញ យកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវទៀតឡើយ។ ១៥ រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឲ្យពួកគេបរាជ័យជានិច្ច ដូចព្រះអង្គមានព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។ ១៦ គ្រានោះ ព្រះអម្ចាស់បានធ្វើឲ្យមានពួកវីរបុរសក្រោកឡើង រំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ចោរព្រៃ។ ១៧ ប៉ុន្តែ ពួកគេមិនស្ដាប់បង្គាប់អស់លោកវីរបុរស ជាអ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមវិន័យរបស់ព្រះអម្ចាស់ ដូចពួកបុព្វបុរសទេ។ ១៨ ពេលព្រះអម្ចាស់តែងតាំងវីរបុរសណាម្នាក់ឲ្យដឹកនាំពួកគេ ព្រះអង្គគង់ជាមួយវីរបុរសនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់លោក ដ្បិតព្រះអម្ចាស់អាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរ ដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។ ១៩ លុះវីរបុរសនោះទទួលមរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសដូនតាទៅទៀត។ ពួកគេបែរទៅគោរពបម្រើ និងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំបានលះបង់អំពើអាក្រក់ និងចរិតរឹងចចេសរបស់ខ្លួនឡើយ។ ២០ ពេលនោះ ព្រះអម្ចាស់ព្រះអង្គព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «ប្រជាជាតិនេះបានផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយបុព្វបុរសរបស់គេ ហើយមិនព្រមស្ដាប់បង្គាប់យើងទេ ២១ ដូច្នេះ យើងក៏នឹងមិនបណ្តេញប្រជាជាតិណាមួយ ក្នុងចំណោមប្រជាជាតិនានាដែលយ៉ូស៊ូអាទុកឲ្យនៅសល់ ក្រោយពេលគាត់ស្លាប់ទៅនោះដែរ។ ២២ យើងនឹងប្រើប្រជាជាតិទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។
២៣ ព្រះអម្ចាស់ទុកប្រជាជាតិទាំងឡាយ ដែលព្រះអង្គមិនបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់លោកយ៉ូស៊ូអា ឲ្យរស់នៅក្នុងស្រុកតទៅមុខទៀត គឺព្រះអង្គមិនប្រញាប់នឹងយកទឹកដីចេញពីពួកគេឡើយ។