ក្រុងទាំងឡាយរបស់កុលសម្ព័ន្ធលេវី
១ មេក្រុមគ្រួសារនៃកូនចៅលេវីនាំគ្នាមកជួបលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស៊ូអា ជាកូនរបស់លោកនូន ព្រមទាំងមេគ្រួសាររបស់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ២ នៅស៊ីឡូ ក្នុងស្រុកកាណាន ជម្រាបថា៖ «ព្រះអម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ ៣ ដូច្នេះ ជនជាតិអ៊ីស្រាអែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់ព្រះអម្ចាស់។
៤ គេបានចាប់ឆ្នោតសម្រាប់អំបូរនានានៃកូនចៅគើហាត។ ក្នុងចំណោមពួកលេវីទាំងនោះ កូនចៅរបស់បូជាចារ្យអរ៉ុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម៉ូន និងកុលសម្ព័ន្ធបេនយ៉ាមីន។ ៥ កូនចៅឯទៀតៗរបស់គើហាតទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់ កណ្ដាល ដែលនៅខាងលិច។ ៦ កូនចៅរបស់លោកគែរសូនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីកុលសម្ព័ន្ធអ៊ីសាកា កុលសម្ព័ន្ធអស៊ែរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលស្ថិតនៅក្នុងស្រុកបាសាន។ ៧ កូនចៅរបស់លោកមេរ៉ារីទទួលបានក្រុងចំនួនដប់ពីរ ក្នុងទឹកដីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប៊ូឡូន។ ៨ ជនជាតិអ៊ីស្រាអែលបានចែកក្រុង និងវាលស្មៅនៅជុំវិញឲ្យពួកលេវី ដោយការចាប់ឆ្នោត ស្របតាមបញ្ជារបស់ព្រះអម្ចាស់មកលោកម៉ូសេ។
៩ កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម៉ូន បានចែកក្រុងដែលមានឈ្មោះដូចខាងក្រោមនេះ ១០ ឲ្យកូនចៅលោកអរ៉ុននៃអំបូរលោកគើហាត ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ ១១ ពួកគេទទួលបានក្រុងគៀរីយ៉ាត-អារបា ពោលគឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ លោកអារបាជាបុព្វបុរសរបស់ជនជាតិអាណាក់។ ១២ រីឯដីចម្ការ និងភូមិនានាដែលនៅជាប់ក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។ ១៣ ពួកគេបានចែកក្រុងដូចតទៅនេះ ឲ្យកូនចៅលោកបូជាចារ្យអរ៉ុន សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងហេប្រូន និងវាលស្មៅនៅជុំវិញ ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ១៤ ក្រុងយ៉ាទៀរ និងវាលស្មៅនៅជុំវិញ ក្រុងអេសតេម៉ា និងវាលស្មៅនៅជុំវិញ ១៥ ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ ១៦ ក្រុងអៃយ៉ីន និងវាលស្មៅនៅជុំវិញ ក្រុងយូតា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម៉ូន។ ១៧ ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកលេវីទទួលបានក្រុងកាបូន និងវាលស្មៅនៅជុំវិញ ក្រុងកេបា និងវាលស្មៅនៅជុំវិញ ១៨ ក្រុងអាណាតូត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ ១៩ សរុបទាំងអស់ ក្រុមបូជាចារ្យដែលជាកូនចៅលោកអរ៉ុនទទួលបានដប់បីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញផង។
២០ ពួកលេវីក្នុងអំបូរឯទៀតៗនៃកូនចៅរបស់លោកគើហាត ទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមការចាប់ឆ្នោត។ ២១ ពួកគេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ែរ និងវាលស្មៅនៅជុំវិញ ២២ ក្រុងគីបសាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ ២៣ ក្នុងទឹកដីនៃកុលសម្ព័ន្ធដាន់ គេទទួលបានក្រុងអែលតេកេ និងវាលស្មៅនៅជុំវិញ ក្រុងគីបតូន និងវាលស្មៅនៅជុំវិញ ២៤ ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ២៥ ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល គេទទួលបានក្រុងពីរ គឺក្រុងតាណាក់ និងវាលស្មៅនៅជុំវិញ ក្រុងអ៊ីតឡាម និងវាលស្មៅនៅជុំវិញ។ ២៦ សរុបមក អំបូរឯទៀតៗនៃកូនចៅរបស់លោកគើហាតទទួលបានដប់ក្រុង ព្រមទាំងវាលស្មៅនៅជុំវិញ។
២៧ ពួកលេវីជាកូនចៅលោកគែរសូនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដែលនៅខាងកើត សម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសតេរ៉ា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។ ២៨ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាកា គេទទួលបានក្រុងគីសយ៉ូន និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ ២៩ ក្រុងយ៉ាមូត និងវាលស្មៅនៅជុំវិញក្រុងអេនកានីន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣០ ក្នុងទឹកដីរបស់កុលសម្ព័ន្ធអស៊ែរ គេទទួលបានក្រុងមីសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ ៣១ ក្រុងហែលកាថ និងវាលស្មៅនៅជុំវិញ ក្រុងរេហូប និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣២ ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងកេដែស និងវាលស្មៅនៅជុំវិញ ក្នុងស្រុកកាលីឡេ ក្រុងហាមម៉ូត-ឌ័រ និងវាលស្មៅនៅជុំវិញ ក្រុងការកាន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបី។ ៣៣ សរុបទាំងអស់ ពួកលេវីជាកូនចៅរបស់លោកគែរសូន តាមក្រុមគ្រួសាររបស់ពួកគេទទួលបានក្រុងដប់បី ព្រមទាំងវាលស្មៅនៅជុំវិញផង។
៣៤ ចំពោះអំបូរលេវីឯទៀតៗ គឺកូនចៅលោកមេរ៉ារី គេទទួលបានក្រុងក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប៊ូឡូន: ក្រុងយ៉ុកណាម និងវាលស្មៅនៅជុំវិញ ក្រុងការតា និងវាលស្មៅនៅជុំវិញ ៣៥ ក្រុងឌីមណា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងណា-ហាឡាល់ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣៦ ក្នុងទឹកដីនៃកុលសម្ព័ន្ធរូបេនដែលនៅត្រើយខាងកើតទន្លេយ័រដាន់ គេបានទទួលក្រុងបេស៊ែរ និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាសា និងវាលស្មៅនៅជុំវិញ ៣៧ ក្រុងកេដេម៉ូត និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងមេផាត និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៣៨ ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណាអ៊ីម និងវាលស្មៅនៅជុំវិញ ៣៩ ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងយ៉ាស៊ែរ និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងបួន។ ៤០ សរុបទាំងអស់ កូនចៅលោកមេរ៉ារីតាមអំបូររបស់ពួកគេ ពោលគឺអំបូរលេវីដែលនៅសល់ ទទួលបានក្រុងចំនួនដប់ពីរ ដោយការចាប់ឆ្នោត។
៤១ រួមទាំងអស់ ក្រុងរបស់ពួកលេវី ក្នុងទឹកដីរបស់ជនជាតិអ៊ីស្រាអែល មានសែសិបប្រាំបីក្រុង ព្រមទាំងវាលស្មៅនៅជុំវិញ។ ៤២ ក្រុងនីមួយៗមានវាលស្មៅនៅជុំវិញ គឺក្រុងទាំងអស់សុទ្ធតែមានវាលស្មៅដូចៗគ្នា។
៤៣ ព្រះអម្ចាស់បានប្រគល់ស្រុកនោះទាំងមូលឲ្យជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាថានឹងប្រទានឲ្យបុព្វបុរសរបស់គេ។ ពួកគេបានកាន់កាប់ស្រុកជាកម្មសិទ្ធិ ហើយតាំងទីលំនៅនៅទីនោះ។ ៤៤ ព្រះអម្ចាស់ប្រទានសេចក្ដីសុខសាន្តនៅជុំវិញស្រុករបស់ពួកគេ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេឡើយ ព្រោះព្រះអម្ចាស់បានប្រគល់ខ្មាំងសត្រូវទាំងអស់មកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ ៤៥ ហេតុនេះ ព្រះបន្ទូលដ៏ប្រសើរដែលព្រះអម្ចាស់សន្យាជាមួយប្រជាជនអ៊ីស្រាអែលបានសម្រេចជាស្ថាពរ ឥតមានខ្វះត្រង់ណាឡើយ។