បទល្មើសរបស់លោកអកាន ជនជាតិអ៊ីស្រាអែលទទួលបរាជ័យនៅក្រុងអៃ
១ ពេលនោះ ជនជាតិអ៊ីស្រាអែលបានបំពានលើព្រះបន្ទូល ដែលព្រះអម្ចាស់ហាមមិនឲ្យប៉ះពាល់របស់អ្វីនៅក្រុងយេរីខូ គឺមានបុរសម្នាក់ឈ្មោះអកាន ជាកូនរបស់លោកកាមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ា ក្នុងកុលសម្ព័ន្ធយូដា បានយករបស់មួយដែលព្រះអម្ចាស់ហាមឃាត់ ជាហេតុធ្វើឲ្យព្រះអង្គព្រះអង្គព្រះពិរោធនឹងជនជាតិអ៊ីស្រាអែល។
២ លោកយ៉ូស៊ូអាបានចាត់អ្នកខ្លះពីក្រុងយេរីខូឲ្យទៅក្រុងអៃ ដែលនៅជិតបេតអាវេន នៅខាងកើតបេតអែល ទាំងមានប្រសាសន៍ទៅគេថា៖ «ចូរឡើងទៅស៊ើបការណ៍នៅស្រុកនោះ»។ ពួកគេក៏ឡើងទៅស៊ើបការណ៍នៅក្រុងអៃ។ ៣ អ្នកទាំងនោះវិលមកជួបលោកយ៉ូស៊ូអាវិញ ជម្រាបថា៖ «មិនបាច់ឲ្យប្រជាជនទាំងមូលឡើងទៅវាយទេ គឺឲ្យតែទ័ពពីរ ឬបីពាន់នាក់ ឡើងទៅវាយយកក្រុងអៃប៉ុណ្ណោះបានហើយ! អ្នកក្រុងនោះមានគ្នាតិចតួចទេ ដូច្នេះ មិនបាច់ចាត់កងទ័ពទាំងមូលឲ្យទៅ នាំឲ្យពិបាកឡើយ»។ ៤ ពេលនោះ ទ័ពអ៊ីស្រាអែលប្រមាណបីពាន់នាក់ក៏ឡើងទៅវាយយកក្រុងអៃ ប៉ុន្តែ ពួកគេត្រូវបាក់ទ័ព។ ៥ អ្នកក្រុងអៃបានសម្លាប់ពួកអ៊ីស្រាអែលអស់ប្រមាណសាមសិបប្រាំមួយនាក់ រួចដេញតាមពួកគេចាប់ពីទ្វារក្រុង រហូតទៅដល់ភូមិសេបារីម ហើយសម្លាប់ពួកគេនៅត្រង់ជម្រាលភ្នំ។ ប្រជាជនអ៊ីស្រាអែលបាក់ទឹកចិត្ត បាត់បង់សេចក្ដីក្លាហានអស់។
៦ លោកយ៉ូស៊ូអា និងព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលហែកសម្លៀកបំពាក់របស់ខ្លួន រួចក្រាបនៅខាងមុខហិបរបស់ព្រះអម្ចាស់ ឱនមុខដល់ដី រហូតដល់ល្ងាច ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។ ៧ លោកយ៉ូស៊ូអាទូលថា៖ «ឱព្រះជាអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គនាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្ដេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ? ៨ ឱព្រះអម្ចាស់អើយ! ឥឡូវនេះ តើឲ្យទូលបង្គំនិយាយដូចម្ដេចកើត បើជនជាតិអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ? ៩ ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើព្រះអង្គធ្វើយ៉ាងណា ដើម្បីការពារព្រះកិត្តិនាមរបស់ព្រះអង្គ?»។
១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស៊ូអាថា៖ «ក្រោកឡើង! ហេតុអ្វីបានជាអ្នកក្រាបចុះ ឱនមុខដល់ដីដូច្នេះ? ១១ ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយអីវ៉ាន់របស់ខ្លួន។ ១២ ហេតុនេះហើយបានជាជនជាតិអ៊ីស្រាអែលពុំអាចប្រឈមមុខតទល់នឹងសត្រូវទៀតទេ។ ពួកគេបាក់ទ័ពរត់នៅមុខសត្រូវដូច្នេះ ព្រោះពួកគេមានទោស ហើយត្រូវវិនាសអន្តរាយ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញអ្វីៗដែលត្រូវបំផ្លាញក្នុងចំណោមអ្នករាល់គ្នាទេនោះ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ! ១៣ ក្រោកឡើង ជម្រះប្រជាជនឲ្យវិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជម្រះខ្លួនឲ្យវិសុទ្ធ*សម្រាប់ថ្ងៃស្អែក ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ៊ីស្រាអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។ ១៤ ព្រឹកឡើង អ្នករាល់គ្នាត្រូវចូលមកតាមកុលសម្ព័ន្ធ។ ពេលព្រះអម្ចាស់ចង្អុលកុលសម្ព័ន្ធណា កុលសម្ព័ន្ធនោះត្រូវចូលមកតាមអំបូរ ពេលព្រះអម្ចាស់ចង្អុលអំបូរណា អំបូរនោះត្រូវចូលមកតាមក្រុមគ្រួសារ ហើយពេលព្រះអម្ចាស់ចង្អុលក្រុមគ្រួសារណា ត្រូវឲ្យមេក្រុមគ្រួសារនោះចូលមកម្នាក់ម្ដងៗ។ ១៥ ពេលប៉ះចំលើអ្នកដែលមានកំហុស ដោយលាក់ទុករបស់ដែលត្រូវបំផ្លាញ ចូរដុតអ្នកនោះជាមួយអ្វីៗដែលខ្លួនមាន ព្រោះគេបានរំលោភលើសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ គឺគេបានប្រព្រឹត្តអំពើមួយដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល”»។
១៦ លោកយ៉ូស៊ូអាក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះ ប៉ះចំលើកុលសម្ព័ន្ធយូដា។ ១៧ លោកយ៉ូស៊ូអាបញ្ជាឲ្យអំបូរផ្សេងៗនៃកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ា។ លោកឲ្យអំបូរសេរ៉ាចូលមកតាមក្រុមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារលោកសាបឌី។ ១៨ បន្ទាប់មក លោកឲ្យក្រុមគ្រួសារសាបឌីចូលមកម្នាក់ម្ដងៗ ហើយប៉ះចំលើលោកអកាន ជាកូនរបស់លោកកាមី ជាចៅរបស់លោកសាបឌី និងជាចៅទួតរបស់លោកសេរ៉ាក្នុងកុលសម្ព័ន្ធយូដា។
១៩ លោកយ៉ូស៊ូអាមានប្រសាសន៍ទៅកាន់លោកអកានថា៖ «កូនអើយ ចូរលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល! ចូរលើកកិត្តិយសព្រះអង្គឡើង! តើអ្នកបានធ្វើអ្វីខ្លះ ចូរប្រាប់ខ្ញុំ កុំលាក់លៀមឡើយ»។ ២០ លោកអកានឆ្លើយទៅលោកយ៉ូស៊ូអាវិញថា៖ «ខ្ញុំប្របាទបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ពិតប្រាកដមែន! គឺខ្ញុំប្របាទបានប្រព្រឹត្តដូចតទៅ: ២១ ក្នុងជ័យភ័ណ្ឌ ខ្ញុំប្របាទបានឃើញអាវធំមួយយ៉ាងល្អប្រណីត ធ្វើនៅស្រុកស៊ីណេអារ ហើយឃើញប្រាក់សុទ្ធទម្ងន់ប្រមាណហុកសិបតម្លឹង និងមាសមួយដុំទម្ងន់ប្រមាណដប់ប្រាំតម្លឹង។ ដោយខ្ញុំប្របាទចង់បានពេក ខ្ញុំប្របាទក៏យករបស់ទាំងនោះ។ ឥឡូវនេះ ខ្ញុំប្របាទកប់ទុកនៅក្នុងតង់ត៍របស់ខ្ញុំប្របាទ ដោយដាក់ប្រាក់នៅក្រោមគេបង្អស់»។ ២២ លោកយ៉ូស៊ូអាចាត់គេឲ្យរត់ទៅតង់ត៍របស់លោកអកាន ហើយឃើញវត្ថុកប់ទុកនៅទីនោះមែន គឺប្រាក់នៅពីក្រោមគេបង្អស់។ ២៣ ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
២៤ លោកយ៉ូស៊ូអា និងជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាចាប់លោកអកាន ជាចៅទួតរបស់លោកសេរ៉ា ហើយយកប្រាក់ អាវធំ និងដុំមាស ព្រមទាំងកូនប្រុស កូនស្រី គោ លា ចៀម តង់ត៍ និងអ្វីៗទាំងអស់ដែលគាត់មាន នាំឆ្ពោះទៅជ្រលងភ្នំអាគ័រ។ ២៥ លោកយ៉ូស៊ូអាមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាអ្នកនាំទុក្ខទោសមកឲ្យពួកយើងដូច្នេះ? ថ្ងៃនេះ សូមព្រះអម្ចាស់ធ្វើឲ្យអ្នករងទុក្ខទោសវិញ»។ ជនជាតិអ៊ីស្រាអែលទាំងមូល នាំគ្នាសម្លាប់លោកអកាន និងក្រុមគ្រួសារគាត់ ដោយគប់នឹងថ្ម ព្រមទាំងដុតអ្វីៗទាំងប៉ុន្មានដែលគាត់មានចោលដែរ។ ២៦ បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ ព្រះអម្ចាស់ឈប់ព្រះពិរោធ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។