ជំរឿនប្រជាជន ២៤

Written on 18/12/2025
Boy KANN

 លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ប្រទាន​ពរ​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។  លោក​សម្លឹង​មើល​ទៅ ឃើញ​ជន​ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម  លោក​ថ្លែង​ដូច​ត​ទៅ៖
    «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ
    នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់
  នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល
    របស់​ព្រះ‌ជាម្ចាស់
    អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ
    ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
    អ្នក​ដែល​ស្លុង​ស្មារតី
    ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។
  កូន​ចៅ​យ៉ាកុប​អើយ
    ពន្លា​របស់​អ្នក​ស្អាត​ណាស់!
    កូន​ចៅ​អ៊ីស្រា‌អែល​អើយ
    ទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ!
  គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរ
    ដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេ
    ដូច​ដើម​ក្រឹស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំ
    ដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។
  ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌
    គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់
    ព្រោះ​សម្បូរ​ទឹក
    ស្តេច​របស់​គេ​នឹង​មាន​ជ័យ‌ជម្នះ​លើ​ស្តេច​អកាក់
    នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។
  ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប
    ដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។
    ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្ត
    ហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារ
    អ្នក​ទាំង​នោះ​ទៀត​ផង។
  ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហ
    តើ​នរណា​ហ៊ាន​ដាស់​ពួក​គេ?
    អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែល
    អ្នក​នោះ​នឹង​ទទួល​ពរ
    អ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែល
    អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។
១០ ពេល​នោះ ព្រះ‌បាទ​បាឡាក់​ក្រេវ‌ក្រោធ​ទាស់​នឹង​លោក​បាឡាម ស្តេច​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗ ទាំង​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។ ១១ ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្តល់​កិត្តិ‌យស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រា‌រាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិ‌យស​នេះ​ទេ!»។ ១២ លោក​បាឡាម​ទូល​ស្តេច​វិញ​ថា៖ «ទូល‌បង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូល‌បង្គំ​រួច​ហើយ​ថា ១៣ “ទោះ‌បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្តី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ”។ ១៤ ឥឡូវ​នេះ មុន​ពេល​ទូល‌បង្គំ​វិល​ទៅ​ជួប‌ជុំ​នឹង​ប្រជាជន​របស់​ទូល‌បង្គំ​វិញ សូម​ព្រះ‌អង្គ​យាង​មក​ជិត​ទូល‌បង្គំ ដើម្បី​ទូល‌បង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។
    ១៥ លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖
        «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ
        នេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់
    ១៦ នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល
        របស់​ព្រះ‌ជាម្ចាស់
        អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
        អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ
        ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត
        អ្នក​ដែល​ស្លុង​ស្មារតី
        ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។
១៧ ខ្ញុំ​ឃើញ​ស្តេច​មួយ​អង្គ
    តែ​មិន‌មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេ
    ខ្ញុំ​សម្លឹង​មើល​ស្តេច​នោះ
    តែ​មិន‌មែន​នៅ​ជិត​ទេ។
    មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុប
    មាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែល
    ស្តេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់
    ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។
១៨ ស្តេច​នឹង​កាន់​កាប់​ស្រុក​អេដុម
    នឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវ
    ពេល​នោះ អ៊ីស្រា‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។
១៩ ស្តេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យ
    ជា​ក្សត្រា‌ធិរាជ។
    ព្រះ‌អង្គ​នឹង​កម្ទេច​អស់​អ្នក​ដែល​នៅ​សេស‌សល់
    ក្នុង​ទីក្រុង»។
២០ ពេល​ឃើញ​ជន​ជាតិ​អាម៉ា‌ឡេក
    លោក​បាឡាម​ថ្លែង​ថា៖
    «អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែន
    ប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។
២១ ពេល​ឃើញ​ជន​ជាតិ​គីនី
    លោក​ថ្លែង​ថា៖
    «អ្នក​មាន​ទី​លំ‌នៅ​ដ៏​រឹង‌មាំ
    ដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្ម‌ដា។
២២ ក៏​ប៉ុន្តែ គេនី​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះ
    អាស្សួរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។
២៣ លោក​ថ្លែង​ទៀត​ថា៖
    «ពេល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស
    តើ​នរណា​អាច​រស់​រាន​បាន!
២៤ មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីម
    ពួក​គេ​នឹង​បង្ក្រាប​អាស្សួរ និង​ហេប៊ែរ
    ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។
២៥ លោក​បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះ‌បាទ​បាឡាក់​ក៏​ចាក‌ចេញ​ទៅ​ដែរ។