ជំរឿនប្រជាជន ៣០

Written on 18/12/2025
Boy KANN

 លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក ។
វិន័យ​ស្តី​អំពី​បំណន់
 (៣០.១)  លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​នានា​របស់​ជន​ជាតិ​អ៊ីស្រា‌អែល​ថា៖ «ព្រះ‌អម្ចាស់​បង្គាប់​មក​ដូច​ត​ទៅ:
 (២) ពេល​អ្នក​ណា​ម្នាក់​បន់​ព្រះ‌អម្ចាស់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ អ្នក​នោះ​ត្រូវ​តែ​គោរព​ពាក្យ​សម្ដី​របស់​ខ្លួន គឺ​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​ពាក្យ​ដែល​ខ្លួន​បាន​ស្បថ។
 (៣) ប្រសិន​បើ​ស្ត្រី​ណា​ម្នាក់​បន់​ព្រះ‌អម្ចាស់ ឬ​សន្យា​អំពី​រឿង​អ្វី​មួយ ក្នុង​គ្រា​ដែល​នាង​នៅ​ក្មេង ហើយ​រស់​នៅ​ជា​មួយ​ឪពុក​របស់​ខ្លួន  (៤) ប្រសិន​បើ​ឪពុក​របស់​នាង​បាន​ដឹង​ពី​បំណន់​នេះ តែ​គាត់​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់។  (៥) ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ឪពុក​នាង​បាន​ដឹង ហើយ​ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នាង​នឹង​មិន​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់​នោះ​ឡើយ។
 (៦) ប្រសិន​បើ​នាង​រៀប‌ការ ក្រោយ​ពេល​នាង​បាន​បន់ និង​ជំពាក់​បំណន់​នោះ  (៧) ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។  (៨) ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អសារ‌បង់ ហើយ​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ឡើយ។
១០ (៩) រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។
១១ (១០) រីឯ​ស្ត្រី​ដែល​រស់​នៅ​ជា​មួយ​ប្ដី​បន់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ ១២ (១១) ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។ ១៣ (១២) ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង ជា​អសារ‌បង់ ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ទេ។ ១៤ (១៣) ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារ‌បង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។ ១៥ (១៤) នៅ​ថ្ងៃ​ដែល​ប្ដី​បាន​ឮ​ដំណឹង ប្រសិន​បើ​គាត់​នៅ​ស្ងៀម​រហូត​ដល់​ថ្ងៃ​បន្ទាប់ បាន​សេចក្ដី​ថា​គាត់​រក្សា​ទុក​គ្រប់​បំណន់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​សន្យា។ ដោយ​គាត់​នៅ​ស្ងៀម​ក្នុង​ថ្ងៃ​ដែល​គាត់​ឮ​ដំណឹង បាន​សេចក្ដី​ថា​គាត់​យល់​ស្រប។ ១៦ (១៥) មួយ​ថ្ងៃ​ក្រោយ​បាន​ដឹង​ដំណឹង ប្រសិន​បើ​ប្ដី​ចាត់​ទុក​បំណន់​របស់​នាង​ជា​អសារ‌បង់ គាត់​ត្រូវ​ទទួល​ទោស​ជំនួស​ប្រពន្ធ»។
១៧ (១៦) នេះ​ជា​ច្បាប់​ដែល​ព្រះ‌អម្ចាស់​ប្រគល់​មក​លោក​ម៉ូសេ ស្តី​អំពី​ទំនាក់‌ទំនង​រវាង​ប្ដី និង​ប្រពន្ធ រវាង​ឪពុក និង​កូន​ស្រី​មិន​ទាន់​រៀប‌ការ ដែល​រស់​នៅ​ជា​មួយ​ឪពុក​នៅ​ឡើយ។