ជនជាតិអ៊ីស្រាអែលនាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយនៅវាលទំនាបស្រុកម៉ូអាប់
១ ជនជាតិអ៊ីស្រាអែលបោះជំរំនៅស៊ីទីម ហើយនៅទីនោះ ប្រជាជននាំគ្នាប្រព្រឹត្តអំពើថោកទាបជាមួយស្ត្រីសាសន៍ម៉ូអាប់។ ២ ស្ត្រីទាំងនោះបបួលប្រជាជនឲ្យទៅចូលរួមក្នុងពិធីថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ បន្ទាប់មក ពួកគេនាំគ្នាជប់លៀង ហើយថ្វាយបង្គំព្រះទាំងនោះ។ ៣ ប្រជាជនអ៊ីស្រាអែលនាំគ្នាជំពាក់ចិត្តនឹងព្រះបាលពេអ៊រ ជាហេតុបណ្តាលឲ្យព្រះអម្ចាស់ព្រះអង្គព្រះពិរោធទាស់នឹងពួកគេ។
៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជនមក ហើយព្យួរកពួកគេហាលថ្ងៃនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដើម្បីពង្វាងព្រះពិរោធរបស់ព្រះអម្ចាស់ចេញពីជនជាតិអ៊ីស្រាអែល»។ ៥ លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមនៃជនអ៊ីស្រាអែលថា៖ «ចូរប្រហារជីវិតពួកអ្នកដែលជំពាក់ចិត្តនឹងព្រះបាលពេអ៊រទៅ!»។
៦ ពេលនោះ មានបុរសម្នាក់ជាជាតិអ៊ីស្រាអែលបាននាំស្ត្រីសាសន៍ម៉ាឌីយ៉ានម្នាក់ ចូលមកក្នុងចំណោមបងប្អូនរបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខសហគមន៍អ៊ីស្រាអែលទាំងមូល ក្នុងពេលពួកគេកំពុងតែយំសោកនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ៧ ឃើញដូច្នេះ លោកភីនេអាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ ៨ គាត់តាមបុរសនោះរហូតដល់ក្នុងពន្លារបស់គេ ហើយចាក់ទម្លុះអ្នកទាំងពីរនាក់ គឺបុរសអ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចដែលកើតមានក្នុងចំណោមជនជាតិអ៊ីស្រាអែល ក៏ស្ងប់ទៅវិញ។ ៩ គ្រោះកាចនេះបណ្តាលឲ្យមនុស្សស្លាប់ទាំងអស់ពីរម៉ឺនបួនពាន់នាក់។
១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១១ «ភីនេអាស ជាកូនរបស់អេឡាសារ ដែលជាកូនរបស់បូជាចារ្យអរ៉ុន បានសម្ដែងចិត្តឈឺចាប់ជំនួសយើង នៅពេលឃើញអ៊ីស្រាអែលក្បត់ចិត្តយើង។ ទោះបីយើងឈឺចាប់ក្នុងចិត្ត ដោយអ៊ីស្រាអែលក្បត់ចិត្តយើងក្តី ក៏យើងពុំបានប្រល័យពួកគេឲ្យវិនាសសូន្យដែរ ព្រោះភីនេអាសបានពង្វាងកំហឹងរបស់យើងចេញពីពួកគេ។ ១២ ហេតុនេះ ចូរប្រាប់ភីនេអាសថា យើងនឹងចងសម្ពន្ធមេត្រីជាមួយគេ គឺសម្ពន្ធមេត្រីដែលផ្តល់សន្តិភាព។ ១៣ តាមរយៈសម្ពន្ធមេត្រីនេះ យើងតែងតាំងភីនេអាស និងពូជពង្សរបស់គេ ឲ្យបំពេញមុខងារជាបូជាចារ្យរហូតតទៅ ព្រោះភីនេអាសមានចិត្តឈឺចាប់ជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យជនជាតិអ៊ីស្រាអែលរួចពីបាបផង»។
១៤ បុរសអ៊ីស្រាអែល ដែលលោកភីនេអាសបានប្រហារជីវិតរួមជាមួយស្ត្រីសាសន៍ម៉ាឌីយ៉ាននោះ ឈ្មោះស៊ីមរី ជាកូនរបស់លោកសាលូ និងជាមេដឹកនាំរបស់អំបូរមួយនៃកុលសម្ព័ន្ធស៊ីម៉ូន។ ១៥ រីឯស្ត្រីសាសន៍ម៉ាឌីយ៉ាន ដែលត្រូវលោកភីនេអាសសម្លាប់នោះ ឈ្មោះនាងកូសប៊ី ជាកូនរបស់លោកសួរ ដែលជាមេកន្ទ្រាញនៃអំបូរមួយរបស់ជនជាតិម៉ាឌីយ៉ាន។
១៦ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៧ «ចូរចាត់ទុកជនជាតិម៉ាឌីយ៉ានជាបច្ចាមិត្ត ហើយវាយប្រហារពួកគេទៅ ១៨ ដ្បិតពួកគេតាំងខ្លួនជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដោយនាំអ្នករាល់គ្នាឲ្យវង្វេង ក្នុងព្រឹត្តិការណ៍ដែលកើតមាននៅពេអ៊រ និងរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំម៉ាឌីយ៉ាន ដែលបានស្លាប់ក្នុងគ្រោះកាចនៅពេអ៊រនោះ»។