ជំរឿនប្រជាជន ២១

Written on 18/12/2025
Boy KANN

ជ័យ‌ជម្នះ​លើ​ជន​ជាតិ​កាណាន
 ស្តេច​ក្រុង​អរ៉ាដ គឺ​ស្តេច​របស់​ជន​ជាតិ​កាណាន ដែល​គង់​នៅ​តំបន់​ណេកិប បាន​ឮ​ដំណឹង​ថា​ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​អាតារីម។ ស្តេច​ក៏​លើក​ទ័ព​មក​វាយ​អ៊ីស្រា‌អែល ហើយ​ចាប់​បាន​ពួក​គេ​ខ្លះ​យក​ទៅ​ជា​ឈ្លើយ។  ពេល​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​បន់​ព្រះ‌អម្ចាស់​ថា៖ «ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ជន​ជាតិ​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​បំផ្លាញ​ទី‌ក្រុង​ទាំង‌ឡាយ​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ»។  ព្រះ‌អម្ចាស់​ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ពាក្យ​របស់​អ៊ីស្រា‌អែល ហើយ​ប្រគល់​ជន​ជាតិ​កាណាន​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។ អ៊ីស្រា‌អែល​បាន​បំផ្លាញ​ជន​ជាតិ​កាណាន ព្រម​ទាំង​ក្រុង​របស់​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់។ គេ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា “ហ៊រម៉ា”។
ពស់​ភ្លើង
 ជន​ជាតិ​អ៊ីស្រា‌អែល​ចេញ​ដំណើរ​ពី​ភ្នំ​ហ៊រ តាម​ផ្លូវ​សមុទ្រ​កក់ ដើម្បី​វាង​ស្រុក​អេដុម។ តាម​ផ្លូវ​ប្រជាជន​បាក់​ទឹក​ចិត្ត  ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ និង​លោក នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ‌ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គម្រក់​នេះ​ដែរ!»។  ពេល​នោះ ព្រះ‌អម្ចាស់​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្តាល​ឲ្យ​បាត់‌បង់​ជីវិត​មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។  ប្រជាជន​នាំ​គ្នា​ទៅ​ជួប​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដោយ​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​រូប​លោក​ផ្ទាល់។ សូម​លោក​មេត្តា​ទូល‌អង្វរ​ព្រះ‌អម្ចាស់ សូម​ព្រះ‌អង្គ​បណ្តេញ​ពស់​ទាំង​នេះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ខ្ញុំ​ផង»។ លោក​ម៉ូសេ​ក៏​ទូល‌អង្វរ​ព្រះ‌អង្គ​ឲ្យ​ប្រជាជន។
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​រូប​ពស់​ភ្លើង ព្យួរ​លើ​បង្គោល​មួយ។ អ្នក​ណា​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​រូប​ពស់ អ្នក​នោះ​នឹង​រួច​ជីវិត»។  លោក​ម៉ូសេ​យក​លង្ហិន​ធ្វើ​រូប​ពស់​មួយ ហើយ​ព្យួរ​លើ​បង្គោល។ ពេល​មាន​នរណា​ម្នាក់​ត្រូវ​ពស់​ចឹក ហើយ​សម្លឹង​មើល​ទៅ​ពស់​លង្ហិន​នោះ គេ​បាន​រួច​ជីវិត។
អ៊ីស្រា‌អែល​វាយ​យក​ទឹក​ដី​ខាង​កើត​ទន្លេ​យ័រដាន់
១០ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចេញ​ដំណើរ​ទៅ ហើយ​បោះ​ជំរំ​នៅ​អូបុត។ ១១ ពួក​គេ​ចាក‌ចេញ​ពី​អូបុត​ទៅ​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបារីម ក្នុង​វាល​រហោ‌ស្ថាន​នៅ​ខាង​កើត​ស្រុក​ម៉ូអាប់។ ១២ ពួក​គេ​ចាក‌ចេញ​ពី​ទី​នោះ​ទៅ​បោះ​ជំរំ​នៅ​ជ្រលង​ភ្នំ​សេរេដ។ ១៣ ពួក​គេ​ចាក‌ចេញ​ពី​ទី​នោះ ទៅ​បោះ​ជំរំ​នៅ​ខាង​នាយ​ស្ទឹង​អារណូន ដែល​ហូរ​ចេញ​ពី​ស្រុក​អាម៉ូរី កាត់​តាម​វាល​រហោ‌ស្ថាន។ ស្ទឹង​អារណូន​ជា​ព្រំ‌ដែន​របស់​ស្រុក​ម៉ូអាប់ និង​ស្រុក​អាម៉ូរី។ ១៤ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ចារ​ទុក​នៅ​ក្នុង​សៀវភៅ​«សង្គ្រាម​របស់​ព្រះ‌អម្ចាស់»​ស្តី​អំពី​ស្ទឹង​វ៉ាហេប ក្នុង​ស្រុក​ស៊ូផា និង​អូរ​ទាំង‌ឡាយ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​ស្ទឹង​នោះ ស្ទឹង​អារណូន ១៥ ព្រម​ទាំង​ស្ទឹង​ដង​អូរ​ឯ​ទៀតៗ ដែល​ហូរ​កាត់​តាម​ក្រុង​អារ ហើយ​ធ្វើ​ជា​ព្រំ‌ប្រទល់​របស់​ស្រុក​ម៉ូអាប់។
១៦ បន្ទាប់​មក ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ដល់​បៀរ គឺ​ត្រង់​អណ្ដូង​ទឹក ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ឲ្យ​ប្រមូល​ប្រជាជន ដើម្បី​ប្រទាន​ទឹក​ឲ្យ​ពួក​គេ។ ១៧ នៅ​ទី​នោះ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ច្រៀង​ចម្រៀង​មួយ​បទ​ដូច​ត​ទៅ:
    «អណ្ដូង​ទឹក​អើយ ចូរ​ឲ្យ​មាន​ទឹក​ផុស​ឡើង!
    ចូរ​បន្លឺ​សំឡេង​អបអរ!
១៨ អណ្ដូង​ដែល​ពួក​មេ​ដឹក​នាំ​បាន​ខួង
    អណ្ដូង​ដែល​ពួក​វីរ‌ជន​បាន​ជីក
    ដោយ​ប្រើ​ដំបង​រាជ្យ និង​ឈើ​ច្រត់!»។
១៩ បន្ទាប់​មក ពួក​គេ​ចេញ​ដំណើរ​ពី​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​ម៉ាតា‌ណា ពី​ម៉ាតា‌ណា​ទៅ​ណាហា‌លី‌អែល ពី​ណាហា‌លី‌អែល​ទៅ​បាម៉ុត ២០ ពី​បាម៉ុត​ទៅ​ជ្រលង​ភ្នំ​ដែល​ស្ថិត​នៅ​វាល​ស្រុក​ម៉ូអាប់ ហើយ​ទៅ​ដល់​កំពូល​ភ្នំ​ពីស្កា ដែល​ស្ថិត​នៅ​ពី​លើ​វាល‌រហោ‌ស្ថាន។
២១ ជន​ជាតិ​អ៊ីស្រា‌អែល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី ទូល​ថា៖ ២២ «យើង​ខ្ញុំ​សូម​អនុញ្ញាត​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រែ ឬ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទេ ហើយ​យើង​ខ្ញុំ​ក៏​មិន​ផឹក​ទឹក​ពី​អណ្ដូង​របស់​ព្រះ‌ករុណា​ដែរ។ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ធំ រហូត​ដល់​ឆ្លង​ផុត​ទឹក​ដី​របស់​ព្រះ‌ករុណា»។ ២៣ ព្រះ‌បាទ​ស៊ីហុន​មិន​ព្រម​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទេ តែ​ស្តេច​ប្រមូល​កង‌ទ័ព​ទាំង​មូល​ចេញ​មក​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន គឺ​ស្តេច​វាយ​ប្រហារ​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​យ៉ាហាស់។ ២៤ ជន​ជាតិ​អ៊ីស្រា‌អែល​បាន​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ដោយ​មុខ​ដាវ ហើយ​ចាប់​យក​ទឹក​ដី​របស់​ស្តេច ចាប់​តាំង​ពី​ស្ទឹង​អារណូន រហូត​ដល់​ស្ទឹង​យ៉ាបុក និង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អាំម៉ូន ដែល​មាន​កំពែង​ដ៏​រឹង‌មាំ។ ២៥ ជន​ជាតិ​អ៊ីស្រា‌អែល​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន នៅ​ស្រុក​អាម៉ូរី ហើយ​រស់​នៅ​ក្នុង​ក្រុង​ទាំង​នោះ គឺ​ក្រុង​ហេស‌បូន និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ។ ២៦ ក្រុង​ហេស‌បូន​ជា​រាជ​ធានី​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​របស់​ជន​ជាតិ​អាម៉ូរី។ ព្រះ‌បាទ​ស៊ីហុន​បាន​ច្បាំង​ជា​មួយ​ស្តេច​របស់​ជន​ជាតិ​ម៉ូអាប់ ដែល​សោយ​រាជ្យ​មុន ហើយ​ដណ្ដើម​យក​ទឹក​ដី​ទាំង​មូល​របស់​ស្តេច​ស្រុក​ម៉ូអាប់។ ទឹក​ដី​នោះ​លាត‌សន្ធឹង​រហូត​ដល់​ស្ទឹង​អារណូន។ ២៧ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កវី​តែង​ពោល​ថា៖
    ចូរ​នាំ​គ្នា​មក​ហេស‌បូន!
    ចូរ​សង់​ក្រុង​របស់​ស្តេច​ស៊ីហុន
    ហើយ​រៀប‌ចំ​ឲ្យ​ដូច​ដើម​ឡើង​វិញ!
២៨ ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហេស‌បូន
    អណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្តេច​ស៊ីហុន
    ឆាប‌ឆេះ​ក្រុង​អារ​នៅ​ស្រុក​ម៉ូអាប់
    និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ
    ស្ទឹង​អារណូន។
២៩ ម៉ូអាប់​អើយ អ្នក​ត្រូវ​វេទនា​ហើយ!
    ប្រជាជន​ដែល​ថ្វាយ‌បង្គំ​ព្រះ‌កេម៉ូស​អើយ
    អ្នក​អន្តរាយ​ហើយ!
    ព្រះ​នេះ​បាន​ធ្វើ​ឲ្យ​កូន​ប្រុស​របស់​ខ្លួន
    រត់​ខ្ចាត់‌ខ្ចាយ
    ហើយ​ប្រគល់​កូន​ស្រីរបស់​ខ្លួន​ទៅ​ជា​ឈ្លើយ
    របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្តេច​ស្រុក​អាម៉ូរី!
៣០ ពួក​យើង​បាន​បាញ់​ព្រួញ​ទៅ​លើ​ពួក​គេ
    យើង​បាន​កម្ទេច​ស្រុក​របស់​ពួក​គេ
    ចាប់​ពី​ក្រុង​ហេស‌បូន រហូត​ដល់​ក្រុង​ឌីបូន
    យើង​បាន​បំផ្លាញ​ស្រុក​របស់​ពួក​គេ
    រហូត​ដល់​ក្រុង​ណូផា
    ដែល​នៅ​ជាប់​នឹង​ក្រុង​មេដេបា។
៣១ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​តាំង​ទី​លំ‌នៅ នៅ​ក្នុង​ស្រុក​អាម៉ូរី។ ៣២ លោក​ម៉ូសេ​បាន​ចាត់​គេ​ឲ្យ​ទៅ​សង្កេត​ការណ៍​នៅ​ក្រុង​យ៉ាស៊ែរ ហើយ​ជន​ជាតិ​អ៊ីស្រា‌អែល​វាយ​ដណ្ដើម​យក​ក្រុង និង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ដេញ​ជន​ជាតិ​អាម៉ូរី​ចេញ​ពី​ទឹក​ដី​នោះ។
៣៣ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ដូរ​ទិស ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ស្រុក​បាសាន។ ព្រះ​បាទ​អុក ស្តេច​ស្រុក​បាសាន បាន​លើក​ទ័ព​ទាំង​មូល​របស់​ខ្លួន​ចេញ​មក​វាយ​អ៊ីស្រា‌អែល នៅ​អេដ្រេយី។ ៣៤ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ! ដ្បិត​យើង​ប្រគល់​ស្តេច​នេះ និង​កង‌ទ័ព​ទាំង​មូល ព្រម​ទាំង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ ចូរ​ប្រព្រឹត្ត​ចំពោះ​ស្តេច​នេះ ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ស៊ីហុន ជា​ស្តេច​ស្រុក​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហេស‌បូន​ដែរ»។ ៣៥ ជន​ជាតិ​អ៊ីស្រា‌អែល​ក៏​វាយ​ស្តេច​អុក ព្រម​ទាំង​បុត្រ​របស់​ស្តេច និង​កង‌ទ័ព​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ បន្ទាប់​មក ពួក​គេ​កាន់​កាប់​ស្រុក​របស់​ស្តេច​នោះ។