ជំរឿនប្រជាជន ១៩

Written on 18/12/2025
Boy KANN

ធាតុ​របស់​គោ​ញី​ពណ៌​ទង់‌ដែង
 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «នេះ​ជា​វិន័យ​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​ទុក​ដូច​ត​ទៅ: ចូរ​ប្រាប់​ជន​ជាតិ​អ៊ីស្រា‌អែល​ឲ្យ​នាំ​គោ​ញី​ពណ៌​ទង់‌ដែង​មួយ​មក​ឲ្យ​អ្នក គោ​នោះ​ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ហើយ​ក៏​មិន​ដែល​មាន​នរណា​ទឹម​នៅ​ឡើយ។  ចូរ​ប្រគល់​គោ​ញី​នេះ​ឲ្យ​បូជា‌ចារ្យ​អេឡាសារ។ គាត់​នឹង​នាំ​វា​ចេញ​ទៅ​ក្រៅ​ជំរំ ហើយ​ឲ្យ​គេ​សម្លាប់​វា​នៅ​ចំពោះ​មុខ​គាត់។  បូជា‌ចារ្យ​អេឡាសារ​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​ប្រោះ​ឈាម​នោះ​ប្រាំ​ពីរ​ដង​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់។  ត្រូវ​ដុត​គោ​ញី​នោះ​នៅ​ចំពោះ​មុខ​អេឡាសារ គឺ​ដុត​ទាំង​ស្បែក ទាំង​សាច់ ទាំង​ឈាម និង​គ្រឿង​ក្នុង​ទាំង​អស់។  បូជា‌ចារ្យ​ត្រូវ​យក​ឈើ​តាត្រៅ មែក​ហ៊ីសុប និង​រោម​ចៀម​ជ្រលក់​ពណ៌​ក្រហម បោះ​ទៅ​ក្នុង​ភ្លើង​ដែល​គេ​ដុត​គោ​ញី​នោះ។  បូជា‌ចារ្យ​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​កាយ​របស់​ខ្លួន។ បន្ទាប់​មក បូជា‌ចារ្យ​វិល​ចូល​ជំរំ​វិញ តែ​គាត់​នៅ​សៅ‌ហ្មង​រហូត‌ទល់​ល្ងាច។  រីឯ​អ្នក​ដុត​គោ​ញី​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់ និង​យក​ទឹក​មក​លុប‌លាង​រូប​កាយ​របស់​ខ្លួន​ដែរ តែ​គាត់​នៅ​សៅ‌ហ្មង រហូត‌ទល់​ល្ងាច។  ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង រើស​ធាតុ​របស់​គោ​ញី​នោះ​ទុក​នៅ​ខាង​ក្រៅ​ជំរំ ត្រង់​កន្លែង​មួយ​បរិសុទ្ធ។ ត្រូវ​រក្សា​ធាតុ​នោះ​ទុក ដើម្បី​សហគមន៍​អ៊ីស្រា‌អែល​យក​ទៅ​លាយ​ធ្វើ​ជា​ទឹក សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។ ពិធី​នេះ​ដូច​ជា​យញ្ញ‌បូជា​រំដោះ​បាប​ដែរ។ ១០ អ្នក​រើស​ធាតុ​របស់​គោ​ញី​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គេ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត‌ទល់​ល្ងាច។ នេះ​ជា​ក្បួន‌តម្រា​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ត្រូវ​ប្រតិ‌បត្តិ​តាម​រហូត​ត​ទៅ។
វិន័យ​ស្តី​អំពី​ពិធី​ជម្រះ​កាយ
១១ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស​ណា​ម្នាក់ អ្នក​នោះ​ត្រូវ​សៅ‌ហ្មង​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១២ គេ​ត្រូវ​យក​ទឹក​នេះ​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី ហើយ​គេ​នឹង​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ។ ប៉ុន្តែ ប្រសិន​បើ​គេ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​នៅ​ថ្ងៃ​ទី​បី​ទេ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ គេ​មិន​បាន​បរិសុទ្ធ​ឡើយ។ ១៣ អ្នក​ណា​ប៉ះ‌ពាល់​សាក‌សព​របស់​មនុស្ស តែ​មិន​ធ្វើ​ពិធី​ជម្រះ​កាយ​ទេ អ្នក​នោះ​ធ្វើ​ឲ្យ​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ត្រូវ​ដក​មនុស្ស​បែប​នេះ​ចេញ​ពី​ចំណោម​ជន​ជាតិ​អ៊ីស្រា‌អែល។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ គេ​ត្រូវ​នៅ​សៅ‌ហ្មង​ដូច្នេះ រហូត​ត​ទៅ។
១៤ នេះ​ជា​វិន័យ​ស្តី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១៥ រីឯ​ភាជន៍​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ផ្ទះ​ដែល​នៅ​ចំហ ឥត​មាន​គម្រប នឹង​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។
១៦ អ្នក​ណា​ប៉ះ​សាក‌សព​ដែល​ស្លាប់​នៅ​ទី​វាល ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ​ឆ្អឹង និង​ផ្នូរ អ្នក​នោះ​ត្រូវ​នៅ​សៅ‌ហ្មង​អស់‌រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ១៧ ដើម្បី​ជម្រះ​អ្នក​សៅ‌ហ្មង​នោះ​ឲ្យ​បរិសុទ្ធ គេ​ត្រូវ​យក​ធាតុ​របស់​គោ​ញី ដែល​បាន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប មក​ដាក់​ក្នុង​ភាជន៍​មួយ រួច​ដង​ទឹក​ពី​ប្រភព​ទឹក​មក​ចាក់​ពី​លើ។ ១៨ ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​មិន​សៅ‌ហ្មង យក​មែក​ហ៊ីសុប​ជ្រលក់​ក្នុង​ទឹក​នោះ ហើយ​ប្រោះ​លើ​ផ្ទះ លើ​ភាជន៍​ទាំង​អស់ លើ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ ព្រម​ទាំង​លើ​អស់​អ្នក​ដែល​បាន​ប៉ះ‌ពាល់​ឆ្អឹង ប៉ះ‌ពាល់​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ឬ​ស្លាប់​តាម​ធម្មតា ឬ​ក៏​ប៉ះ‌ពាល់​ផ្នូរ។ ១៩ អ្នក​ដែល​មិន​សៅ‌ហ្មង​ត្រូវ​ប្រោះ​ទឹក​ទៅ​លើ​អ្នក​សៅ‌ហ្មង​នៅ​ថ្ងៃ​ទី​បី និង​ថ្ងៃ​ទី​ប្រាំ​ពីរ ហើយ​ជម្រះ​អ្នក​នោះ​ឲ្យ​បរិសុទ្ធ​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ រួច​គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់ យក​ទឹក​លុប‌លាង​ខ្លួន នោះ​គាត់​នឹង​បរិសុទ្ធ​នៅ​ពេល​ល្ងាច។ ២០ បើ​នរណា​ម្នាក់​សៅ‌ហ្មង តែ​ពុំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុម‌ជំនុំ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី​សក្ការៈ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅ‌ហ្មង។ ២១ នេះ​ជា​ក្បួន‌តម្រា​ដែល​ពួក​គេ​ត្រូវ​ប្រតិ‌បត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះ​ទឹក​ឲ្យ​គេ ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​ទឹក​សម្រាប់​ប្រោះ​លើ​អ្នក​សៅ‌ហ្មង ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ ២២ អ្វីៗ​ដែល​អ្នក​សៅ‌ហ្មង​ប៉ះ‌ពាល់ ក៏​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​របស់​សៅ‌ហ្មង នឹង​ត្រូវ​សៅ‌ហ្មង​រហូត‌ទល់​ល្ងាច»។