ជំរឿនប្រជាជន ២

Written on 17/12/2025
Boy KANN

ការ​ចាត់​ចែង​របៀប​បោះ​ជំរំ
« ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អរ៉ុន​ថា៖  «ជន​ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សម្គាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង‌ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តែ​នៅ​ឆ្ងាយ​បន្តិច។
 នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អាំមី‌ណា‌ដាប់។  កង‌ពល​របស់​យូដា​មាន​ចំនួន ៧៤៦០០ នាក់។  កុល‌សម្ព័ន្ធ​អ៊ីសាកា​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អ៊ីសាកា គឺ​នេតា‌ណា‌អែល ជា​កូន​របស់​ស៊ូអារ។  កង‌ពល​របស់​អ៊ីសាកា​មាន​ចំនួន ៥៤៤០០ នាក់។  បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​សាប៊ូ‌ឡូន គឺ​អេលីយ៉ាប ជា​កូន​របស់​ហេឡូន។  កង‌ពល​របស់​សាប៊ូ‌ឡូន​មាន​ចំនួន ៥៧៤០០ នាក់។  កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦៤០០ នាក់។ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន​គេ​បង្អស់។
១០ នៅ​ខាង​ត្បូង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌សួរ ជា​កូន​របស់​សេដេ‌អួរ។ ១១ កង‌ពល​របស់​រូបេន​មាន​ចំនួន ៤៦៥០០ នាក់។ ១២ កុល‌សម្ព័ន្ធ​ស៊ីម៉ូន​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​រូបេន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ស៊ីម៉ូន គឺ​សេលូ‌មី‌អែល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ។ ១៣ កង‌ពល​របស់​ស៊ីម៉ូន​មាន​ចំនួន ៥៩៣០០ នាក់។ ១៤ បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺ​អេលី‌យ៉ា‌សាប ជា​កូន​របស់​ដេអ៊ូ‌អែល។ ១៥ កង‌ពល​របស់​កាដ មាន​ចំនួន ៤៥៦៥០ នាក់។ ១៦ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន​សរុប​ទាំង​អស់​មាន​ចំនួន ១៥១៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង‌ពល​ធំ​យូដា។
១៧ បន្ទាប់​មក ពន្លា​ជួប​ព្រះ‌អម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់‌លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។
១៨ នៅ​ខាង​លិច ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រា‌អ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។ ១៩ កង‌ពល​របស់​អេប្រា‌អ៊ីម​មាន​ចំនួន ៤០ ៥០០ នាក់។ ២០ កុល‌សម្ព័ន្ធ​ម៉ាណាសេ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ គឺ​កាំលីអែល ជា​កូន​របស់​ពេដាសួរ។ ២១ កង‌ពល​របស់​ម៉ាណាសេ​មាន​ចំនួន ៣២២០០ នាក់។ ២២ បន្ទាប់​មក កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ា‌មីន គឺ​អប៊ីដាន ជា​កូន​របស់​គីដេ‌អូនី។ ២៣ កង‌ពល​របស់​បេន‌យ៉ា‌មីន​មាន​ចំនួន ៣៥៤០០ នាក់។ ២៤ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រា‌អ៊ីម​សរុប​ទាំង​អស់​មាន​ចំនួន ១០៨១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​បី បន្ទាប់​ពី​កុល‌សម្ព័ន្ធ​លេវី។
២៥ នៅ​ខាង​ជើង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ដាន់ គឺ​អហ៊ី‌យេ‌ស៊ែរ ជា​កូន​របស់​អាំមី‌សា‌ដាយ។ ២៦ កង‌ពល​របស់​ដាន់​មាន​ចំនួន ៦២៧០០ នាក់។ ២៧ កុល‌សម្ព័ន្ធ​អស៊ែរ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អស៊ែរ គឺ​ប៉ាគីអែល ជា​កូន​របស់​អូក្រាន។ ២៨ កង‌ពល​របស់​អស៊ែរ​មាន​ចំនួន ៤១៥០០ នាក់។ ២៩ បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​អហ៊ីរ៉ា ជា​កូន​របស់​អេណាន។ ៣០ កង‌ពល​របស់​ណែប‌ថាលី​មាន​ចំនួន ៥៣៤០០ នាក់។ ៣១ កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់​សរុប​ទាំង​អស់​មាន​ចំនួន ១៥៧៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។
៣២ ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង‌ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣៥៥០ នាក់។ ៣៣ ចំណែក​ឯ​កុល‌សម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន​ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
៣៤ ជន​ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ គឺ​ពួក​គេ​បោះ​ជំរំ​តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។