១ ប្រសិនបើនរណាម្នាក់ជាសាក្សី បានឮមនុស្សម្នាក់ទៀតនិយាយស្បថបំពាន ហើយមិនព្រមប្រាប់ពីហេតុការណ៍ដែលខ្លួនបានឃើញ និងបានឮទេនោះ គាត់មានបាប ហើយត្រូវទទួលទោស ។ ២ ប្រសិនបើនរណាម្នាក់ប៉ះពាល់អ្វីមួយដែលមិនបរិសុទ្ធ ដូចជាប៉ះពាល់ខ្មោច សត្វព្រៃ ឬសត្វស្រុកដែលមិនបរិសុទ្ធ ឬខ្មោចសត្វលូនវារដែលមិនបរិសុទ្ធ ទោះបីគេប៉ះពាល់ដោយអចេតនាក្តី ក៏គេត្រូវសៅហ្មង បណ្តាលឲ្យខ្លួនមានទោសដែរ ។ ៣ ប្រសិនបើនរណាម្នាក់ប៉ះពាល់មនុស្សមិនបរិសុទ្ធដោយអចេតនា ធ្វើឲ្យខ្លួនឯងទៅជាមិនបរិសុទ្ធដែរនោះ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស ។ ៤ ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស ។
៥ ពេលនរណាម្នាក់មានទោស ដោយប្រព្រឹត្តកំហុសណាមួយដូចខាងលើនេះ គេត្រូវសារភាពអំពើបាបដែលខ្លួនបានប្រព្រឹត្ត។ ៦ បន្ទាប់មក គេត្រូវនាំចៀមញីមួយ ឬពពែញីមួយ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជាសម្រាប់រំដោះបាបដែលខ្លួនបានប្រព្រឹត្ត។ ពេលនោះ បូជាចារ្យត្រូវធ្វើពិធីរំដោះបាបឲ្យគេ»។
យញ្ញបូជារបស់ជនក្រីក្រ
៧ «ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយចៀមញីមួយ ឬពពែញីមួយទេនោះ គេអាចយកលលកពីរ ឬព្រាបជំទើរពីរ មកថ្វាយព្រះអម្ចាស់ ដើម្បីរំដោះបាបដែលខ្លួនបានប្រព្រឹត្ត គឺសត្វមួយថ្វាយជាយញ្ញបូជារំដោះបាប និងមួយទៀតជាតង្វាយដុតទាំងមូល។ ៨ គាត់ត្រូវយកសត្វទាំងនោះទៅជូនលោកបូជាចារ្យ។ មុនដំបូង លោកត្រូវថ្វាយសត្វមួយជាយញ្ញបូជារំដោះបាប គឺលោកមួលកសត្វនោះ តែមិនផ្ដាច់ក្បាលវាចេញពីខ្លួនទេ។ ៩ លោកយកឈាមខ្លះរបស់សត្វដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ ប្រោះទៅលើជញ្ជាំងអាសនៈ ហើយចាក់ឈាមដែលនៅសល់ត្រង់ជើងរបស់អាសនៈ។ នេះជាយញ្ញបូជារំដោះបាប។ ១០ បន្ទាប់មក លោកបូជាចារ្យថ្វាយសត្វទីពីរជាតង្វាយដុតទាំងមូល ស្របតាមច្បាប់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
១១ ប្រសិនបើនរណាម្នាក់គ្មានលទ្ធភាពនឹងថ្វាយលលកពីរ ឬព្រាបជំទើរពីរទេនោះ គេអាចយកម្សៅម៉ដ្តមួយភាគដប់នៃអេផា* មកថ្វាយជាយញ្ញបូជារំដោះបាប។ ប៉ុន្តែ គេមិនត្រូវចាក់ប្រេង ឬដាក់គ្រឿងក្រអូបពីលើម្សៅនោះទេ ព្រោះជាយញ្ញបូជារំដោះបាប។ ១២ គេយកម្សៅនោះទៅជូនលោកបូជាចារ្យ។ លោកបូជាចារ្យ យកម្សៅពេញមួយក្តាប់ ទុកជាទីរំឭក* ហើយដុតម្សៅនោះនៅលើអាសនៈ រួមជាមួយយញ្ញបូជាឯទៀតៗដែលគេដុតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាតង្វាយរំដោះបាប។ ១៣ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបណាមួយដែលអ្នកនោះបានប្រព្រឹត្ត ហើយគាត់ក៏បានរួចពីបាប។ បូជាចារ្យធ្វើដូច្នេះ ដូចថ្វាយតង្វាយម្សៅឯទៀតៗដែរ»។
យញ្ញបូជាសម្រាប់លោះបាប
១៤ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ១៥ «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើវិន័យស្តីអំពីវត្ថុសក្ការៈដែលត្រូវថ្វាយព្រះអម្ចាស់ នោះគាត់ត្រូវនាំយកចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួនមកថ្វាយព្រះអង្គ ដើម្បីរំដោះខ្លួនឲ្យរួចពីបាប។ សត្វនោះត្រូវមានតម្លៃគិតតាមប្រាក់ដែលគេប្រើនៅក្នុងទីសក្ការៈ។ ១៦ ម្យ៉ាងទៀត អ្នកនោះត្រូវតែសងវត្ថុសក្ការៈដែលខ្លួនបានយកទៅជូនបូជាចារ្យវិញ ដោយបន្ថែមមួយភាគប្រាំនៃតម្លៃវត្ថុនោះផង។ លោកបូជាចារ្យធ្វើពិធីរំដោះបាបឲ្យគាត់ ដោយយកចៀមឈ្មោលទៅធ្វើយញ្ញបូជាលោះបាប ហើយព្រះជាម្ចាស់នឹងអត់ទោសឲ្យគាត់។
១៧ ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាប ដោយមិនដឹងខ្លួន គឺប្រព្រឹត្តអំពើណាមួយរំលោភលើបញ្ញាត្តិរបស់ព្រះអម្ចាស់ ដែលបណ្តាលឲ្យខ្លួនមានទោស ១៨ គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន មកជូនលោកបូជាចារ្យ ដោយគិតតាមតម្លៃយញ្ញបូជា សម្រាប់រំដោះខ្លួនឲ្យរួចពីបាប។ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលគាត់បានប្រព្រឹត្តដោយអចេតនា ហើយគាត់ក៏បានរួចពីបាប។ ១៩ នេះជាយញ្ញបូជាលោះបាប ដ្បិតអ្នកនោះពិតជាបានប្រព្រឹត្តខុសចំពោះព្រះអម្ចាស់»។
២០ (៦.១) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ ២១ (២) «ប្រសិនបើនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយបំពានលើវិន័យព្រះអម្ចាស់ គឺបំបាត់វត្ថុអ្វីមួយពីជនរួមជាតិរបស់ខ្លួន ដូចជាបន្លំយករបស់ដែលគេយកមកផ្ញើទុក ឬលួចយករបស់គេ ឬកំហែងយកទ្រព្យជនរួមជាតិរបស់ខ្លួន ២២ (៣) ឬបានរើសរបស់ដែលគេបាត់ តែប្រកែកថាមិនឃើញ ឬក៏ស្បថបំពាន ដើម្បីបិទបាំងអំពើបាបណាមួយដែលខ្លួនបានប្រព្រឹត្ត ២៣ (៤) មនុស្សប្រព្រឹត្តអំពើបាបបណ្តាលឲ្យខ្លួនមានទោស ដូច្នេះ ត្រូវសងវត្ថុដែលខ្លួនបានលួច ឬកំហែងយក ឬសងវត្ថុដែលគេយកមកបញ្ចាំ ឬវត្ថុដែលខ្លួនរើសបាននោះ ទៅឲ្យម្ចាស់ដើមវិញ។ ២៤ (៥)អ្នកនោះ ក៏ត្រូវសងវត្ថុដែលខ្លួនបានស្បថបំពានយកផងដែរ។ នៅពេលគាត់ដឹងខ្លួនថាមានទោស នោះគាត់មិនគ្រាន់តែសងវត្ថុទាំងអស់ទៅម្ចាស់ដើមប៉ុណ្ណោះទេ គឺត្រូវបន្ថែមតម្លៃមួយភាគប្រាំពីលើតម្លៃរបស់វត្ថុនោះទៀតផង។ ២៥ (៦) បន្ទាប់មក គាត់ត្រូវនាំចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះ ពីហ្វូងសត្វរបស់ខ្លួន ទៅជូនបូជាចារ្យ សម្រាប់ថ្វាយព្រះអម្ចាស់ ដោយគិតតាមតម្លៃយញ្ញបូជាលោះបាប។ ២៦ (៧) នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ លោកបូជាចារ្យធ្វើពិធីរំដោះបាបដែលអ្នកនោះបានប្រព្រឹត្ត ហើយព្រះអង្គនឹងអត់ទោសឲ្យគាត់ ទោះបីគាត់មានកំហុសអ្វីក៏ដោយ»។