យញ្ញបូជារំដោះបាបរបស់មហាបូជាចារ្យ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ ២ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា: ពេលនរណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺបំពានលើបញ្ញាត្តិណាមួយដែលព្រះអម្ចាស់ហាមឃាត់ ត្រូវធ្វើដូចតទៅ:
៣ ប្រសិនបើមហាបូជាចារ្យ*បានប្រព្រឹត្តអំពើបាប ដែលបណ្តាលឲ្យប្រជាជនទាំងមូលមានទោស នោះលោកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាប។ ៤ លោកនាំគោស្ទាវនោះមកថ្វាយព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ លោកត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ៥ លោកមហាបូជាចារ្យត្រូវយកឈាមគោ ចូលមកក្នុងពន្លាជួបព្រះអម្ចាស់ ៦ រួចយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងននទីសក្ការៈ។ ៧ លោកយកឈាមនោះទៅលាបលើស្នែងអាសនៈដុតគ្រឿងក្រអូប នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ ៨ លោកយកខ្លាញ់ទាំងអស់របស់គោឈ្មោល ដែលថ្វាយជាយញ្ញបូជារំដោះបាបនោះ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន ៩ ក្រលៀនទាំងពីរ និងខ្លាញ់ដែលនៅជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។ ១០ បូជាចារ្យត្រូវដុតចំណែកទាំងនោះនៅលើអាសនៈថ្វាយយញ្ញបូជា ដូចគេដុតចំណែករបស់យញ្ញបូជាមេត្រីភាពដែរ។ ១១ រីឯស្បែកគោ សាច់ទាំងអស់ ក្បាល ជើង ពោះវៀន និងលាមក ១២ ពោលគឺគោទាំងមូលត្រូវយកចេញទៅក្រៅជំរំ ត្រង់កន្លែងបរិសុទ្ធ សម្រាប់ចាក់ផេះ ហើយដុតវានៅលើអុសដែលកំពុងឆេះ ត្រង់កន្លែងចាក់ផេះនោះ»។
យញ្ញបូជារំដោះបាបរបស់សហគមន៍
១៣ «ប្រសិនបើសហគមន៍អ៊ីស្រាអែលទាំងមូលប្រព្រឹត្តអំពើបាបដោយអចេតនា ហើយក្រុមជំនុំមិនបានដឹង គឺប្រព្រឹត្តអំពើណាមួយរំលោភលើបញ្ញាត្តិរបស់ព្រះអម្ចាស់ ដែលបណ្តាលឲ្យខ្លួនមានទោស ១៤ នៅពេលសហគមន៍ដឹងពីកំហុសរបស់ខ្លួន ពួកគេត្រូវយកគោបាមួយទៅថ្វាយព្រះអម្ចាស់ ជាយញ្ញបូជារំដោះបាបនៅមុខពន្លាជួបព្រះអម្ចាស់។ ១៥ អស់លោកព្រឹទ្ធាចារ្យ*របស់សហគមន៍ដាក់ដៃលើក្បាលគោបានោះ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយព្រឹទ្ធាចារ្យមួយរូបចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ១៦ លោកមហាបូជាចារ្យ*យកឈាមគោបាចូលទៅក្នុងពន្លាជួបព្រះអម្ចាស់។ ១៧ លោកយកម្រាមដៃជ្រលក់ក្នុងឈាម ហើយប្រោះចំនួនប្រាំពីរដង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ខាងមុខវាំងនន។ ១៨ លោកយកឈាមនោះលាបលើស្នែងអាសនៈ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្នុងពន្លាជួបព្រះអម្ចាស់ បន្ទាប់មក លោកយកឈាមដែលនៅសល់ទៅចាក់ត្រង់ជើងអាសនៈធ្វើយញ្ញបូជា ដែលស្ថិតនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
១៩ លោកយកខ្លាញ់ទាំងអស់របស់គោបាដុតនៅលើអាសនៈ។ ២០ លោកធ្វើពិធីថ្វាយយញ្ញបូជាគោបានេះ ដូចលោកធ្វើចំពោះគោបាសម្រាប់រំដោះបាបដែរ គឺធ្វើតាមរបៀបដូចគ្នា។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបប្រជាជន ហើយពួកគេក៏បានរួចពីបាប។ ២១ បន្ទាប់មក លោកយកគោបានោះចេញទៅក្រៅជំរំ រួចដុតវា ដូចដុតគោសម្រាប់រំដោះបាបដែរ។ នេះជាយញ្ញបូជារំដោះបាបរបស់សហគមន៍អ៊ីស្រាអែល»។
យញ្ញបូជារំដោះបាបរបស់មេដឹកនាំ
២២ «ប្រសិនបើមេដឹកនាំណាមួយប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបញ្ញាត្តិរបស់ព្រះអម្ចាស់ ជាព្រះរបស់គាត់ ដែលបណ្តាលឲ្យខ្លួនមានទោស ២៣ នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែឈ្មោលមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់។ ២៤ គាត់ដាក់ដៃលើក្បាលពពែឈ្មោលនោះ ហើយចាក់កវានៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់កន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ នេះជាយញ្ញបូជារំដោះបាប។ ២៥ លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមសត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទៅចាក់ត្រង់ជើងអាសនៈនោះ។ ២៦ លោកដុតខ្លាញ់ទាំងអស់នៅលើអាសនៈ ដូចលោកដុតខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបមេដឹកនាំ ហើយគាត់ក៏បានរួចពីបាប»។
យញ្ញបូជារំដោះបាបរបស់ប្រជាជនធម្មតា
២៧ «ប្រសិនបើប្រជាជនណាម្នាក់ប្រព្រឹត្តអំពើបាបដោយអចេតនា គឺប្រព្រឹត្តអំពើណាមួយរំលោភលើបញ្ញត្តិរបស់ព្រះអម្ចាស់ ដែលបណ្តាលឲ្យខ្លួនមានទោស ២៨ នៅពេលគាត់ដឹងពីកំហុសរបស់ខ្លួនហើយ នោះគាត់ត្រូវយកពពែញីមួយល្អឥតខ្ចោះ មកថ្វាយព្រះអម្ចាស់ ដើម្បីសូមឲ្យរួចពីបាប។ ២៩ គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវា នៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ ៣០ លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ ៣១ លោកពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
៣២ ប្រសិនបើអ្នកនោះចង់ថ្វាយចៀមជាតង្វាយរំដោះបាប គេត្រូវថ្វាយចៀមញីល្អឥតខ្ចោះ។ ៣៣ គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។ ៣៤ លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល ហើយលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។ ៣៥ លោកពន្លះខ្លាញ់ទាំងអស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀម ដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ រួមជាមួយតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។