អាសនៈថ្វាយយញ្ញបូជា និងអាងសម្រាប់ធ្វើពិធីជម្រះកាយ
១ លោកធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ ២ លោកធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ ៣ លោកក៏បានធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ ៤ លោកធ្វើប្រទាសលង្ហិនមួយ ដាក់នៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ ៥ លោកសិតធ្វើកងបួន ភ្ជាប់ទៅនឹងមុមទាំងបួនរបស់ប្រទាស សម្រាប់ស៊កឈើស្នែង។ ៦ លោកធ្វើឈើស្នែងពីឈើនាងនួន ដោយស្រោបលង្ហិនផង។ ៧ លោកស៊កឈើស្នែងសម្រាប់សែងនោះទៅក្នុងកង ដែលស្ថិតនៅតាមជ្រុងអាសនៈ។ អាសនៈនេះធ្វើអំពីក្តារ ហើយមានប្រហោងក្នុង។
៨ លោកធ្វើអាងអំពីលង្ហិន និងកំណល់អាងនោះពីលង្ហិន ដោយប្រើកញ្ចក់របស់ក្រុមស្ត្រីដែលជួបជុំគ្នា នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។
ទីលាន
៩ លោកធ្វើទីលាន ដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។ ១០ រនាំងនោះភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ ១១ នៅប៉ែកខាងជើង រនាំងមានបណ្តោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ ១២ នៅប៉ែកខាងលិច រនាំងមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់ រីឯទំពក់ និងមេរូតធ្វើពីប្រាក់។ ១៣ នៅប៉ែកខាងកើត រនាំងមានប្រវែងហាសិបហត្ថ។ ១៤ នៅច្រកចូលរនាំងម្ខាង មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ ១៥ ច្រកចូលរនាំងម្ខាងទៀត ដែលនៅទល់មុខនឹងច្រកចូលមុន មានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ ១៦ រនាំងទាំងអស់របស់ទីលានធ្វើពីអំបោះធ្មៃ។ ១៧ ជើងទ្ររបស់បង្គោលធ្វើអំពីលង្ហិន ទំពក់ និងមេរូតរបស់បង្គោលធ្វើពីប្រាក់ រីឯក្បាលបង្គោលមានស្រោបប្រាក់។ បង្គោលទាំងអស់របស់ទីលានសុទ្ធតែភ្ជាប់ទៅនឹងមេរូតធ្វើពីប្រាក់។ ១៨ វាំងននរបស់ច្រកចូលទីលាន ប៉ាក់លំអដោយអំបោះពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ លាយនឹងអំបោះធ្មៃ ហើយមានបណ្តោយម្ភៃហត្ថ និងកម្ពស់ប្រាំហត្ថដូចទទឹងរបស់រនាំងទីលានដែរ។ ១៩ បង្គោលទាំងបួនរបស់វាំងនន និងជើងទ្រទាំងបួន ធ្វើពីលង្ហិន រីឯទំពក់ និងមេរូតធ្វើពីប្រាក់ ហើយក្បាលបង្គោលក៏មានស្រោបប្រាក់ដែរ។ ២០ ចម្រឹងទាំងប៉ុន្មានរបស់ព្រះពន្លា និងចម្រឹងរនាំងរបស់ទីលានសុទ្ធតែធ្វើពីលង្ហិនទាំងអស់។
សម្ភារៈដែលប្រើប្រាស់សម្រាប់សង់ព្រះពន្លា
២១ ពួកលេវីបានកត់ត្រាទុក តាមបញ្ជារបស់លោកម៉ូសេ នូវចំនួនសម្ភារៈដែលប្រើប្រាស់ក្នុងការសង់ព្រះពន្លា គឺព្រះពន្លានៃសន្ធិសញ្ញា។ ពួកគេធ្វើការនេះក្រោមការណែនាំរបស់លោកអ៊ីតាម៉ា ជាកូនរបស់លោកបូជាចារ្យអរ៉ុន។ ២២ លោកបេសាល់អែលដែលជាកូនរបស់លោកអ៊ូរី និងជាចៅលោកហួរ នៃកុលសម្ព័ន្ធយូដា បានធ្វើគ្រប់កិច្ចការ ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។ ២៣ លោកអូហូលីយ៉ាប ជាកូនលោកអហ៊ីសាម៉ាត នៃកុលសម្ព័ន្ធដាន់ ក៏បានជួយធ្វើការលោកដែរ គឺលោកអូហូលីយ៉ាបជាជាងចម្លាក់ ជាវិចិត្រករ ព្រមទាំងប៉ាក់លំអក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ពណ៌ក្រហមទុំ និងក្រណាត់ធ្វើពីអំបោះធ្មៃ។
២៤ មាសដែលជាតង្វាយរបស់ជនជាតិអ៊ីស្រាអែល សម្រាប់ប្រើក្នុងការសង់ទីសក្ការៈ មានទម្ងន់ទាំងអស់១០០២ គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ២៥ រីឯប្រាក់ទទួលពីអស់អ្នកដែលគេបានជំរឿនក្នុងចំណោមសហគមន៍ មានទាំងអស់៣៤៤៧គីឡូក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ២៦ ប្រាក់នេះបានទទួលពីប្រជាជនចំនួន ៦០៣៥៥០ នាក់ ដែលគេបានជំរឿន គឺអស់អ្នកមានអាយុចាប់ពីម្ភៃឆ្នាំឡើងទៅ។ ម្នាក់ៗថ្វាយសាច់ប្រាក់ជាងប្រាំក្រាម គិតតាមទម្ងន់ដែលប្រើប្រាស់ក្នុងទីសក្ការៈ។ ២៧ គេប្រើសាច់ប្រាក់៣៤២៧គីឡូក្រាម សម្រាប់ធ្វើជើងទ្របង្គោលព្រះពន្លា និងជើងទ្របង្គោលវាំងននខាងក្នុង។ ជើងទ្រទាំងអស់មានមួយរយ គឺជើងទ្រនីមួយៗទម្ងន់ជាង៣៤គីឡូក្រាម។ ២៨ រីឯសាច់ប្រាក់២០គីឡូក្រាមទៀត គេយកទៅធ្វើទំពក់ និងមេរូតរបស់បង្គោល ព្រមទាំងស្រោបក្បាលបង្គោល។ ២៩ លង្ហិនដែលប្រជាជនយកមកថ្វាយមានទម្ងន់២៤២៦គីឡូក្រាម។ ៣០ គេយកលង្ហិននេះទៅប្រើសម្រាប់ធ្វើជើងទ្របង្គោល រនាំងរបស់ច្រកចូលពន្លាជួបព្រះអម្ចាស់ ព្រមទាំងធ្វើអាសនៈលង្ហិន ប្រទាសលង្ហិន និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ៣១ រីឯជើងទ្ររនាំងដែលនៅជុំវិញទីលាន ជើងទ្ររបស់ទ្វារចូលទីលាន ចម្រឹងដែលគេបោះជុំវិញព្រះពន្លា និងចម្រឹងរនាំងទីលាន ក៏ធ្វើពីលង្ហិននេះដែរ។