ពាក្យ​លំនាំ

Written on 19/11/2025
Boy KANN

ជំរឿន​ប្រជាជន

កណ្ឌ​គម្ពីរ​នេះ​មាន​ឈ្មោះ​ថា «ជំរឿន​ប្រជាជន» ដូច្នេះ មក​ពី​នៅ​ផ្នែក​ដំបូង​មាន​កត់‌ត្រា​អំពី​ការ​រាប់​ចំនួន ឬ​ជំរឿន​ប្រជាជន ក្នុង​កុល‌សម្ព័ន្ធ​នានា​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល។ ក្នុង​កណ្ឌ​គម្ពីរ​នេះ​ទាំង​មូល​ពុំ​មាន​រៀប‌រាប់​អំពី​ជំរឿន​ប្រជាជន​រហូត​ទេ គឺ​រៀប‌រាប់​អំពី​ដំណើរ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល ក្នុង​វាល​រហោ‌ស្ថាន។
ក្រោយ​ពី​បាន​ទទួល​វិន័យ​ពី​ព្រះ‌ជាម្ចាស់ តាម‌រយៈ​លោក​ម៉ូសេ​នៅ​ភ្នំ​ស៊ីណៃ​រួច​ហើយ
• ជន​ជាតិ​អ៊ីស្រា‌អែល​រៀប‌ចំ​ខ្លួន​ចូល​ទៅ​ចាប់​យក​ទឹក​ដី ដែល​ព្រះ‌ជាម្ចាស់​សន្យា​ប្រទាន​ឲ្យ​ពួក​គេ ទុក​ជា​កេរ‌មត៌ក (១.១‑១០.១០)។
• ជន​ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ទៅ​កាដែស-‌បារណេអា ដែល​ជា​ច្រក​ចូល​ទៅ​កាន់​ទឹក​ដី​សន្យា តែ​ពួក​គេ​ពុំ​ហ៊ាន​ចូល​ទៅ​ទេ។ ដូច្នេះ ពួក​គេ​បក​ក្រោយ​វិញ ហើយ​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​អស់‌រយៈ​ពេល​សែ‌សិប​ឆ្នាំ។ ក្រោយ​ពី​បាន​ត្រាច់‌ចរ​យ៉ាង​យូរ​នៅ​វាល​រហោ‌ស្ថាន​នោះ ពួក​គេ​ទៅ​ដល់​ស្រុក​ម៉ូអាប់ ដែល​នៅ​ខាង​កើត​សមុទ្រ​មរណៈ (១០.១១‑២១.៣៥)។
• បន្ទាប់​មក មាន​រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍​ផ្សេងៗ ដែល​កើត​មាន​ដល់​ជន​ជាតិ​អ៊ីស្រា‌អែល​នៅ​ក្នុង​ស្រុក​ម៉ូអាប់ មុន​ពេល​ពួក​គេ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ស្រុក​កាណាន (២២.១‑៣៦.១៣)។
កណ្ឌ​គម្ពីរ​នេះ​រៀប‌រាប់​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​បន្ត​ពី​គម្ពីរ «ដំណើរឆ្ពោះទៅកាន់សេរីភាព»និង​«លេវី‌វិន័យ» ព្រម​ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រជា‌រាស្ដ្រ​របស់​ព្រះ‌ជាម្ចាស់​គ្រាន់​តែ​ជា​មនុស្ស​លោក​សាមញ្ញ​ធម្មតា​ប៉ុណ្ណោះ។ ពួក​គេ​ចេះ​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ តែ​ពួក​គេ​ក៏​ចេះ​សង្ស័យ​ដែរ ពេល​ខ្លះ​ពួក​គេ​មាន​កម្លាំង​មាំ‌មួន ពេល​ខ្លះ​ទៀត​ទន់​ខ្សោយ ពេល​ខ្លះ​រុង‌រឿង ពេល​ខ្លះ​អាប់​ឱន។ តាម‌រយៈ​កណ្ឌ​គម្ពីរ​នេះ យើង​ឃើញ​ថា​ព្រះ‌ជាម្ចាស់​តែង‌តែ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ​ជា‌និច្ច ហើយ​តាម‌រយៈ​ការ​តឹង‌រ៉ឹង ព្រះ‌អង្គ​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ថា ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត និង​យុត្តិ‌ធម៌។
ចំណែក​ឯ​លោក​ម៉ូសេ​វិញ លោក​មាន​បេសក‌កម្ម​មួយ​ដ៏​លំបាក គឺ​ធ្វើ​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​ដ៏‌វិសុទ្ធ​យក​ទៅ​ប្រាប់​ប្រជាជន​ដែល​ចេះ​តែ​បះ‌បោរ ហើយ​លោក​ក៏​តស៊ូ​ព្យាយាម​ការ‌ពារ​ប្រជាជន​ដែល​មាន​ចិត្ត​មិន​ស្មោះ‌ត្រង់​នេះ ដោយ​ទូល‌អង្វរ​ព្រះ​ដ៏​សុចរិត សូម​ព្រះ‌អង្គ​មេត្តា​ប្រណី​សន្ដោស​ដល់​ពួក​គេ។