១៥ ឧសភា ២០២៦

Written on 11/12/2025
Sokhorn Oem

ថ្ងៃសុក្រ រដូវបុណ្យចម្លង អាទិត្យទី០៦
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គប្រោសព្រះយេស៊ូឱ្យមានព្រះជន្មថ្មីដ៏ពេញលេញ​ ព្រះ​អង្គប្រ​ទាន​ជីវិតថ្មីឱ្យយើងខ្ញុំ។ ព្រះអង្គក៏តែងតាំងព្រះយេស៊ូធ្វើជាព្រះសង្គ្រោះ ដែលគង់ខាងស្តាំព្រះបិតាអង្វរព្រះ​អង្គឱ្យយើង​ខ្ញុំដែរ​។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំ។ សូមឱ្យថ្ងៃណាមួយ យើងខ្ញុំទទួលសិរីរុងរឿងរួមជាមួយព្រះ​យេ​ស៊ូ​ ជាព្រះបុត្រារបស់ព្រះអង្គ និងជាព្រះអម្ចាស់យើងខ្ញុំ ដែលទ្រង់គង់នៅជាមួយព្រះអង្គ និងព្រះវិញ្ញាណ​ដ៏វិសុទ្ធ​អស់​កល្ប​​​ជា​អង្វែងតរៀងទៅ។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ១៨,៩-១៨)

នៅក្រុងកូរិនថូស យប់មួយ លោកប៉ូលនិមិត្តឃើញព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «កុំខ្លាចអី! ត្រូវ​និយាយ​តទៅទៀតទៅ កុំនៅស្ងៀមឡើយ! ដ្បិតយើងស្ថិតនៅជាមួយអ្នកហើយ! ពុំមាននរណា​អាចធ្វើ​បាប​អ្នកបាន​ទេ​ ព្រោះនៅក្រុងនេះមានមនុស្សជាច្រើនជាប្រជារាស្រ្តរបស់យើង»។ លោកប៉ូលស្នាក់នៅក្រុងកូរិនថូសអស់រយៈមួយ​ឆ្នាំ​​ប្រាំមួយខែ លោកបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកក្រុងនោះ។ នៅគ្រាដែលលោកកៃលីយ៉ូនកាន់តំណែងជារាជប្រតិភូរបស់ព្រះចៅអធិរាជរ៉ូមុំាងនៅស្រុកអាខៃ សាសន៍​យូ​ដា​សមគំនិតគ្នាប្រឆាំងនឹងលោកប៉ូល ហើយនាំលោកយកទៅសាលាកាត់​ក្តីទាំង​ចោទ​ថា៖ ​«ជន​នេះ​បញ្ចុះបញ្ចូល​មនុស្ស​ម្នាឱ្យគោរពថ្វាយ​បង្គំព្រះជាម្ចាស់តាមរបៀបមួយខុសច្បាប់»។ ពេលលោកប៉ូលបម្រុងនឹងហាមាត់និយាយ លោក​កៃ​លី​យ៉ូនមានប្រសាសន៍ទៅកាន់ជនជាតិយូដាថា៖ «ជនជាតិយូដាអើយ! ប្រសិនបើរឿង​នេះទាក់​ទង​នឹង​បទឧក្រិដ្ឋ ឬ​បទ​​​ល្មើសណាមួយនោះ ខ្ញុំមុខជាសុខចិត្តស្តាប់អ្នករាល់គ្នាមិនខាន។ ប៉ុន្តែ បើជារឿងជជែកវែកញែកស្តីអំពី​ពាក្យ​ពេច​ន៍ អំ​ពីឈ្មោះ ឬអំពីធម្មវិន័យរបស់អ្នករាល់គ្នាទេនោះ ចូរ​ដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនព្រមកាត់ក្តីឱ្យអ្នក​រាល់​គ្នាអំ​ពីរឿង​នេះឡើយ»។ លោកក៏ដេញពួកគេចេញពីសាលាកាត់ក្តី។ ពេលនោះ ពួក​គេនាំគ្នាចាប់លោកសូស្តែនដែលជាអ្នក​ទទួល​ខុសត្រូវលើធម្មសាលាមកវាយនៅមុខសាលាកាត់ក្តី តែលោកកៃលីយ៉ូនមិនអើពើទេ។ លោកប៉ូលស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកជម្រាបលាក្រុមបងប្អូនចុះសំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយមាននាងព្រីស៊ីឡា និងលោកអគីឡាសជូនដំណើរទៅជាមួយដែរ។ លោកកោរសក់លា​បំណន់​នៅ​កំ​ពង់ផែសង់ក្រេ។

ទំនុកតម្កើងលេខ ៤៧ (៤៦), ២-៧ បទកាកគតិ

២ ឱ!ជនទាំងឡាយ ចូរអរសប្បាយ ទះដៃអបអរ
  ច្រៀងលើកតម្កើង ព្រះម្ចាស់បវរ ទទួលអំណរ
    ដោយចិត្តរីករាយ ។
៣ ដ្បិតព្រះអម្ចាស់ ព្រះខ្ពង់ខ្ពស់ណាស់ គួរស្ញប់ស្ញែងក្រៃ
  ព្រោះតែព្រះអង្គ ជាមហាក្សត្រថ្លៃ ឧត្តមប្រពៃ
    លើដីទាំងអស់ ។
៤ ព្រះអង្គបង្រ្កាប គ្រប់ជាតិឱ្យរាប មកជាចំណុះ
  មិនឱ្យរួចខ្លួន ជាតិណាមួយសោះ ស្ម័គ្រចិត្តស្រួលស្រុះ
    ក្រោមអំណាចយើង ។
៥ ព្រះអង្គជ្រើសរើស ទឹកដីគ្រប់ទិស ជាមរតកថ្កើង
  ឱ្យយើងខ្ពស់មុខ គ្មានអ្វីកើតឡើង វិសេសរុងរឿង
    យ៉ាកុបល្អឯក ។
៦ ព្រះអម្ចាស់យាង ឡើងក្រោមសូរសៀង ខ្ញៀវខ្ញាអនេក
  ទ្រង់យាងទៅខ្ពស់ ឥតមានរារែក អមដោយសម្រែក
    សូរត្រែតន្រ្តី ។
៧ ចូរយើងនាំគ្នា រូតរះម្នីម្នា ថ្វាយពរសិរី
  ព្រះជាអម្ចាស់ រុងរឿងពេកក្រៃ ស្មូតលាយតន្រ្តី
    ថ្វាយព្រះនៃយើង ។
 

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (លក ២៤,៤៦.២៦)

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តត្រូវតែរងទុក្ខលំបាក ហើយមានព្រះជន្មថ្មី ដើម្បី​នឹង​ចូល​ទៅ​ទទួល​សិរីរុង​រឿង​របស់​ព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ១៦,២០-២៣)

នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូល​ទៅកាន់​ក្រុម​សាវ័ក​ថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងទ្រហោយំសោកសង្រេង តែមនុស្ស​លោក​នឹង​អរ​សប្បាយ។ អ្នករាល់គ្នានឹងកើតទុក្ខព្រួយ ប៉ុន្តែ ទុក្ខព្រួយរបស់អ្នករាល់គ្នានឹងប្រែទៅជាអំណរសប្បាយវិញ។ ពេល​ស្ត្រី​ម្នាក់ហៀបនឹងឆ្លងទន្លេ នាងតែងព្រួយចិត្ត ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់​នាង​សម្រាល​កូន​រួច​ហើ​យ នា​ងភ្លេចការឈឺចាប់ទាំងប៉ុន្មាន នាងក៏សប្បាយចិត្ត ព្រោះមានមនុស្សម្នាក់កើត​មកក្នុងលោកនេះ។ អ្នករាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត។ ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយ​គ្មាន​​​នរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាបានឡើយ។ នៅពេលនោះ អ្នករាល់គ្នាលែង​សួរអ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗដែល​អ្នករាល់គ្នា​ទូល​សុំព្រះ​បិតាក្នុងនាម​ខ្ញុំ ព្រះអង្គ​មុខជា​នឹង​ប្រ​ទាន​ឱ្យអ្នករាល់គ្នាជាមិនខាន»។

ពាក្យថ្វាយតង្វាយ 

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ក្នុងអភិបូជានេះ យើងខ្ញុំនាំគ្នានឹករឭកពីទុក្ខលំបាករបស់​ព្រះយេ​ស៊ូដែល​បាន​បូជាព្រះជន្ម ដើម្បីបង្កើតពិភពលោកថ្មី។ យើងខ្ញុំសូមថ្វាយទុក្ខលំបាករបស់យើងខ្ញុំ និងរបស់មនុស្សលោក រួម​ជា​មួយ​ព្រះយេស៊ូ សូមទ្រង់ព្រះមេត្តាប្រោសប្រទានយើងខ្ញុំបានអំណរសប្បាយ ដែលនៅស្ថិតស្ថេរជានិច្ច និងនាំឱ្យអ្នកដទៃ​បាន​អំណរសប្បាយផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ដោយព្រះអង្គប្រោសព្រះ​យេស៊ូឱ្យមានព្រះជន្មថ្មី​ ព្រះអង្គបាន​ប្រទាន​សេចក្តី​សង្ឃឹមឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿ និងសេចក្តីស្រឡាញ់របស់យើងខ្ញុំ សូមប្រែទុក្ខ​លំបាក​របស់​យើង​ខ្ញុំ និងរបស់មនុស្សលោកឱ្យទៅជាអំណរសប្បាយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។