២១ មេសា ២០២៦

Written on 29/06/2026
Sokhorn Oem

ថ្ងៃអង្គារ រដូវបុណ្យចម្លង អាទិត្យទី០៣
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតា! កាលពីដើម ព្រះអង្គបានប្រទានឱ្យលោកស្ទេផានធ្វើសាក្សីអំពីសេចក្តី​ពិតរហូត​ដល់​បូ​ជា​ជីវិត ដូចព្រះយេស៊ូ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានឱ្យយើងខ្ញុំជាគ្រីស្តបរិស័ទដែលកើតជាថ្មី​ដោយ​ទឹក​ និង​ព្រះវិញ្ញាណ មានជំនឿមាំមួន និងសេចក្តីក្លាហានហ៊ានបញ្ជាក់ជំនឿរបស់ខ្លួន ដូចលោកស្ទេផាននោះផង។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៧,៥១-៨,១)

លោកស្ទេផានមានប្រសាសន៍ទៅកាន់ក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «អស់លោកចិត្តរឹងរូសអើយ! អស់លោកមានចិត្ត មាន​ត្រចៀកដូចសាសន៍ដទៃ ចេះតែជំទាស់ប្រឆាំងនឹងព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច គឺមិនខុស​ពីបុព្វបុរស​របស់អស់​លោក​ទេ!។ គ្មានព្យាការីណាម្នាក់ ដែលបុព្វបុរសរបស់អស់លោកមិនបានបៀតបៀននោះឡើយ។ បុព្វបុរសរបស់អស់​លោក​​បានសម្លាប់អស់អ្នកដែលប្រកាសទុកជាមុនថា អ្នកដ៏សុចរិតនឹងមក។ ឥឡូវនេះ អស់លោកបាន​ចាប់​ព្រះ​អង្គ​នោះ​បញ្ជូនទៅឱ្យគេ ហើយអស់លោកធ្វើគុតព្រះអង្គថែមទៀត​ផង។ អស់លោកបានទទួល​ធម្មវិន័យ​របស់​ព្រះ​ជាម្ចាស់តាមរយៈទេវទូត តែអស់លោកពុំបានប្រព្រឹត្តតាមធម្មវិន័យនោះសោះ!»។
កាល​សមាជិក​ក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។ រីឯលោកស្ទេផានវិញ លោកបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកសម្លឹងមើលទៅលើមេឃ ឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងឃើញព្រះយេស៊ូឈរនៅខាងស្តាំព្រះអង្គ។ លោកមានប្រសាសន៍ថា៖ «មើលហ្ន៎! ខ្ញុំឃើញផ្ទៃមេឃបើកចំហ និងឃើញបុត្រមនុស្សឈរនៅខាងស្តាំព្រះជាម្ចាស់»។ ពួកគេស្រែកឡើងយ៉ាងខ្លាំងទាំងយកដៃខ្ទប់ត្រចៀក ហើយនាំគ្នាស្ទុះទៅសង្គ្រុបពីលើលោក។ គេបណ្តេញ​លោកចេញពីទីក្រុង រួចយកដុំថ្មគប់សម្លាប់លោក។ ពួកអ្នកដែលជាសាក្សី បានយកសម្លៀកបំពាក់របស់ខ្លួនទៅទុកនៅក្បែរជើងយុវជនម្នាក់ ឈ្មោះសូល។ នៅពេលគេគប់ដុំថ្មសម្លាប់នោះ លោកស្ទេផានទូលអង្វរថា៖ «ឱ!ព្រះអម្ចាស់យេស៊ូអើយ! សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!»។ បន្ទាប់មក លោកលុតជង្គង់ចុះ ហើយបន្លឺ​សំឡេង​ខ្លាំងៗ​ថា៖ «ឱ!ព្រះអម្ចាស់អើយ! សូមកុំប្រកាន់ទោសគេព្រោះតែអំពើ​បាបនេះធ្វើអ្វី»។ កាលបាន​ទូល​ដូច្នោះ​ហើយ លោកក៏ផុតដង្ហើមទៅ។ លោកសូលយល់ស្របនឹងការសម្លាប់លោកស្ទេផានដែរ។

ទំនុកតម្កើងលេខ ៣១ (៣០), ៣-៤.៦.៨.១៧.២១ បទកាកគតិ

៣ សូមទ្រង់ផ្ទៀងស្តាប់ ពាក្យខ្ញុំរៀបរាប់ មិនឱ្យមានឆ្គង
  សូមរំដោះខ្ញុំ ឱ្យឆាប់តែម្តង ជាកំពែងផង
    សង្គ្រោះរូបខ្ញុំ ។
៤ ទ្រង់ជាសិលា កំពែងថ្មដា ពាំងទូលបង្គំ
  សូមជួយដឹកនាំ ឆ្លងផ្លូវតូចធំ តម្រង់ទិសខ្ញុំ
    ដោយយល់ព្រះនាម ។
៦ ខ្ញុំសូមប្រគល់ វិញ្ញាណនិមល ថ្វាយអង្គក្សត្រា
  ទៅក្នុងព្រះហស្ត ព្រះម្ចាស់ហើយណា ព្រោះព្រះអង្គជា
    ព្រះទុកចិត្តបាន  
៨ ចិត្តខ្ញុំស្រស់ថ្លា អរឥតឧបមា រីករាយសប្បាយ
  ដោយសារព្រះអង្គ ទ្រង់មានព្រះទ័យ ករុណាប្រណី
    ពេលខ្ញុំវេទនា ។
១៧ សូមបែរព្រះភ័ក្រ្ត ទតមកមើលអ្នក បម្រើព្រះអង្គ
  មេត្តាសង្គ្រោះ ទូលបង្គំផង ដោយហឫទ័យទ្រង់
    ប្រណីករុណា  
២១ ព្រះអង្គទ្រង់លាក់ គេនៅក្បែរភក្រ្ត ឱ្យផុតពីព្រួយ
  ពីមនុស្សទុច្ចរិត ព្រះអង្គតែងជួយ ឱ្យនៅជាមួយ
    ក្នុងព្រះពន្លា ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះយេស៊ូជាអម្ចាស់! ព្រះអង្គជាអាហារដ៏ពិតប្រាកដដែលផ្តល់ជីវិត។ អ្នកណាទៅរកព្រះអង្គ អ្នកនោះមិនស្រេកឃ្លានទៀតឡើយ! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,៣០-៣៥)

ក្រោយពីព្រះយេស៊ូប្រទាននំប៉័ងឱ្យបណ្តាជន មានគេទូលសួរព្រះអង្គទៀតថា៖ «តើលោកធ្វើការអ្វីជាទីសម្គាល់ឱ្យយើងខ្ញុំឃើញ និងជឿលោក? តើលោកធ្វើកិច្ចការអ្វីខ្លះ?។ បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណានៅវាលរហោស្ថាន ដូចមានសេចក្តីចែងទុកក្នុងគម្ពីរថា “លោកបានផ្តល់ឱ្យគេបរិភោគនំប៉័ងដែលធ្លាក់ពីស្ថានបរមសុខមក”»។ ព្រះយេស៊ូមាន​ព្រះបន្ទូ​ល​​ទៅគេថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាបានដឹងច្បាស់ថា មិនមែនលោកម៉ូសេទេដែលបានផ្តល់​អាហា​ពីស្ថានបរម​សុខមក​នោះ គឺព្រះបិតារបស់ខ្ញុំទេតើដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខមកឱ្យអ្នករាល់គ្នា ដ្បិតអា​ហារដែល​ព្រះជាម្ចាស់ប្រទានឱ្យនោះ គឺអាហារដែលចុះពីស្ថានបរមសុខមក ហើយដែលផ្តល់ជីវិតឱ្យមនុស្សលោក»។ គេនាំគ្នាទូលព្រះអង្គថា៖ «លោកម្ចាស់! សូមលោកប្រទានអាហារនោះឱ្យយើងខ្ញុំជារៀងរាល់ថ្ងៃ រហូតតទៅ»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ខ្ញុំនេះហើយជាអាហារដែលផ្តល់ជីវិត។ អ្នកណាមករកខ្ញុំ លែងឃ្លានទៀតហើយអ្នកណាជឿលើខ្ញុំ ក៏លែងស្រេកទៀតដែរ»។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គតែងតែប្រទានអាហារសម្រាប់ចិញ្ចឹមជីវិតយើងខ្ញុំ។ ក្នុងអភិបូជានេះ យើងខ្ញុំយក​អាហារ​ខ្លះមកថ្វាយព្រះអង្គ សូមទ្រង់ព្រះមេត្តាប្រោសឱ្យនំ និងស្រានេះ បានទៅជាព្រះកាយព្រះគ្រីស្ត ជាអាហារ​ដ៏​ពិត​​ប្រាកដ ដែលចុះពីស្ថានបរមសុខមក។

ពាក្យអរព្រះគុណ

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ក្នុងអភិបូជានេះ ព្រះអង្គបានប្រទានទាំងព្រះបន្ទូល ទាំងព្រះកាយព្រះគ្រីស្តធ្វើជាអាហារដ៏ពិតប្រាកដ ដែលចុះពីស្ថានបរមសុខមកឱ្យយើងខ្ញុំសូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំស្រេកឃ្លានអាហារនេះជាដរាបផង។