១០ មេសា ២០២៧

Written on 16/10/2026
Catholic Faith Cambodia

ថ្ងៃសៅរ៍ រដូវបុណ្យចម្លង សប្តាហ៍ទី០២
ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយព្រះប្រាជ្ញាញាណវាងវៃ ព្រះអង្គតែងតែណែនាំព្រះសហគមន៍តាមព្រះហឫទ័យព្រះអង្គ។ សូមទ្រង់ព្រះមេត្តាជួយយើងខ្ញុំឱ្យដោះស្រាយបញ្ហានៃព្រះសហគមន៍សព្វថ្ងៃ ក្រោមពន្លឺនៃព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីឱ្យព្រះបន្ទូលព្រះអង្គបានឮ​សុស​សាយ​ពាសពេញក្នុងពិភពលោកផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៦,១-៧)

នៅគ្រានោះ ចំនួនសាវ័កចេះតែកើនឡើងជាលំដាប់។ គ្រីស្តបរិស័ទដែល​និយាយភាសាក្រិកនាំគ្នារអ៊ូរទាំ​ទាស់​នឹង​គ្រីស្តបរិស័ទជាតិយូដាដែល​និយាយ​ភាសាហេប្រឺថា នៅពេលចែកម្ហូបអាហារប្រចាំថ្ងៃ ពួកហេប្រឺមិ​នសូវ​យក​ចិត្ត​ទុកដាក់នឹងស្ត្រីមេម៉ាយខាងពួកខ្លួនទេ។ គ្រីស្តទូតទាំង​ដប់ពីរនាក់ក៏កោះ​ហៅ​ក្រុមសាវ័កទាំងអស់មក ហើយ​មានប្រសាសន៍ថា៖ «មិនគួរឱ្យយើងចោលការ​ប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុឡើយ។ ហេតុនេះ បង​ប្អូន​អើយ សូមនាំគ្នាជ្រើសរើសយកបុរសប្រាំពីរនាក់ក្នុងចំណោមបងប្អូន ដែលជា​អ្នកមានកេរ្តិ៍ឈ្មោះល្អ ហើយ​ពោរ​ពេញដោយព្រះវិញ្ញាណ និងប្រា​ជ្ញាឈ្លាសវៃ។ យើង​នឹង​តែងតាំងគេឱ្យបំពេញមុខងារនេះ។ រីឯយើងវិញ យើងនឹងគិតតែ​ពីអធិដ្ឋាន និងបម្រើព្រះបន្ទូល»។ ក្រុមសាវ័កទាំងប៉ុន្មានពេញចិត្តនឹងសេចក្តីស្នើនេះណាស់ គេក៏​ជ្រើស​យក​លោក​ស្ទេផាន ដែលពោរពេញដោយជំនឿ និង​ដោយព្រះវិញ្ញាណដ៏វិសុទ្ធ លោកភីលីព លោកប្រូគ័រ លោកនីកាន័រ លោក​ទីម៉ូន លោកប៉ាមេណាស និងលោកនីកូឡាសជាអ្នកស្រុក​អន់​ទី​យ៉ូក ដែលចូល​សាសនាយូដា។ គេនាំអ្នកទាំង​នោះ​មកជួបក្រុមគ្រីស្តទូត ក្រុមគ្រីស្តទូតក៏នាំគ្នា​អធិដ្ឋាន ហើយដាក់ដៃពីលើអ្នកទាំងនោះ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ។ ចំនួន​សាវ័ក​នៅក្រុងយេរូសាឡឹមបានកើន​ឡើង​ជាច្រើនឥតគណនា ហើយមានពួកបូជា​ចារ្យដ៏ច្រើនលើសលប់សុខចិត្តប្រតិបត្តិតាមជំនឿដែរ។

ទំនុកតម្កើងលេខ ៣៣ (៣២), ១-២.៤-៥.១៨-១៩ បទព្រហ្មគីតិ 

១ មនុស្សដែលសុចរិត អបអរពិតលើកតម្កើង  
  មានតែមនុស្សទៀងត្រង់ ដែលចិត្តចង់កោតសរសើរ ។
២ ដេញពិណលើកតម្កើង ព្រះនៃយើងគ្មានអ្វីស្មើ  
  លេងចាប៉ីបណ្តើរ ដេញបង្ហើរខ្សែដប់ថ្វាយ ។
៤ ដ្បិតព្រះជាអម្ចាស់ បន្ទូលច្បាស់ពិតទៀងត្រង់  
  ព្រះអង្គតែងផ្ចិតផ្ចង់ ហើយតម្រង់តាមសន្យា ។
៥ ព្រះអង្គសព្វព្រះទ័យ នឹងសេចក្តីពិតសត្យា  
  សុចរិតគ្រប់ប្រការ ហើយរក្សាយុត្តិធម៌ ។
  ផែនដីទាំងមូលថ្លែង ខំសម្តែងដោយអំណរ  
  ពីហឫទ័យបវរ ករុណាល្អព្រះជាម្ចាស់ ។
១៨ ព្រះអង្គតាមរក្សា អស់អ្នកណាដែលខ្លាចព្រះ  
  អ្នកពឹងលើអម្ចាស់ ក៏សប្បុរសមានមេត្តា ។
១៩ ព្រះអង្គបានសង្គ្រោះ គេឱ្យរស់មានសង្ខារ  
  ផុតពីក្តីមរណា នៅក្នុងគ្រាដែលអត់ឃ្លាន ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តជាព្រះនៃយើងមានព្រះជន្មរស់ឡើងវិញ! ព្រះអង្គជាព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកទាំងមូល និងជាព្រះសង្គ្រោះរបស់មនុស្សលោក!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន (យហ ៦,១៦-២១)

ព្រះយេស៊ូបានប្រទាននំប៉័ងឱ្យប្រជាជនប្រាំពាន់នាក់រួចហើយ លុះដល់​ល្ងាច ក្រុមសាវ័កនាំគ្នាចុះទៅមាត់សមុទ្រ។ គេជិះទូកឆ្លងទៅភូមិកាផានុម នៅត្រើយ​ម្ខាង។ ពេលនោះងងឹតហើយ តែព្រះយេស៊ូពុំទាន់យាងមករកគេនៅឡើយទេ ខ្យល់បក់បោកមកយ៉ាងខ្លាំង បណ្តាលឱ្យទឹកសមុទ្រមានរលកធំៗ។ កាល​គេចែវទូកបានចម្ងាយប្រមាណជាប្រាំ ឬប្រាំមួយគីឡូម៉ែត្រ ស្រាប់តែគេឃើញព្រះយេស៊ូ​យាងលើសមុទ្រចូលមកជិតទូក គេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ព្រះ​យេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំទេតើ កុំខ្លាចអី!»។ ក្រុមសាវ័កចង់យាង​ព្រះអង្គចូលមកក្នុងទូក តែរំពេចនោះ ទូកក៏ទៅដល់ត្រើយ ចំកន្លែងដែល​គេ​បម្រុងនឹងទៅ។

ពាក្យថ្វាយតង្វាយ

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយព្រះប្រាជ្ញាញាណយ៉ាងឈ្លាសវៃ ព្រះអង្គណែនាំព្រះសហគមន៍អាចឱ្យពុះពារឧបសគ្គនានាបាន។ នៅពេលថ្វាយអភិបូជានេះ សូមព្រះអង្គទ្រង់ព្រះមេត្តាចាត់ព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយាងមកផ្តល់សេចក្តីសុខសាន្តដ៏ពិតប្រាកដ ដល់ព្រះ​សហ​គមន៍ ជាព្រះកាយព្រះគ្រីស្ត គឺព្រះវិញ្ញាណដែលគង់នៅជាមួយព្រះបិតា និងព្រះបុត្រា អស់កល្បជាអង្វែងតរៀងទៅ។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតាយើងខ្ញុំ! ព្រះអង្គបានប្រទានព្រះបន្ទូល និងព្រះកាយព្រះគ្រីស្តធ្វើជាអាហារសម្រាប់យើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំជឿជាក់ថា ព្រះបុត្រាព្រះអង្គគង់នៅជាមួយយើងខ្ញុំជានិច្ច និងណែនាំ ព្រះសហគមន៍ផង។