០៩ មេសា ២០២៦

Written on 11/07/2026
Sokhorn Oem

ថ្ងៃព្រហស្បតិ៍ សប្តាហ៍បុណ្យចម្លង អាទិត្យទី០១
 ពណ៌ស

ពាក្យអធិដ្ឋានពេលចូល

បពិត្រព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រមែប្រមូលមនុស្សគ្រប់ជាតិសាសន៍ឱ្យរួបរួមគ្នាក្នុងមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យអស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹកមានចិត្តថ្លើមតែមួយ ដោយមានជំនឿតែមួយ និងសេចក្តីស្រឡាញ់ តែមួយ​ផង។

សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត (កក ៣,១១-២៦)

នៅគ្រានោះ លោកសិលាបានប្រោសជនពិការឱ្យបានជា បុរសនោះនៅជាប់ជាមួយលោកសិលា និងលោកយ៉ូហានជានិច្ច។ ប្រជាជនទាំងមូលភ័យស្ញប់ស្ញែងណាស់ គេរត់ទៅចោមរោមលោកទាំងពីរនៅថែវព្រះបាទសាឡូម៉ូន។ លោកសិលាឃើញដូច្នោះ ក៏មានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «បងប្អូនអុីស្រាអែលអើយ! ហេតុដូចម្តេចបានជាបងប្អូនងឿងឆ្ងល់អំពីហេតុការណ៍នេះ? ហេតុដូចម្តេចបានជាបងប្អូនសម្លឹងមើលមកយើងខ្ញុំដូច្នេះ? តើបងប្អូនស្មានថា យើងខ្ញុំបានប្រោសបុរសនេះឱ្យដើររួចមកពីឫទ្ធានុភាពរបស់យើងខ្ញុំផ្ទាល់ ឬមកពីយើងខ្ញុំចេះគោរពប្រណិប័តន៍ព្រះជាម្ចាស់?។ ព្រះរបស់លោកអប្រាហាំ របស់លោកអុីសាក និងរបស់លោក​យ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងទាំងអស់គ្នា ទ្រង់បានប្រទានសិរីរុងរឿងមកព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ។ បងប្អូនបានចាប់បញ្ជូនលោកយេស៊ូទៅឱ្យគេកាត់ទោស ទាំងបោះបង់ចោលលោកនៅចំពោះមុខលោកពីឡាត នៅពេលដែលគាត់ចង់ដោះលែងលោកនោះថែមទៀតផង។ បងប្អូនបានបដិសេធមិនព្រមទទួលស្គាល់អ្នកដ៏វិសុទ្ធ អ្នកដ៏សុចរិត ហើយបែរជាទាមទារសុំឱ្យគេដោះលែងឃាតករម្នាក់ទៅវិញ។ បងប្អូនបានឱ្យគេធ្វើគុតម្ចាស់នៃជីវិត ប៉ុន្តែ ព្រះជាម្ចាស់បានប្រោសលោកឱ្យតើនឡើងពីចំណោមមនុស្សស្លាប់ យើងខ្ញុំជាសាក្សីអំពីហេតុការណ៍នេះ។ ដោយសារយើងជឿលើព្រះនាមព្រះយេស៊ូ គឺព្រះនាមព្រះអង្គហ្នឹងហើយ បានធ្វើឱ្យបុរសដែលបងប្អូនឃើញ ហើយស្គាល់នេះមានកម្លាំងឡើងវិញ។ គាត់បានជាទាំងស្រុងដោយសារជំនឿលើព្រះយេស៊ូ ដូចបងប្អូនឃើញស្រាប់។ បងប្អូនអើយ! ខ្ញុំដឹងថា បងប្អូនប្រព្រឹត្តដូច្នោះទាំងមិនដឹងខ្លួន ដូចពួកនាម៉ឺនរបស់​បងប្អូនដែរ។ ប៉ុន្តែ ព្រះជាម្ចាស់បានធ្វើឱ្យហេតុការណ៍នេះកើតឡើង ស្របតាមសេចក្តីដែលព្រះអង្គមានព្រះបន្ទូលឱ្យដឹងមុនតាមរយៈព្យាការីទាំងអស់ គឺថា ព្រះគ្រីស្តរបស់ព្រះអង្គត្រូវតែរងទុក្ខលំបាក។ ហេតុនេះ សូមកែប្រែចិត្តគំនិត ហើយវិលមករកព្រះជាម្ចាស់វិញ ដើម្បីឱ្យព្រះអង្គលុបបំបាត់បាបរបស់បងប្អូន។ ព្រះអម្ចាស់នឹងប្រទានឱ្យបងប្អូនបានស្គាល់ពេលលំហែ ព្រមទាំងប្រទានព្រះគ្រីស្តយេស៊ូមកបងប្អូន ដូចព្រះអង្គបានគ្រោងទុកជាមុន។ ឥឡូវនេះ ព្រះយេស៊ូគង់នៅឯស្ថានបរមសុខ រហូតដល់ព្រះជាម្ចាស់រៀបចំអ្វីៗទាំងអស់ឡើងវិញ ដូចទ្រង់មានព្រះបន្ទូលទុកតាមរយៈពួកព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គនៅសម័យដើមស្រាប់។ លោកម៉ូសេមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នានឹងធ្វើឱ្យមានព្យាការីម្នាក់ដូចខ្ញុំងើបឡើងពីចំណោមបងប្អូនអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្តាប់សេចក្តីទាំងប៉ុន្មានដែលលោកមានប្រសាសន៍ប្រាប់។ រីឯអស់អ្នកដែលមិនព្រមស្តាប់ព្យាការីនោះទេនឹងត្រូវដកចេញពីចំណោមប្រជារាស្ត្រ»។ ព្យាការីទាំងប៉ុន្មានដែលបានថ្លែងព្រះបន្ទូល គឺចាប់តាំងពីលោកសាមូអែលរៀងមក សុទ្ធតែបានថ្លែងទុកអំពីពេលសព្វថ្ងៃនេះ។ បងប្អូនហ្នឹងហើយជាកូនចៅរបស់ព្យាការី ហើយបងប្អូនក៏ចូលរួមក្នុងសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់បានចងជាមួយបុព្វបុរសដែរ ដូចព្រះអង្គមានព្រះបន្ទូលទៅកាន់លោកអប្រាហាំថា៖ «ក្រុមគ្រួសារទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈពូជពង្សរបស់អ្នក។ ព្រះជាម្ចាស់បានឱ្យអ្នកបម្រើរបស់ព្រះអង្គងើបឡើង ហើយចាត់លោកឱ្យមករកបងប្អូនទាំងអស់គ្នាមុនគេបង្អស់ ដើម្បីប្រទានពរដល់បងប្អូន ដោយណែនាំម្នាក់ៗឱ្យងាកចេញពីអំពើទុច្ចរិត»។​​

ទំនុកតម្កើងលេខ ៨, ៤-៩ បទកាកគតិ

 
៤ ពេលទូលបង សម្លឹងមើលចំ ទៅផ្ទៃមេឃា
  មើលហ្វូងតារា មើលព្រះចន្រ្ទា ដ៏ស្រស់សោភា
    ស្នាព្រះហស្តថ្លៃ ។
៥ ខ្លួនខ្ញុំសួរថា តើមនុស្សយើងណា មានឋានៈអ្វី
  បានជាព្រះអង្គ នឹកគិតរំពៃ យកព្រះហឫទ័យ
    ទុកដាក់ដូច្នោះ? ។
៦ ព្រះអង្គប្រទាន ឱ្យមនុស្សយើងមាន កិត្តិយសខ្ពង់ខ្ពស់
  ទាបជាងទេវតា បន្តិចប៉ុណ្ណោះ ទៅដល់មនុស្ស
    ទុកជាមកុដរាជ្យ ។
៧ ព្រះអម្ចាស់ទ្រង់ ឱ្យគេគ្រប់គ្រង រាល់ថ្ងៃព្រឹកល្ងាច
  លើអ្វីទាំងអស់ ពេញដោយអំណាច ព្រមទាំងបង្រ្កាប
    នៅក្រោមជើងគេ ។
៨ ដោយសារអំណាច អ្វីៗមិនអាច ផ្លាស់ប្តូរប្រួលប្រែ
  ទាំងចៀមទាំងគោ សត្វព្រៃផងដែរ ឱ្យមនុស្សមើលថែ
    ប្រើប្រាស់គ្រប់គ្រង ។
៩ ព្រមទាំងបក្សី នៅលើផែនដី នៅលើមេឃផង
  ត្រីក្នុងសមុទ សព្វសត្វតែម្តង សត្វលូនវារផង
    មកនៅជួបជុំ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម (ទន ១១៨,២៤)

អាលេលូយ៉ា! អាលេលូយ៉ា!
នេះជាថ្ងៃដ៏អស្ចារ្យបំផុត! យើងនាំគ្នាត្រេកអរសប្បាយរីករាយ!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា (លក ២៤, ៣៥-៤៨)

សាវ័កទាំងពីរនាក់ដែលត្រឡប់ពីភូមិអេម៉ាអ៊ូស រៀបរាប់ហេតុការណ៍ដែលកើតឡើងនៅតាមផ្លូវ ហើយគេបានស្គាល់ព្រះអង្គនៅពេលព្រះអង្គកាច់នំប៉័ង។ នៅពេលសាវ័កទាំងពីរនាក់កំពុងតែនិយាយរៀបរាប់ ព្រះអម្ចាស់យាងមកគង់នៅកណ្តាលចំណោមសាវ័កទាំងអស់ ហើយមានព្រះបន្ទូលថា៖ ​«សូមឱ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត»។ គេភ័យតក់ស្លុតញ័ររន្ធត់យ៉ាងខ្លាំង ព្រោះស្មានថាខ្មោចលង។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារន្ធត់ចិត្តដូច្នេះ? ម្តេចក៏អ្នករាល់គ្នានៅសង្ស័យ? ចូរមើលដៃជើងខ្ញុំ គឺពិតជាខ្ញុំមែន! ចូរស្ទាបមើល៍! ខ្មោចគ្មានសាច់ គ្មានឆ្អឹងដូចខ្ញុំទេ»។ ព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ក៏បង្ហាញព្រះហស្ត និងព្រះបាទាឱ្យគេឃើញ។ សាវ័កពុំទាន់ជឿនៅឡើយទេ ព្រោះគេអរផងហើយងឿងឆ្ងល់ផង ។ ដូច្នេះ ព្រះយេស៊ូមានព្រះបន្ទូលសួរគេ​ថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?»។ គេយកត្រីអាំងមួយដុំមកថ្វាយព្រះអង្គ ព្រះអង្គទទួលយក ហើយសោយនៅមុខពួកគេទាំងអស់គ្នា។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ ខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នា​ថា សេចក្តីទាំងអស់ដែលមានចែងទុកអំពីខ្ញុំក្នុងគម្ពីរធម្មវិន័យរបស់លោកម៉ូសេ ក្នុងគម្ពីរព្យាការី និងក្នុងគម្ពីរទំនុកតម្កើងត្រូវតែកើតមាន»។ ព្រះអង្គក៏បំភ្លឺចិត្តគំនិតគេឱ្យយល់អត្ថន័យគម្ពីរ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុការណ៍នេះត្រូវតែកើតឡើង ស្របតាមសេចក្តីដែលមានចែងទុកក្នុងគម្ពីរ គឺព្រះគ្រីស្តត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបីត្រូវតើនឱ្យក្រោកពីចំណោមមនុស្សស្លាប់។ អ្នករាល់គ្នាត្រូវប្រកាសក្នុងព្រះនាមព្រះអង្គឱ្យមនុស្សគ្រប់ជាតិសាសន៍កែប្រែចិត្តគំនិត ដើម្បីឱ្យបានរួចពីបាប គឺត្រូវប្រកាសចាប់តាំងពីក្រុងយេរូសាឡឹមតទៅ។ អ្នករាល់គ្នាជាសាក្សីអំពីហេតុការណ៍ទាំងនេះ»។

ពាក្យថ្វាយតង្វាយ 

បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាការុណាយ៉ាងក្រៃលែង! នៅពេលនេះ យើងខ្ញុំនាំគ្នាធ្វើពិធីកាច់នំប៉័ង ដូចព្រះយេស៊ូដែលទទួលព្រះជន្មថ្មី បានកាច់នំប៉័ងចែកឱ្យក្រុមសាវ័កកាលពីដើមដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំឱ្យទទួលស្គាល់ព្រះអង្គដែលគង់នៅជាមួយយើងខ្ញុំនៅពេលនេះ។ សូមប្រោសយើងខ្ញុំឱ្យធ្វើជាសាក្សីរបស់ព្រះអង្គផង។

ពាក្យអរព្រះគុណ

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យព្រះយេស៊ូជាអ្នកដ៏សុចរិត ជាអ្នកដ៏វិសុទ្ធ និងជាម្ចាស់នៃជីវិត ទទួលសិរីរុងរឿងជាព្រះអម្ចាស់។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យធ្វើជាសាក្សីអំពីព្រះគ្រីស្តដែលជាពន្លឺ និងជាសេចក្តីសង្ឃឹមរបស់យើងខ្ញុំ គឺព្រះ​គ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។