១៧ កក្កដា ២០២៦

Written on 02/03/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១៥ ថ្ងៃសុក្រ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១៣៥

ចូរសរសើរតម្កើងព្រះជាម្ចាស់សម្រាប់ការអស្ចារ្យ ដែលព្រះអង្គបានប្រព្រឹត្តចំពោះយើង

បងប្អូនជាប្រជារាស្ត្រ ដែលព្រះជាម្ចាស់បានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ព្រះអង្គ
ដើម្បីឱ្យបងប្អូនប្រកាសដំណឹងអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ
ដែលបានហៅបងប្អូនឱ្យចេញពីទីងងឹត មកកាន់ពន្លឺរុងរឿងរបស់ព្រះអង្គ (១សល ២,៩)។

បន្ទរទី១ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។

(ក)

អាលេលូយ៉ា!
ចូរសរសើរតម្កើងព្រះអម្ចាស់!
ចូរសរសើរតម្កើងព្រះនាមព្រះអម្ចាស់!
អ្នកបម្រើរបស់ព្រះអម្ចាស់អើយ!
ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ!

អ្នករាល់គ្នាដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់
អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណព្រះដំណាក់របស់ព្រះនៃយើងអើយ!

ចូរនាំគ្នាសរសើរតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរស
ចូរច្រៀងតម្កើងថ្វាយព្រះនាមព្រះអង្គ
ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងយើង។

ព្រះអម្ចាស់បានជ្រើសរើសពូជពង្សលោកយ៉ាកុប
ព្រះអង្គយកជនជាតិអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។

ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម
ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះដទៃទាំងប៉ុន្មាន។

បើព្រះអម្ចាស់សព្វព្រះហឫទ័យធ្វើការអ្វី
ព្រះអង្គនឹងសម្រេចបានទាំងអស់
ទាំងនៅលើផ្ទៃមេឃ ទាំងនៅលើផែនដី នៅក្នុងសមុទ្រ
និងនៅក្នុងទីជម្រៅនៃបាតសមុទ្រ។

ព្រះអង្គនាំពពកចេញពីជើងមេឃ
ព្រះអង្គធ្វើឱ្យមានផ្លេកបន្ទោរ ដើម្បីឱ្យភ្លៀងធ្លាក់
ព្រះអង្គក៏បញ្ចោញខ្យល់ឱ្យបក់បោកមកដែរ។

ព្រះអង្គបានប្រហារកូនច្បងទាំងឡាយនៅស្រុកអេស៊ីប
គឺចាប់តាំងពីកូនមនុស្ស រហូតដល់កូនសត្វពាហនៈ។

ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប
ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្តេច។
១០
ព្រះអង្គបានវាយប្រហារប្រជាជាតិជាច្រើន
ព្រះអង្គបានវាយប្រហារជីវិតស្តេចដ៏ខ្លាំងពូកែ
១១
គឺព្រះបាទស៊ីហុន ជាស្តេចស្រុកអាម៉ូរី
ព្រះបាទអុកជាស្តេចស្រុកបាសាន
និងស្តេចទាំងប៉ុន្មានរបស់ជនជាតិកាណាន។
១២
ព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ
ឱ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ទុកជាមត៌ក។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះអម្ចាស់ជាព្រះដ៏ឧត្តុង្គឧត្តម ព្រះអម្ចាស់របស់យើងប្រសើរលើសព្រះទាំងប៉ុន្មាន។

បន្ទរទី២ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។

(ខ)

(បទកាកគតិ)

១៣- បពិត្រព្រះម្ចាស់ ព្រះនាមរបស់ ព្រះអង្គគង់វង្ស
  ជារៀងរហូត ល្បីល្បាញយូរលង់ ត្រចះត្រចង់
    អស់កល្បឥតរា
១៤- ដ្បិតព្រះអង្គរក យុត្តិធម៌នាំមក ឱ្យរាស្ត្រប្រជា
  ព្រះអង្គអាណិត អាសូរគ្រប់គ្រា អស់កូនចៅជា
    អ្នកស្ម័គ្របម្រើ
១៥- ព្រះផ្សេងឯទៀត ជាព្រះមិនពិត កើតពីមនុស្សធ្វើ
  ពីមាសពីប្រាក់ ពីស្ពាន់ពីឈើ អ្វីសព្វសារពើ
    ជាព្រះក្លែងក្លាយ
១៦- ព្រះនោះមានមាត់ បើកបិទមិនកើត មិនអាចនិយាយ
  មាត់ដែលជាងឆ្លាក់ គេដាក់មកឱ្យ ភ្នែកដែលមានហើយ
    តែបើកមិនរួច
១៧- ត្រចៀកក៏មាន តែស្តាប់មិនបាន ដូចត្រចៀកខូច
  ស្រេចតែជាងធ្វើ តាមធំតាមតូច ខ្យល់ចូលមិនរួច
    ដង្ហើមក៏គ្មាន
១៨- សូមឱ្យអស់អ្នក ដែលខំសូនឆ្លាក់ ឥតមានស្រាកស្រាន្ត
  ធ្វើព្រះក្លែងក្លាយ ដែលមានប៉ុន្មាន ឱ្យពួកគេបាន
    ដូចព្រះទាំងនោះ
១៩- អ៊ីស្រាអែលអើយ កុំនៅកន្តើយ នាំគ្នាទាំងអស់
  ខំលើកតម្កើង ព្រះជាអម្ចាស់ ទាំងពូជរបស់
    លោកអរ៉ុនផង
២០- គ្រួសារលេវី ចូរមកមូលមីរ សរសើរផ្គូរផ្គង
  និងអ្នកដែលធ្លាប់ គោរពព្រះអង្គ សរសើរថ្កើងថ្កាន
    ព្រះម្ចាស់នៃយើង
២១- ចូរយើងនាំគ្នា មកផ្តុំមូលមីរ សរសើរតម្កើង
  ព្រះជាអម្ចាស់ គង់ភ្នំស៊ីយ៉ូន និងនៅក្នុងក្រុង
    យេរូសាឡឹម
  សូមកោតសរសើរ ដល់ព្រះបិតា ព្រះរាជ្យបុត្រា
  និងព្រះវិញ្ញាណ ជាព្រះត្រៃអង្គ ថ្កើងថ្កានឥតហ្មង
    ដែលគង់ជានិច្ច

បន្ទរ ៖ ជនជាតិអ៊ីស្រាអែលអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ ចូរស្មូតទំនុកតម្កើងថ្វាយព្រះនាមព្រះអង្គ ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៥,៣-៤)

ទំនុកតម្កើងនៃការគោរពប្រណិប័តន៍

បន្ទរទី៣ ៖ ឱព្រះអម្ចាស់អើយ ! មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

“ឱព្រះជាម្ចាស់ដែលមានព្រះចេស្តាលើអ្វីៗទាំងអស់អើយ
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម
គួរឱ្យកោតស្ញប់ស្ញែងពន់ពេកណាស់!
ឱព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ
មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!

បពិត្រព្រះអម្ចាស់!
តើមាននរណាមិនគោរពកោតខ្លាចព្រះនាមព្រះអង្គ?
តើនរណាមិនលើកតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ?
ដ្បិតមានតែព្រះអង្គប៉ុណ្ណោះជាព្រះដ៏វិសុទ្ធ។
មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ
ដ្បិតគេបានឃើញច្បាស់ថា ព្រះអង្គវិនិច្ឆ័យដោយយុត្តិធម៌” ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! មនុស្សគ្រប់ជាតិសាសន៍នឹងនាំគ្នាមកក្រាបថ្វាយបង្គំព្រះអង្គ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (យក ១,២-៤)

បងប្អូនអើយ ទុក្ខលំបាកគ្រប់យ៉ាងដែលបងប្អូនត្រូវឆ្លងកាត់នោះ សូមចាត់ទុកថា ជាការដែលធ្វើឱ្យបងប្អូនមានអំណរដ៏បរិបូណ៌វិញ ដោយដឹងថា ការល្បងលមើលជំនឿរបស់បងប្អូននឹងនាំឱ្យបងប្អូនចេះស៊ូទ្រាំ។ ក៏ប៉ុន្តែ ត្រូវឱ្យការស៊ូទ្រាំនេះ បង្កើតចេញជាផលដ៏ល្អគ្រប់លក្ខណៈ ដើម្បីឱ្យបងប្អូនបានគ្រប់លក្ខណៈ មានគុណសម្បត្តិល្អសព្វគ្រប់ ឥតខ្វះត្រង់ណាឡើយ។

បន្ទរ៖ ព្រះ‌អង្គមានព្រះ‌ហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឱ្យរួចពីបាប *ដោយ‌សារព្រះ‌លោហិតរបស់ព្រះ‌អង្គផ្ទាល់។ បន្ទរឡើងវិញ៖…
-ព្រះ‌អង្គបានធ្វើឱ្យយើងទៅជារាជា‌ណាចក្រ និងជាក្រុមបូជា‌ចារ្យ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ៖ ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ។

ពាក្យអង្វរសកល

ដោយសារតែអំពើបាបរបស់យើងខ្ញុំ ព្រះបិតាបានប្រទានឱ្យព្រះយេស៊ូសោយទិវង្គត និងដើម្បីប្រោសយើងឱ្យទៅជាបុត្រធីតាព្រះអង្គ ព្រះបិតាបានប្រោសព្រះយេស៊ូឱ្យមានព្រះជន្មរស់ឡើងវិញ។ យើងខ្ញុំសូមអធិស្ឋានថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមអាណិតអាសូរប្រជារាស្រ្តរបស់ព្រះអង្គផង។

សូមព្រះអង្គសណ្តាប់នូវពាក្យអធិស្ឋានរបស់យើងខ្ញុំ នៅពេលដែលយើងខ្ញុំទទួលសារភាពអំពើបាប
—សូមព្រះអង្គប្រោសប្រណីលើកលែងទោស និងប្រទានសេចក្តីសុខសាន្តដល់យើងខ្ញុំផង។ (បន្ទរ)

គ្រីស្តទូតរបស់ព្រះអង្គបាននិយាយថា៖ "នៅទីណាមានអំពើបាបច្រើន នៅទីនោះ ក៏មានព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់យ៉ាងច្រើនលើសលប់ដែរ"
—សូមព្រះអង្គលើកលែងទោសឱ្យយើងខ្ញុំផង។ (បន្ទរ)

បពិត្រព្រះអម្ចាស់! យើងខ្ញុំបានប្រព្រឹត្តអំពើបាប ប៉ុន្តែ យើងខ្ញុំក៏ទទួលស្គាល់ពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដែលគ្មានដែនកំណត់ផងដែរ
—សូមព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំចេះកែប្រែចិត្តគំនិតផង។ (បន្ទរ)

សូមព្រះអង្គសង្រ្គោះប្រជារាស្រ្តរបស់ព្រះអង្គ ឱ្យរួចពីអំពើបាបរបស់ពួកគេ
—សូមប្រោសឱ្យពួកគេបានគាប់ព្រះហឫទ័យព្រះអង្គផង។ (បន្ទរ)

ព្រះអង្គបានបើកទ្វារនៃឋានសួគ៌ទទួលចោរ ដែលបានជឿលើព្រះអង្គ
—សូមព្រះអង្គព្រះមេត្តាកុំបិទទ្វារស្ថានបរមសុខដល់អ្នកជឿ ដែលបានទទួលមរណភាពនោះឡើយ។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតា ! នៅក្នុងគម្រោងការនៃព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ ព្រះគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ បានក្លាយទៅជាតម្លៃនៃការសង្រ្គោះសម្រាប់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំចូលរួមជាមួយព្រះអង្គក្នុងទុក្ខលំបាក ដើម្បីឱ្យយើងខ្ញុំមានបទពិសោធន៍នៃការរស់ឡើងវិញរបស់ព្រះអង្គប្រកបដោយឫទ្ធានុភាព នៅក្នុងព្រះរាជ្យដែលព្រះអង្គគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។