២៣ មិថុនា ២០២៦

Written on 24/02/2026
Mary Siya Khim

កំណើតសន្តយ៉ូហានបាទីស្ត

(បុណ្យឱឡារិក)

(ពេលល្ងាចទី១)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)

ទំនុកតម្កើងលេខ ១១៣

បន្ទរទី១៖ នាងអេលីសាបិត ភរិយារបស់លោកសាការីបានផ្តល់កំណើតឱ្យបុរសដ៏អស្ចារ្យ គឺលោកយ៉ូហាន បាទីស្ត ដែលបានរៀបចំផ្លូវថ្វាយព្រះអម្ចាស់។

ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់ ! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ
ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ ! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអម្ចាស់ !

ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ !

តាំង​ពី​ពេល​ថ្ងៃ​រះ រហូត​ទល់​ថ្ងៃ​លិច
ចូរ​សរសើរ​តម្កើង​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ !

ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​ប្រជាជាតិ​ទាំងឡាយ
សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ខ្ពស់​ជាងផ្ទៃ​មេឃ​ទៅ​ទៀត។

តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើនឹង​ព្រះអម្ចាស់ជា​ព្រះ​របស់​យើង​បាន?
ព្រះ‌អង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត

ព្រះ‌អង្គ​ទត​មើល​មក​ផ្ទៃ​មេឃនិង​ផែន‌ដី ដែល​នៅ​ខាង​ក្រោម​ព្រះ‌អង្គ។

ព្រះ‌អង្គ​លើក​មនុស្ស​ទន់​ខ្សោយ​ឡើង​ពី​ធូលី​ដី
ព្រះ‌អង្គ​លើក​មនុស្ស​ទុរគត​ឡើង​ពី​ភក់​ជ្រាំ

ដើម្បី​ឱ្យ​គេ​កាន់​កាប់​អំណាចរួម​ជា​មួយ​ពួក​អ្នក​ធំ
គឺ​រួម​ជា​មួយ​ពួក​អ្នក​ធំ​នៅ​ក្នុង​ចំណោមប្រជារាស្ដ្រ​របស់​ព្រះអង្គ។

ព្រះអង្គ​ប្រទាន​ឱ្យ​ស្ត្រីអារ​មាន​កូន
ឱ្យ​នាង​រស់​នៅ​ក្នុង​ផ្ទះ​យ៉ាង​សប្បាយ ជា​មួយ​កូនៗ​របស់​នាង។
ហាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ នាងអេលីសាបិត ភរិយារបស់លោកសាការីបានផ្តល់កំណើតឱ្យបុរសដ៏អស្ចារ្យ គឺលោកយ៉ូហាន បាទីស្ត ដែលបានរៀបចំផ្លូវថ្វាយព្រះអម្ចាស់។

ទំនុកតម្កើងលេខ ១៤៦

បន្ទរទី២៖ លោកយ៉ូហានជាអ្នកនាំមុខព្រះអម្ចាស់ បានកើតពីស្រ្តីវ័យចំណាស់ម្នាក់ដែលជាគូគ្មានកូន។

(បទពាក្យ ៧)

១- ឱព្រះអម្ចាស់អើយខ្ញុំសូម តម្កើងទាំងព្រមដោយចិត្តស្មោះ  
  ឥតមានលាក់លៀមទុកកៀនកោះ បញ្ចេញដោយស្មោះអស់ពីចិត្ត
២- ខ្ញុំសូមសរសើរលើកតម្កើង ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត  
  ខ្ញុំស្មូតចម្រៀងមានបែបបទ ឱ្យបានចាំស្ទាត់ពេលនៅរស់
៣- កុំទុកចិត្តពួកមនុស្សលោក មានច្រើនគរគោកចិត្តមិនស្មោះ  
  កុំទុកចិត្តមេដឹកនាំនោះ ពុំអាចសង្គ្រោះបានឡើយណា
៤- ពេលដែលដង្ហើមគេត្រូវផុត ជីវិតរលត់អស់សង្ខារ  
  ក្លាយជាធូលីដីអសារ ទាំងគម្រោងការរលាយព្រម
៥- អ្នកដែលព្រះលោកយ៉ាកុបជួយ សង្គ្រោះផុតព្រួយហើយសង្ឃឹម  
  ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម រស់ដោយញញឹមគ្មានភិតភ័យ
៦- ព្រះអង្គបង្កើតទាំងផ្ទៃមេឃ ផែនដីល្អឯកធំពេកក្រៃ  
  សមុទ្រព្រមទាំងអស់អ្វីៗ សន្យាថ្លាថ្លៃទ្រង់មិនភ្លេច
៧- ព្រះអង្គរកយុត្តិធម៌ឱ្យ ដល់អ្នកទន់ខ្សោយមិនកែគេច  
  ចែកអាហារដល់អ្នកឃ្លានស្រេច ហើយទ្រង់សម្រេចលែងអ្នកទោស
៨- ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ ហើយលើកអស់អ្នកដែលនៅរស់  
  អស់ក្តីសង្ឃឹមគ្មានអ្វីសោះ ស្រឡាញ់អ្នកស្មោះត្រង់ល្អជា
៩- ព្រះម្ចាស់គាំទ្រជនបរទេស មេម៉ាយនិងអស់ក្មេងកំព្រា  
  តែទ្រង់ធ្វើឱ្យគម្រោងការ ជនខូចពាលាវិនាសបង់
១០- ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ អស់កល្បជានិច្ចតយូរលង់  
  ឱក្រុងស៊ីយ៉ូនដ៏រឿងរុង ព្រះអ្នកនឹងគ្រងរាជ្យតទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ៖ លោកយ៉ូហានជាអ្នកនាំមុខព្រះអម្ចាស់ បានកើតពីស្រ្តីវ័យចំណាស់ម្នាក់ដែលជាគូគ្មានកូន។

បទលើកតម្កើងតាមលិខិតអេភេសូ (១,៣-១០)

បន្ទរទី៣៖ បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ដ​ឡើយ។

សូម​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត
ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ព្រះ‌ពរ​គ្រប់​យ៉ាង
ផ្នែក​ខាង​វិញ្ញាណ​ពី​ស្ថាន​បរម‌សុខមក​យើង ក្នុង​អង្គ​ព្រះ‌គ្រីស្ត។

ព្រះ‌អង្គ​បាន​ជ្រើស‌រើស​យើង​ក្នុង​អង្គ​ព្រះ‌គ្រីស្ត
តាំង​ពី​មុន​កំណើត​ពិភព‌លោក​មក​ម៉្លេះ ដើម្បី​ឱ្យ​យើង​វិសុទ្ធ
និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ
ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង។

ព្រះ‌អង្គ​បាន​តម្រូវ​យើង​ទុក​ជា​មុន ឱ្យ​ធ្វើជា​បុត្រ​ធីតា​របស់​ព្រះ‌អង្គ
ដោយ‌សារ​ព្រះ‌យេស៊ូ‌គ្រីស្ត ស្រប​នឹង​បំណង​ដ៏​សប្បុរស​របស់​ព្រះ‌អង្គ

ដើម្បី​ឱ្យ​យើង​លើក​តម្កើង​សិរី‌រុង​រឿង​នៃ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស
ដែល​ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​មក​យើង
ក្នុង​អង្គ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង
ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប
តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើសលប់​របស់​ព្រះអង្គ។

ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត
គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាង‌វៃ​គ្រប់​យ៉ាង។

ព្រះអង្គ​បាន​ប្រោស​ឱ្យ​យើង​ស្គាល់​គម្រោងការ​ដ៏​លាក់កំបាំង
នៃព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ តាម​បំណង​ដ៏​សប្បុរស
ដែល​ព្រះ‌អង្គ​បាន​សម្រេច​ទុក​ជា​មុន​ដោយ​ព្រះ‌អង្គ​ផ្ទាល់។
១០
ព្រះអង្គ​ចាត់​ចែង​គម្រោងការ​នេះ​ឱ្យ​បាន​សម្រេច
នៅ​គ្រា​ចុង​ក្រោយបំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​ស្ថាន​បរមសុខ
និង​នៅ​លើ​ផែនដី ឱ្យ​រួម​គ្នា​នៅ​ក្នុង​អង្គ​ព្រះ‌គ្រីស្ត ជា​ម្ចាស់​តែ​មួយ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ បណ្ដា​មនុស្ស​ដែល​កើត​មក​ក្នុង​លោក​នេះ គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​លោក​យ៉ូហានបាទីស្ដ​ឡើយ។

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (កក ១៣,២៣-២៥)

ក្នុង​ព្រះរាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​នេះ​ហើយ ដែល​ព្រះជាម្ចាស់ប្រទានឱ្យ​ព្រះយេស៊ូកើត​មក និង​ធ្វើជា​ព្រះសង្គ្រោះ​របស់​ជន​ជាតិអ៊ីស្រាអែល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។ មុន​នឹង​ព្រះយេស៊ូយាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឱ្យ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ពេល​លោក​យ៉ូហាន​បំពេញ​មុខងារ​របស់​លោកចប់​សព្វ​គ្រប់​ហើយ លោក​មាន​ប្រសាសន៍​ថាៈ “ខ្ញុំ​នេះ​មិន​មែន​ជា​អ្នក ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​នោះ​ទេ។ ឥឡូវ​នេះ មាន​លោក​ម្នាក់​មក​តាម​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ណាស់ បើខ្ញុំស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង” ។

បន្ទរ៖ ចូររៀបចំផ្លូវថ្វាយព្រះអម្ចាស់ *ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ បន្ទរឡើងវិញ៖…
- “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុនខ្ញុំ” ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ លោកសាការីចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ហើយទេវទូតកាព្រីអែលបង្ហាញខ្លួននៅមុខលោក ឈរ​នៅ​ខាង​ស្ដាំ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប។

ពាក្យអង្វរសកល

ចូរយើងទូលអង្វរព្រះជាម្ចាស់ជាព្រះបិតា ដោយអំណរសប្បាយ ដ្បិតព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ដើម្បីប្រកាសពីការយាងមកនៃព្រះរាជ្យរបស់ព្រះគ្រីស្ត ៖

បន្ទរ៖ បពិត្រព្រះអម្ចាស់ ! សូមព្រះអង្គតម្រង់​ផ្លូវ​យើងខ្ញុំឆ្ពោះ​ទៅ​រក​សេចក្ដីសុខសាន្ត !

បពិត្រព្រះបិតា ! ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យចេញពីផ្ទៃម្តាយ ដើម្បីរៀបចំផ្លូវថ្វាយព្រះបុត្រាព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យដើរតាមផ្លូវដែលលោកយ៉ូហាន បាទីស្ត បានបើកនៅមុខព្រះអម្ចាស់យេស៊ូផង។ (បន្ទរ)

សូមឱ្យព្រះសហគមន៍យកតម្រាប់តាមលោកយ៉ូហាន បាទីស្ត ដែលមិនភ័យខ្លាចនឹងចង្អុលបង្ហាញថា ព្រះអង្គជាកូនចៀមរបស់ព្រះជាម្ចាស់
—ដូច្នេះ មនុស្សគ្រប់ជំនាន់នឹងទទួលស្គាល់ថា ព្រះអម្ចាស់យាងមករកពួកគេ។ (បន្ទរ)

លោកយ៉ូហាន បាទីស្ត មិនបានលើកតម្កើងខ្លួនលោក ប៉ុន្តែ លោកទទួលស្គាល់តួនាទីរបស់លោក ជាអ្នកនាំមុខព្រះគ្រីស្ត
—សូមព្រះអង្គបង្រៀនយើងខ្ញុំឱ្យចេះទទួលស្គាល់ថា ព្រះអង្គគឺជាអ្នកផ្តល់ឱ្យអ្វីៗទាំងអស់ នូវព្រះអំណោយទានដ៏ល្អៗ ដែលយើងខ្ញុំត្រូវតែប្រើប្រាស់ក្នុងការបម្រើព្រះអង្គ។ (បន្ទរ)

ព្រះអង្គបានត្រាស់ហៅលោកយ៉ូហាន បាទីស្ត ឱ្យធ្វើជាបន្ទាល់អំពីព្រះអង្គ ដោយជីវិតរបស់លោក និងទោះបីជាសេចក្តីស្លាប់របស់លោកក៏ដោយ
—សូមជួយយើងខ្ញុំឱ្យយកតម្រាប់តាមសក្ខីភាពឥតឈប់ឈររបស់លោក ដែលថ្លែងប្រាប់អំពីសេចក្តីពិត។ (បន្ទរ)

សូមព្រះអង្គនឹកចាំដល់អស់អ្នកដែលបានទទួលមរណភាពផុតទៅហើយ
—សូមប្រទានឱ្យពួកគេមានទីកន្លែងនៃពន្លឺ សេចក្តីសុខសាន្ត និងសុភមង្គលផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

បពិត្រព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ ! សូមឱ្យមហាគ្រួសាររបស់ព្រះអង្គដើរតាមមាគ៌ានៃការសង្រ្គោះ ឆ្ពោះទៅរកព្រះគ្រីស្ត ដោយយកចិត្តទុកដាក់ស្តាប់តាមការប្រៀនប្រដៅរបស់សន្តយ៉ូហាន ដែលជាអ្នករៀបចំផ្លូវថ្វាយព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។