១៤ មិថុនា ២០២៦

Written on 23/02/2026
Mary Siya Khim

រដូវធម្មតា សប្ដាហ៍ទី១១ ថ្ងៃអាទិត្យ

 (ពេលល្ងាច)

ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

ចម្រៀងចូល

ទំនុកតម្កើងលេខ ១១០,១-៥.៧

ព្រះមេស្ស៊ី ជាព្រះមហាក្សត្រ និងជាបូជាចារ្យ

ព្រះគ្រីស្តត្រូវតែគ្រងរាជ្យ ទម្រាំដល់ព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ (១ករ ១៥,២៥)។

បន្ទរទី១៖ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជា ជា​ព្រះអម្ចាស់របស់​ខ្ញុំថា៖ «សូម​គង់​នៅ​ខាង​ស្តាំ​យើង» អាលេលូយ៉ា! ។

ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះរាជា ជាអម្ចាស់របស់ខ្ញុំថា ៖
“សូមគង់នៅខាងស្តាំយើង ទម្រាំដល់យើងបង្រ្កាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!”។

សូមព្រះអង្គប្រោសប្រទានឱ្យព្រះរាជ្យរបស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!

នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលគាល់ព្រះករុណា នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។

ព្រះអម្ចាស់មានព្រះបន្ទូលសន្យា ដោយឥតប្រែប្រួលថា ៖
“ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ តាមរបៀបស្តេចមែលគីសេដែក”។

ព្រះអម្ចាស់គង់នៅខាងស្តាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ ព្រះអង្គកម្ទេចស្តេចនានា។

នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ រួចហើយ
ព្រះអង្គងើបព្រះភក្ត្រប្រកបដោយជោគជ័យ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូលមក​កាន់​ព្រះ‌រាជា ជា​ព្រះអម្ចាស់របស់​ខ្ញុំថា៖ «សូម​គង់​នៅ​ខាង​ស្តាំ​យើង» អាលេលូយ៉ា! ។

ទំនុកតម្កើងលេខ ១១១

ស្នា​ព្រះហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អម្ចាស់

ឱព្រះជាអម្ចាស់ដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់អើយ !
ស្នាព្រះហស្តរបស់ព្រះអង្គប្រសើរឧត្តម គួរឱ្យស្ញប់ស្ញែងពន់ពេកណាស់ (វវ ១៥,៣)។

បន្ទរទី២៖ ព្រះអម្ចាស់​ដែលប្រកប​ដោយ​ព្រះហឫទ័យអាណិតអាសូរ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យឱ្យយើងនឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏អស្ចារ្យរបស់​ព្រះ‌អង្គ អាលេលូយ៉ា! ។

(បទពាក្យ ៧)

១- ចូរលើកតម្កើងព្រះជាម្ចាស់ ប្រសើរពេកណាស់លើលោកា  
  ខ្ញុំថ្កើងព្រះអង្គហួសសិរសា ក្នុងហ្វូងមនុស្សម្នាដែលទៀងត្រង់
២- គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ ប្រសើរពេកណាស់ខ្ពស់ឧត្តុង  
  អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ ស្វះស្វែងយល់ផងកុំរារែក
៣- គ្រប់ស្នាព្រះហស្តបានបញ្ចោញ រស្មីចិញ្ចែងភ្លឺអនេក  
  សេចក្តីសុចរិតល្អពន់ពេក មិនប្រេះបាក់បែកនៅរហូត
៤- ព្រះអង្គទ្រង់សព្វព្រះហឫទ័យ ឱ្យយើងស្រមៃមិនរលត់  
  ដល់ការអស្ចារ្យខ្ពស់បំផុត ហឫទ័យអាណិតចិត្តអាសូរ
៥- ព្រះអង្គប្រទានទាំងអាហារ ដល់អ្នកវេទនាស្រែកទ្រហោ  
  អ្នកដែលកោតខ្លាចទ្រង់អាសូរ សម្ពន្ធមានយូរធ្លាប់មេត្រី
៦- ព្រះអង្គសម្តែងអានុភាព ឱ្យរាស្ត្រជ្រួតជ្រាបឥតសង្ស័យ  
  គឺព្រះអង្គបានឱ្យទឹកដី ប្រជាដទៃមកពួកគេ
៧- គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ សុទ្ធតែអំពើល្អឥតរេ  
  សុចរិតយុត្តិធម៌ឥតប្រួលប្រែ ដូច្នេះគួរតែជឿទាំងស្រុង
៨- បញ្ហាទាំងនោះឥតចន្លោះ មិនបាត់មួយសោះស្ថិតគង់វង្ស  
  សុចរិតល្អល្អះភ្លឺត្រចង់ ក្តីពិតទៀងត្រង់យ៉ាងប្រពៃ
៩- ព្រះអង្គរំដោះប្រជារាស្ត្រ ពួកគេទាំងអស់មានសិរី  
  ទ្រង់បានចងសម្ពន្ធមេត្រី នឹងរាស្ត្រប្រុសស្រីរហូតទៅ
  ព្រះនាមព្រះអង្គគង់ទីខ្ពស់ វិសុទ្ធឥតមោះឥតហ្មងសៅ  
  បារមីគួរស្ញែងខ្លាចពេកកូវ រាល់យប់ថ្ងៃត្រូវតែគោរព
១០- អ្នកណាដែលចង់មានប្រាជ្ញា គួរតែគិតថាមានប្រភព  
  ប្រាជ្ញានឹងកើតមានសព្វគ្រប់ បើអ្នកគោរពខ្លាចព្រះម្ចាស់
  អ្នកដែលធ្វើតាមប្រាជ្ញានេះ គេអាចត្រិះរិះបានល្អល្អះ  
  យើងសូមតម្កើងព្រះអម្ចាស់ ជាព្រះខ្ពង់ខ្ពស់រហូតទៅ
  សូមកោតសរសើរព្រះបិតា ព្រះបុត្រានិងព្រះវិញ្ញាណ  
  ដែលគង់ស្ថិតស្ថេរឥតសៅហ្មង យូរលង់កន្លងតរៀងទៅ

បន្ទរ ៖ ព្រះអម្ចាស់​ដែលប្រកប​ដោយ​ព្រះហឫទ័យអាណិតអាសូរ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យឱ្យយើងនឹក​ដល់​ស្នា​ព្រះ‌ហស្ដ​ដ៏អស្ចារ្យរបស់​ព្រះ‌អង្គ អាលេលូយ៉ា! ។

បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១៩,១-២.៥-៧)

វិវាហមង្គលការកូនចៀម

បន្ទរទី៣ ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គ​ជា​ព្រះមហាក្សត្រ។ អាលេលូយ៉ា!

អាលេលូយ៉ា!
សូមលើកតម្កើងព្រះជាម្ចាស់នៃយើង ព្រះអង្គសង្គ្រោះយើង
ព្រះអង្គប្រកបដោយសិរីរុងរឿង និងឫទ្ធានុភាព

ដ្បិតទ្រង់វិនិច្ឆ័យយ៉ាងត្រឹមត្រូវតាមយុត្តិធម៌ អាលេលូយ៉ា!
អាលេលូយ៉ា!

អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់
អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គ ទាំងតូចទាំងធំអើយ!
ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង! ។ អាលេលូយ៉ា!
អាលេលូយ៉ា!

ដ្បិតព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់
ទ្រង់បានតាំងព្រះរាជ្យរបស់ព្រះអង្គហើយ

យើងនាំគ្នាអរសប្បាយឡើង ត្រូវមានអំណររីករាយឱ្យខ្លាំង
ហើយនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអង្គ អាលេលូយ៉ា!
អាលេលូយ៉ា!
ដ្បិតដល់ពេលរៀបវិវាហមង្គលការកូនចៀមហើយ
ភរិយាថ្មោងថ្មីរបស់កូនចៀម ក៏បានរៀបចំខ្លួនរួចជាស្រេចហើយដែរ” ។
អាលេលូយ៉ា!

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ ៖ ព្រះជាអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាលើអ្វីៗទាំងអស់ ព្រះអង្គ​ជា​ព្រះមហាក្សត្រ។ អាលេលូយ៉ា!

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១សល ១,៣-៥)

សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឱ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រីស្តឱ្យមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលប់របស់ព្រះអង្គ ដូច្នេះ យើងមានសេចក្តីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌កដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឱ្យបងប្អូននៅស្ថានបរមសុខ ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូនដោយសារជំនឿ ដើម្បីឱ្យបងប្អូនទទួលការសង្គ្រោះដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលទ្រង់នឹងសម្តែងនៅគ្រា​ចុង​ក្រោយ​បំផុត។

បន្ទរ៖ លោក​ទាំង​មូល *ថ្លែង​ពី​សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់។ បន្ទរឡើងវិញ៖…
-សូមលើក​តម្កើង​ព្រះ‌អង្គ​អស់‌កល្ប​ជា​អង្វែង​តរៀង​ទៅ។ បន្ទរ៖ *...
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…

ទំនុកតម្កើងរបស់ព្រះនាងម៉ារី

បន្ទរ ៖ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។

ពាក្យអង្វរសកល

ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្កើតពិភពលោក ហើយការរំដោះបាបរបស់ព្រះអង្គ បានបង្កើតពិភពលោកឡើងវិញ ហើយការបង្កើតថ្មីនេះក៏នៅតែបន្ត ដោយសារសេចក្តីស្រឡាញ់របស់ព្រះអង្គ។ យើងខ្ញុំសូមទូលអង្វរព្រះអង្គ ដោយអំណរសប្បាយថា ៖

បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមឱ្យសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គបន្តនៅក្នុងយើងខ្ញុំផង។

យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានសម្តែងឬទ្ធានុភាពរបស់ព្រះអង្គនៅក្នុងធម្មជាតិ
—ហើយព្រះអង្គក៏បានសម្តែងព្រះឧបការគុណនៅក្នុងប្រវត្តិសាស្ត្រផងដែរ។ (បន្ទរ)

ព្រះបុត្រាព្រះអង្គបានប្រកាសពីការលើកលែងទោស និងជ័យជម្នះរបស់ឈើឆ្កាង
—សូមព្រះអង្គរំដោះយើងខ្ញុំពីភាពភ័យខ្លាច និងភាពអស់សង្ឃឹមផង។ (បន្ទរ)

សូមឱ្យអស់អ្នកដែលស្រេកឃ្លានសេចក្តីស្រឡាញ់ និងស្វែងរកសន្តិភាព
—ធ្វើការរួមគ្នាដោយគ្មានការបោកបញ្ជោត និងកសាងពិភពលោកមួយប្រកបដោយ​សេចក្តីសុខសាន្តដ៏ពិតប្រាកដផង។ (បន្ទរ)

សូមព្រះអង្គគង់នៅជាមួយអស់អ្នកដែលត្រូវគេសង្កត់សង្កិន សូមរំដោះអស់អ្នកដែលជាប់ជាឈ្លើយ ឱ្យមានសេរីភាពឡើងវិញ សូមលួងលោមអស់អ្នកដែលកំពុងកើតទុក្ខព្រួយ សូមចម្អែតអស់អ្នកដែលស្រេកឃ្លាន សូមប្រទានកម្លាំងដល់អស់អ្នកដែលទន់ខ្សោយ
—និងក្នុងមនុស្សទាំងអស់ដែលបង្ហាញពីជ័យជម្នះឈើឆ្កាងរបស់ព្រះអង្គផង។ (បន្ទរ)

បន្ទាប់ពីព្រះបុត្រាព្រះអង្គបានសោយទិវង្គត និងបានបញ្ចុះក្នុងផ្នូរ ព្រះបិតាបានប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញក្នុងសិរីរុងរឿង
—សូមព្រះអង្គប្រទានឱ្យអ្នកជឿលើព្រះអង្គដែលបានទទួលមរណភាពទៅហើយនោះ បានរួម​រស់ជាមួយព្រះបុត្រាព្រះអង្គផង។ (បន្ទរ)

ធម៌ “ឱព្រះបិតា”

ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ព្រះអង្គពិតជាកម្លាំងការពារដល់អស់អ្នកទន់ខ្សោយ ដែលផ្ញើជីវិតលើព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសឱ្យយើងខ្ញុំមានចិត្តក្លាហាន ប្រព្រឹត្តតែកិច្ចការណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។