បុណ្យព្រះកាយ និងព្រះលោហិតដ៏វិសុទ្ធបំផុតរបស់ព្រះគ្រីស្ត
(បុណ្យឱឡារិក)
(ពេលល្ងាចទី១)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល
ទំនុកតម្កើងលេខ ១១១
បន្ទរទី១៖ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គប្រទានអាហារឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច។
| ១ | ចូរសរសើរតម្កើងព្រះអម្ចាស់ ! ខ្ញុំនឹងលើកតម្កើងព្រះអម្ចាស់យ៉ាងអស់ពីចិត្ត នៅក្នុងអង្គប្រជុំរបស់មនុស្សទៀងត្រង់។ |
| ២ | ព្រះអម្ចាស់បានធ្វើការអស្ចារ្យយ៉ាងឧត្តុង្គឧត្ដម ហើយអស់អ្នកដែលពេញចិត្តនឹងស្នាព្រះហស្ដនេះ នាំគ្នាស្វែងយល់។ |
| ៣ | ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយរស្មីភ្លឺចិញ្ចែងចិញ្ចាច សេចក្ដីសុចរិតរបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ។ |
| ៤ | ព្រះអង្គសព្វព្រះហឫទ័យឱ្យយើងនឹកដល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអម្ចាស់តែងតែប្រណីសន្ដោស ហើយប្រកបដោយព្រះហឫទ័យអាណិតអាសូរ។ |
| ៥ | ព្រះអង្គប្រទានអាហារឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច។ |
| ៦ | ព្រះអង្គសម្ដែងឫទ្ធានុភាពឱ្យប្រជារាស្ដ្ររបស់ព្រះអង្គឃើញ តាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានាឱ្យពួកគេ។ |
| ៧ | ស្នាព្រះហស្ដដែលព្រះអង្គធ្វើសុទ្ធតែពិត និងប្រាកដប្រជា ព្រះបញ្ជារបស់ព្រះអង្គគួរឱ្យជឿទុកចិត្តទាំងស្រុង។ |
| ៨ | ព្រះបញ្ជាទាំងនោះនៅស្ថិតស្ថេររហូត ព្រោះព្រះអង្គមានព្រះបន្ទូល ដោយសេចក្ដីពិត និងត្រឹមត្រូវ។ |
| ៩ | ព្រះអង្គបានរំដោះប្រជារាស្ដ្ររបស់ព្រះអង្គឱ្យមានសេរីភាព ព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយប្រជារាស្ដ្ររបស់ព្រះអង្គរហូតតទៅ ព្រះនាមរបស់ព្រះអង្គជាព្រះនាមដ៏វិសុទ្ធគួរឱ្យកោតស្ញប់ស្ញែង។ |
| ១០ | ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះតែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងព្រះអង្គរហូតតទៅ!។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអម្ចាស់ប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គប្រទានអាហារឱ្យអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គតែងនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច។
ទំនុកតម្កើងលេខ ១៤៧,១២-២០
បន្ទរទី២៖ ព្រះអម្ចាស់នាំសន្តិភាពមកឱ្យព្រះសហគមន៍ ព្រះអង្គប្រទានឱ្យយើងមានស្រូវដ៏ល្អៗយ៉ាងបរិបូណ៌។
(បទព្រហ្មគីតិ)
| ១២- | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣- | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឱ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤- | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រុង | ស្រូវបម្រុងច្រើនមហិមា | ។ | |
| ១៥- | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៦- | ព្រះអង្គឱ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
| សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
| ១៧- | ព្រះអង្គធ្វើឱ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
| ឱ្យមានធាតុរងា | តើនរណាអាចទ្រាំបាន? | ។ | |
| ១៨- | ពេលទ្រង់មានបន្ទូល | ធ្វើឱ្យព្រឹលទាំងប៉ុន្មាន | |
| ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
| ធ្វើឱ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
| បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
| ១៩- | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
| ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
| ២០- | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
| ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ | |
| សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
| និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ ព្រះអម្ចាស់នាំសន្តិភាពមកឱ្យព្រះសហគមន៍ ព្រះអង្គប្រទានឱ្យយើងមានស្រូវដ៏ល្អៗយ៉ាងបរិបូណ៌។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ១១,១៧-១៨.១២,១០ខ-១២ក)
បន្ទរទី៣ ៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខមកឱ្យអ្នករាល់គ្នា» អាលេលូយ៉ា!
| ១៧ | «បពិត្រព្រះជាអម្ចាស់ជាព្រះដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅសព្វថ្ងៃនេះ ហើយក៏មានព្រះជន្មគង់នៅតាំងពីដើមរៀងមកដែរ ! យើងខ្ញុំសូមអរព្រះគុណព្រះអង្គ ព្រោះព្រះអង្គបានយកឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះអង្គ មកតាំងព្រះរាជ្យរបស់ព្រះអង្គឡើង។ |
| ១៨ | ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្ដែងព្រះពិរោធក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោសមនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ពួកព្យាការី ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។ |
| ១០ | «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រីស្ដរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភក្ត្រនៃព្រះរបស់យើង។ |
| ១១ | បងប្អូនយើងបានឈ្នះវា ដោយសារព្រះលោហិតរបស់កូនចៀម និងដោយសក្ខីភាពរបស់ពួកគេ ហើយបងប្អូនទាំងនោះបានស៊ូប្ដូរជីវិត ឥតស្ដាយសោះឡើយ។ |
| ១២ | ហេតុនេះ ស្ថានបរមសុខ និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា មិនមែនលោកម៉ូសេទេ ដែលបានផ្ដល់អាហារពីស្ថានបរមសុខមកនោះ គឺព្រះបិតារបស់ខ្ញុំទេតើ ដែលប្រទានអាហារដ៏ពិតប្រាកដពីស្ថានបរមសុខមកឱ្យអ្នករាល់គ្នា» អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១០,១៦-១៧)
ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រីស្ត រីឯពេលដែលយើងកាច់នំបុ័ង ក៏មានន័យថា យើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រីស្តដែរ។ មាននំបុ័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្តី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំបុ័ងតែមួយ។
បន្ទរ៖ ព្រះអង្គបានប្រទានអាហារពីស្ថានបរមសុខឱ្យពួកគេ *អាលេលូយ៉ា! អាលេលូយ៉ា!។ បន្ទរឡើងវិញ៖…
-មនុស្សបានបរិភោគអាហាររបស់ពួកទេវទូត។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលប្រកបដោយព្រះហឫទ័យសប្បុរស ព្រះអង្គមានព្រះហឫទ័យមេត្តាករុណាចំពោះបុត្រធីតាព្រះអង្គ ដោយប្រទានអាហារពីស្ថានបរមសុខឱ្យពួកគេ។ ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្ដេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។
ពាក្យអង្វរសកល
ព្រះគ្រីស្តអញ្ជើញមនុស្សទាំងអស់ឱ្យចូលរួមក្នុងពិធីជប់លៀង ដែលព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតព្រះអង្គ សម្រាប់ជីវិតមនុស្សលោក។ ចូរយើងទូលព្រះអង្គថា ៖
បន្ទរ៖ បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាអាហារចុះពីស្ថានបរមសុខ សូមប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ !
បពិត្រព្រះគ្រីស្ត ជាព្រះបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ ! ព្រះអង្គមានព្រះបញ្ជាថា អាហារអរព្រះគុណនេះ ត្រូវធ្វើដើម្បីនឹករលឹកដល់ព្រះអង្គ
—សូមព្រះអង្គពង្រឹងព្រះសហគមន៍ តាមរយៈការប្រារព្ធពិធីដ៏អាថ៌កំបាំងទាំងនេះ។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! ព្រះអង្គជាបូជាចារ្យអស់កល្បជានិច្ច នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានបញ្ជាឱ្យពួកបូជាចារ្យព្រះអង្គ ថ្វាយអគ្គសញ្ញាផ្សេងៗ
—សូមឱ្យអគ្គសញ្ញាទាំងនេះ ជួយពួកលោកធ្វើជាឧបករណ៍ក្នុងជីវិតប្រចាំថ្ងៃ អំពីអត្ថន័យនៃគ្រឿងសក្ការៈ ដែលពួកលោកបានប្រារព្ធផង។ (បន្ទរ)
ព្រះគ្រីស្តជាអាហារចុះពីស្ថានបរមសុខ ព្រះអង្គបានធ្វើរូបកាយមួយចេញពីមនុស្សទាំងអស់ ដែលទទួលទានអាហារតែមួយ
—សូមព្រះអង្គធ្វើឱ្យអ្នកជឿសង្ឃឹមលើព្រះអង្គ រីកស្រស់បំព្រងឡើងជាមួយនឹងសេចក្តីសុខសាន្ត និងសុខដុមរមនា។ (បន្ទរ)
បពិត្រព្រះគ្រីស្ត ! តាមរយៈអាហារនេះ ព្រះអង្គបានថ្វាយឱសថសម្រាប់ភាពអមតៈ និងពាក្យសន្យាអំពីការរស់ឡើងវិញនាពេលអនាគត
—សូមព្រះអង្គប្រោសឱ្យអ្នកជំងឺបានជាសះស្បើយ និងផ្តល់សេចក្តីសង្ឃឹមដល់អ្នកបាបផង។ (បន្ទរ)
ព្រះគ្រីស្តជាព្រះមហាក្សត្រនៃយើងដែលកំពុងតែយាងមក ! ព្រះអង្គមានព្រះបញ្ជាឱ្យយើងខ្ញុំប្រកាសពីព្រះអង្គសោយទិវង្គត និងត្រូវធ្វើរហូតដល់ព្រះអង្គយាងមកវិញ —សូមព្រះអង្គប្រោសឱ្យអស់អ្នកដែលបានស្លាប់ ដោយជឿសង្ឃឹមលើព្រះអង្គ បានរួមចំណែកក្នុងការរស់ឡើងវិញជាមួយព្រះអង្គផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះជាម្ចាស់ដ៏វិសុទ្ធ ! ព្រះអង្គប្រទានអគ្គសញ្ញានៃព្រះកាយព្រះគ្រីស្ត ទុកជាការនឹករឭកអំពីទុក្ខលំបាករបស់ព្រះបុត្រាព្រះអង្គ។ សូមព្រះអង្គមេត្តាប្រោសយើងខ្ញុំ ឱ្យយកចិត្តទុកដាក់គោរពអគ្គសញ្ញាដ៏ប្រសើរឧត្តមនេះ ព្រមទាំងទទួលស្គាល់ផលផ្លែនៃការសង្គ្រោះរបស់ព្រះអង្គក្នុងជីវិតយើងខ្ញុំ។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ និងជាអម្ចាស់យើងខ្ញុំ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។